អ៊ីរ៉ង់បញ្ជាក់ពីកិច្ចចរចាជាមួយក្រុមតាលីបង់សម្រាប់សន្តិសុខអាហ្វហ្កានីស្ថាន

AKP ភ្នំពេញ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ — Press TV រាយការណ៍ថា ប្រទេសអ៊ីរ៉ង់បានបញ្ជាក់អះអាងពីថ្ងៃពុធនេះ ពីកិច្ចចរចារបស់ខ្លួនជាមួយក្រុមតាលីបង់ក្នុងប្រទេសអាហ្វហ្កានីស្ថាន ដើម្បីជួយធ្វើឱ្យធូរស្រាលអសន្តិសុខនៅក្នុងប្រទេសនេះ ។

លោក Ali Shamkhani លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិកំពូលរបស់ប្រទេសអ៊ីរ៉ង់បាននិយាយ ថា ការទាក់ទងគ្នានិងកិច្ចចរចាជាបន្តបន្ទាប់ជាមួយក្រុមតាលីបង់បានកើតឡើងដោយមានការយល់ដឹងរបស់រដ្ឋាភិបាលអាហ្វហ្កានីស្ថាន ។លោក Shamkhani បាននិយាយបន្ថែមថា « និន្នាការនេះ នឹងបន្តទៅទៀត » ។

លោកបានធ្វើការកត់សម្គាល់នេះក្នុងអំឡុងទស្សនកិច្ចមួយថ្ងៃនៅប្រទេសអាហ្វហ្កានីស្ថាន តាមការអញ្ជើញរបស់លោក Hamdullah Mohib ទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតីអាហ្វហ្កានីស្ថាន ។

មន្ត្រីអ៊ីរ៉ង់នេះបានលើកឡើងនូវតម្រូវការដើម្បីបង្កើតយន្តការដែលផ្អែកទៅលើការពិគ្រោះយោបល់គ្នាឱ្យបានខ្ជាប់ខ្ជួន ព្រមទាំងការចូលរួមយ៉ាងសកម្ម នៃបណ្តាប្រទេសថ្នាក់តំបន់ក្នុងដំណើរការសន្តិសុខដើម្បីធានានូវស្ថិរភាព ដែលមាននិរន្តរភាព ព្រមទាំងកំណើនសម្រាប់ប្រទេសថ្នាក់តំបន់ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )