កងទ័ពចម្រុះជាង៦ពាន់នាក់ ហាត់សមដើម្បីស្វាគមន៍ព្រឹត្តិការណ៍សម្ពោធវិមាន ឈ្នះ ឈ្នះ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​៖

កងទ័ពចម្រុះជាង៦ពាន់នាក់ ហាត់សមដើម្បីស្វាគមន៍ព្រឹត្តិការណ៍សម្ពោធវិមាន ឈ្នះ ឈ្នះ និងអបអរទិវាខួប២០ឆ្នាំ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជាទាំងស្រុង ដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចប្រារព្ធយ៉ាងអ៊ឹកអធិករយៈពេល៣ថ្ងៃ៣យប់នៅចុងខែនេះ។


ផែនកងទ័ពចម្រុះចំនួន៥៤ផែន ស្មើនឹងកម្លាំងសរុបជាង៦.៥០០នាក់ ដែលត្រៀមដាក់បង្ហាញ និងទទួលស្វាគមន៍ឥស្សរជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ក្នុងពិធីសម្ពោធវិមាន ឈ្នះ ឈ្នះ និងអបអរទិវាខួប២០ឆ្នាំ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជាទាំងស្រុង និងការអនុវត្តប្រកបដោយជោគជ័យនូវនយោបាយ ឈ្នះ ឈ្នះ ព្រមទាំងពិធីឆ្លងឆ្នាំសកល ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៩-៣១ ខែធ្នូខាងមុខនេះមានដូចជា៖ ផែននាយទាហានទ័ពជើងគោក ផែននាយទាហានទ័ពជើងទឹក ផែននាយទាហានទ័ពជើងអាកាស ផែននាយទាហានកងរាជអាវុធហត្ថ ផែនបញ្ជាការដ្ឋានអង្គរក្ស ផែនអន្តរាគមន៍ពិសេស ផែនកម្លាំងប្រឆាំងភេរវកម្ម ផែនទ័ពពិសេស ផែនទ័ពឆត្រយោង ផែនកាំភ្លើងធំ ផែនកាំភ្លើងប្រតិកម្ម ផែនកាំភ្លើងគាំទ្រ ផែនវិស្វកម្មដោះមីន ផែនវិស្វកម្មសំណង់ ផែនការពារអាកាស ផែនបញ្ជូនសារ ផែនព័ត៌មានវិទ្យា ផែនរថក្រោះ ផែនរថពាសដែក ផែនការពារគីមីសាស្រ្ត ផែនកម្លាំងរក្សាសន្តិភាព ផែនការពាព្រំដែន ផែនយោធាតំបន់ ផែនសង្គ្រោះ ផែនយុទ្ធជនទ័ពជើងគោក ផែនយុទ្ធជនទ័ពជើងទឹកផែនការពារកោះឆ្នេរ ផែនយុទ្ធជនទ័ពជើងអាកាស ផែនយោធិនជំនាញអាវុធហត្ថ ផែនយុទ្ធជនកងពលតូចលេខ១ ផែនអាវុធគាំទ្រកងពលតូចលេខ១ ផែនកងពលតូចលេខ៧0 ផែនយុទ្ធនារីអន្តរាគមន៍លេខ៧0 ផែនកងពលធំលេខ២ ផែនអាវុធគាំទ្រកងពលធំលេខ២ ផែននិស្សិតនាយទាហានជាន់ខ្ពស់ ផែននិស្សិតនាយទាហានទ័ពជើងគោក ផែននិស្សិតនាយទាហានទ័ពជើងទឹក ផែននិស្សិតនាយទាហានសកម្ម ផែននិស្សិតនាយទាហានកងរាជអាវុធហត្ថ ផែននិស្សិតនាយទាហានបច្ចេកទេស ផែននិស្សិតនាយទាហានសុខាភិបាល ផែនប្រតិបត្តិការអាវុធហត្ថ ផែនកងកិត្តិយសត្រែទ័ព និងផែននគរបាល។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពិធីហាត់សមផែនកងទ័ព នៅវិមានអនុស្សាវរីយ៍ ឈ្នះ ឈ្នះ ព្រឹកថ្ងៃទី២៦ ខែធ្នូនេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការអន្តរក្រសួងរៀបចំពិធីសម្ពោធវិមាន ឈ្នះ ឈ្នះ បានឲ្យដឹងថា ផែនកម្លាំង ចម្រុះទាំងនោះ គឺមានការរៀបចំជាផែនឈរ និងដើរជាក្បួន ក្នុងអំឡុងពេលទទួលគារវកិច្ចគណៈប្រតិភូជាតិ និងអន្តរជាតិ។
ឥស្សរជាន់ជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាតក្រហមកម្ពុជា ជាមួយគ្នានេះ ក៏មានភ្ញៀវអន្តរជាតិដូចជា អង្គទូត អង្គការអន្តរជាតិ គណៈប្រតិភូមកពីប្រទេសវៀតណាម ឡាវ ថៃ និងចិន ចូលរួមជាមួយមហាជនកម្ពុជាសរុបប្រមាណជាង៣ម៉ឺននាក់៕