គ.ជ.ប​ សម្រេចលុបឈ្មោះអ្នកបោះឆ្នោតក្នុងបញ្ជីសរុប៥៦.៩៤១នាក់ បន្ទាប់ពីធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះកាលខែតុលា​ ទៅលើអ្នកមរណភាព និងអ្នកត្រូវបានដកសិទ្ធិបោះឆ្នោតបណ្តោះអាសន្ន

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​៖

យោងតាមលទ្ធផលផ្លូវការចេញផ្សាយដោយគ.ជ.បនៅថ្ងៃទី២៧ ខែធ្នូនេះ បង្ហាញថា ប្រជាពលរដ្ឋកម្ពុជា ដែលត្រូវបានលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតមានចំនួន៥៦.៩៤១នាក់ ក្នុងនោះមានអ្នកស្លាប់ ចំនួន២៦.១៥៦នាក់ អ្នកត្រូវបានដកសិទ្ធិបោះឆ្នោតចំនួន៤០៣នាក់ និងក្រៅពីនេះ គឺអ្នកផ្លាស់ប្តូរទីលំនៅ និងអ្នកដែលមានឈ្មោះស្ទួន ខណៈក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០១៨នេះ ចំនួនប្រជាពលរដ្ឋកើនដល់៨.៥៤៤.៨៨៥នាក់ ស្មើនឹង៨៦.២៤ភាគរយ បន្ទាប់ពីមានប្រជាពលរដ្ឋទៅចុះឈ្មោះថ្មីចំនួន១៩៥.៣៨៥នាក់។

យ៉ាងណាក៏ដោយ លោក សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប បានបញ្ជាក់ថា ក្នុងចំណោមប្រជាពលរដ្ឋកម្ពុជាចំនួន៤០៣ ដែលត្រូវបាន គ.ជ.ប ដកសិទ្ធិបោះឆ្នោតនោះ គឺមិនមានឈ្មោះអតីតសមាជិកគណបក្សសង្គ្រោះជាតិទាំង១១៨នាក់ ដែលត្រូវបានតុលាការកំពូលសម្រេចហាមឃាត់ពីការធ្វើនយោបាយរយៈពេល៥ឆ្នាំនោះ ពោលគឺ រក្សានៅក្នុងបញ្ជីបោះឆ្នោតដដែល បើដរាបណាអ្នកទាំងនោះមិនទាន់ក្លាយជាអនីតិជន។

គ.ជ.ប បានធ្វើការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៨ កាលពីខែតុលា សម្រាប់អ្នកផ្លាស់ប្តូរលំនៅឋាន ការកែតម្រូវឈ្មោះឬទិន្នន័យ អ្នកបោះឆ្នោតអ្នកទើបគ្រប់អាយុ១៨ឆ្នាំ អ្នកមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមកការស្រង់ និងលុបឈ្មោះចំពោះអ្នកមរណភាព និងអ្នកត្រូវបានដកសិទ្ធិបោះឆ្នោតបណ្តោះអាសន្ន។