សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសចូលឆ្នាំសកល២០១៩

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ ប៉ុង សុភាវី៖​


សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានបួងសួងដល់វត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក ជាអាទិ៍ទេវតារក្សាព្រះមហាស្វេតច្ឆត្រ ដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ពិសេសបំផុតដួងវិញ្ញាណក្ខន្ធព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈ សូមអភិបាលគ្រងរក្សា និងព្រះរាជទានព្រះពរជ័យថ្វាយ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលឆ្នាំសកល២០១៩ខាងមុខនេះ។
សារលិខិតថ្វាយព្រះពររបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបញ្ជាក់ថា ក្នុងនាមសម្ដេច និងសហការី នៃកាកបាទក្រហមកម្ពុជាទាំងអស់ សូមព្រះបរមរាជា អនុញ្ញាតលំឱនកាយថ្វាយព្រះរាជសព្វសាធុការពរ បវរសួស្ដី សេរីរាជមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការដល់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះប្រកបដោយព្រះរាជសុខភាពល្អបរិបូរ ព្រះពលានុណភាពខ្លាំងក្លា ព្រះបញ្ញាភ្លឺថ្លាឈ្លាសវៃ ព្រះទីឃាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ក្នុងព្រះបរមសិរីរាជសម្បត្តិ ត្រជាក់ត្រជំ សុខដុមរមនា ជាភិយ្យោភាព យូរអង្វែងជារៀងដរាបតទៅ។
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានបង្ហាញសេចក្ដីសោមនស្សរីករាយឥតឧបមា ដែលបានរស់នៅ និងបំពេញបេសកកម្មមនុស្សធម៌ក្រោមម្លប់ដ៏ត្រជាក់ និងដង្ហែតាមព្រះរាជគំរូវីរភាពដ៏ឆ្នើម ប្រកបដោយព្រះរាជាមហាករុណាទិគុណ និងព្រះព្រហ្មវិហារធម៌វិសេសវិសាល នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលបាននឹងកំពុងបន្តព្រះរាជបូជនីយកិច្ច បម្រើឧត្តមប្រយោជន៍ ជាតិ សាសនា និងប្រជានុរាស្ត្រគ្រប់កាលៈទេសៈ ដោយមិនគិតពីការនឿយហត់ព្រះកាយ ដើម្បីសេចក្ដីសុខសន្តិភាព ស្ថិរភាព សម្បូរសប្បាយ រុងរឿង នៃព្រះរាជាណាចក្រកម្ពុជា៕