អាជ្ញាធរស្រុកលោកគ្រូអ្នកគ្រូនៅសាលាអនុវិទ្យាល័យថាឡាបរិវ៉ាត់រួមនឹងព្រះសង្ឃ បានរួមគ្នាលើកកម្ពស់វិស័យអប់រំជនបទ

វិទ្យុជាតិកម្ពុជា អត្ថបទដោយ លោក អ៊ាន គឹមហឿន ប្រចាំខេត្ត ស្ទឹងត្រែង

ភ្នំពេញ៖ សិស្សអនុវិទ្យាល័យថាឡាបរិវ៉ាត់មួយចំនួនបានបោះបង់ការសិក្សា ហើយព្រះសង្ឃនៅ​វត្តថាឡាបរិវ៉ាត់​បានផ្តល់​កង់​​​​​​សម្រាប់​ជាមធ្យោបាយដើម្បីលើកទឹកចិត្តឱ្យកូនចៅប្រជាពលរដ្ឋ មករៀន វិញ នឹងបានជួយលើក​កម្ពស់​ដល់​វិស័យ​អប់រំ​នៅ​ជនបទ។

ក្នុងពិធីចែកកង់ដល់សិស្សអនុវិទ្យាល័យថាឡាបរិវ់ាត់កាលពី ថ្ងៃទី២៥ធ្នូឆ្នាំ២០១៨ព្រះតេជគុណពុទ្ធ យ៉ាំ ចៅអធិការ​វត្តថាឡាបរិវ៉ាត់មានសង្ឃដីកាថា៖កូនចៅប្រជាពលរដ្ឋក្រីក្រនៅទីជន​បទមិនបានទៅរៀន​សូត្របានពេញ​លេញនឹង​គេទេ ដោយសារតែខ្វះមធ្យោបាយធ្វើដំណើរ ហើយខ្លះទៀតត្រូវបោះបង់ចោលការសិក្សា ក៍មាន។ ព្រះតេជគុណសង្ឃដីកាបន្តថា៖ដោយមើលឃើញ បញ្ហានេះព្រះសង្ឃបាន ចែករំលែកធនធានដែលបាន​​មកពីពុទ្ធបរិស័យ​ទិញកង់ជិះ ចំនួន១៤កង់មកផ្តល់ជូនកូនចៅប្រជាពលរដ្ឋក្រីក្រទាំងនេះ​ដើម្បីឱ្យលទ្ធភាពបានមករៀន​សូត្រ ឡើងវិញ។
លោកស្រី សា វី តំណាងឲ្យមាតា បិតា សិស្បានបញ្ជាក់ថា៖ការគិតគូរបស់ព្រះសង្ឃពិតជាបានជួយវិស័យអប់រំឱ្យកាន់តែមានការរីកចំរើនដល់ទីជនបទ ហើយក្នុងនាមជាមាតា បិតានឹងជំរុញឲ្យកូនចៅខិតខំរៀនសូត្របន្តទៀត ។
លោក ផាត់ ភាព នាយក អនុវិទ្យល័យថាឡាបរិវ៉ាត់បានសាទរចំពោះការភ្ញាក់រលឹករបស់មាតា បិតា ព្រោះសិស្សខ្លះមូលដ្ឋានរស់នៅឆ្ងាយៗពីសាលារៀនហើយបច្ចុប្បន្នពួកគាត់បានឡើងពីសាលាបឋមកអនុវិទ្យាល័យទៀត។លោកថា៖នៅឆ្នាំសិក្សា២០១៨-២០១៩នេះ មានសិស្សចំនួនជិត២០នាក់បានបោះបង់ចោលការសិក្សាតែម្តងហើយខ្លះទៀតមករៀនមិនទាន់ចេះអានអក្សត្រឹមត្រូវក៍មាន។
លោក សន សារឿនអភិបាលស្រុកថាឡាបរិវ៉ាត់បានគាំទ្រចំពោះផែនការនេះព្រោះវាជាយន្ត
ការល្អធ្វើឱ្យយើងបានតាមដានការសិក្សាផងទាំងការប្រព្រឹត្តសកម្មភាពផ្សេងៗរបស់សិស្សផងព្រោះ
គ្រូបង្រៀនក៍ដូចជាអាជ្ញាធរតែងតែចង់ឱ្យកូនចៅប្រជាពលរដ្ឋមករៀនមានចំណេះដឹងល្អ។
សូមបញ្ជាក់ថា៖ អនុវិទ្យល័យថាឡាបរិវ៉ាត់នេះមានសិស្សចំនូន៣៧៦នាក់ភាគច្រើនជាកូនចៅកសិករប្រកបរកសិកម្មមានជីវភាពខ្សត់ខ្សោយនឹងនៅឆ្ងាយពីសាលាមិនសូវបានឱ្យកូនមករៀនបានទៀងទាត់ទេ៕