ឯកឧត្តម ជាវ តាយ ដឹកនាំកិច្ចប្រជុំស្ដីពីការរៀបចំតាំងពិព័រណ៍ បង្ហាញពីសមិទ្ធផលនៅក្នុងពិធីសម្ពោធវិមានឈ្នះឈ្នះ

AKP កំពត ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ — ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំពិភាក្សា ស្ដីពីការងារត្រៀមចូលរួមរៀបចំតាំងពិព័រណ៍បង្ហាញពីសមិទ្ធផលក្នុងពិធីសម្ពោធវិមានអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ និងការងារឆ្លងឆ្នាំសកល២០១៨ឈានចូលឆ្នាំ២០១៩។

 ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានមានប្រសាសន៍ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ថា កិច្ចប្រជុំពេលនេះគឺជាការងារសំខាន់ ដែលយើងជាថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាពនិងអាជ្ញាធរក្រុង ស្រុក ដែលជាសេធិការរដ្ឋបាលខេត្ត  ក្នុងគោលបំណងដើម្បី រួមគ្នាពិភាក្សាឆ្លងយោបល់ ទាំងការងាររៀបចំដាក់តាំងពិព័រណ៍បង្ហាញពី សមិទ្ធផលក្នុង ពិធីសម្ពោធវិមានអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះនិងការងារឆ្លងឆ្នាំសកល២០១៨ ឈានចូលឆ្នាំ២០១៩ សំដៅធ្វើឱ្យពិធីទាំងពីរខាងលើនេះមានភាពរលូននិងអធិកអធម។

ឯកឧត្តមអភិបាលខេត្តបានលើកបញ្ជាក់ទៀតថា ការដាក់តាំងសមិទ្ធផល ក្នុងពិធីសម្ពោធវិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះនេះ គឺផ្អែកទៅលើគោលការណ៍ ណែនាំរបស់ថ្នាក់ជាតិក្នុងគោលបំណងក្រៅពីការសម្ដែងនូវភាពកតញ្ញូ ការរម្លឹកគុណតម្លៃនៃ នយោបាយឈ្នះ ឈ្នះព្រមទាំងអ្នកដឹកនាំ គឺជាការរៀបចំឡើងដើម្បីបង្ហាញនូវ សមិទ្ធផលនានាដែលទទួលដោយសន្ដិភាពនិងការអភិវឌ្ឍ ក្នុងមាតុភូមិកម្ពុជារបស់យើង ជាពិសេសបំផុតការឆ្លុះបញ្ចាំងឱ្យឃើញនៃរយៈពេល២០ឆ្នាំក្រោយនយោបាយឈ្នះ ឈ្នះ បានបញ្ចប់សង្គ្រាមទាំងស្រុងនិងបានទទួលសន្ដិភាព ។ ក្នុងន័យនេះចង់បញ្ជាក់ថា សមិទ្ធផលនិងការអភិវឌ្ឍ ទាំងអស់ដែលកំពុងមានជាក់ ស្ដែងនេះ គឺជាតឹកតាង អំពីភាពសុខដុមរមណីយកម្មរបស់សង្គមកម្ពុជា ក្នុងដំណាក់កាល ដែលកម្ពុជាយើងឱ្យឈ្មោះថា សម័យកាលតេជោសែនមានការរីកចម្រើនលើគ្រប់វិស័យ។

ឯកឧត្តម ជាវ តាយ អភិបាលខេត្ត ក៏បានដាក់សំណូមពរផ្ដាំផ្ញើឱ្យគ្រប់ថ្នាក់ដឹកនាំខេត្ត និងមន្ទីរ អង្គភាពជុំវិញខេត្ត និងអាជ្ញាធរក្រុង ស្រុកត្រូវយកចិត្តទុកដាក់ពីបញ្ហារូបភាព ទាំង សកម្មភាពនិងសមិទ្ធផលនានារីកចម្រើនក្នុងខេត្តដោយផ្សាភ្ជាប់នយោបាយ សន្តិសុខ សេដ្ឋកិច្ចជាមួយជីវភាពរីកចម្រើនរបស់ប្រជាពលរដ្ឋ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីដឹកនាំប្រទេសជាតិ ពិសេសឆ្លុះបញ្ចាំងក្រោយ រយៈពេល២០ឆ្នាំនៃ នយោបាយឈ្នះ ឈ្នះ បានបញ្ចប់សង្គ្រាមទាំងស្រុងនៅកម្ពុជាយើង។

សូមបញ្ជាក់ថា វិមានឈ្នះ ឈ្នះ ដែលរាជរដ្ឋាភិបាលកម្ពុជាគ្រោងដាក់សម្ពោធ នៅថ្ងៃទី២៩ ខែធ្នូ ២០១៨ខាងមុខនេះ គឺជាការរម្លឹកដឹងគុណ និងចង់បង្ហាញនូវ គុណតម្លៃនៃ នយោបាយឈ្នះ ឈ្នះនិងបង្ហាញនូវសមិទ្ធផលទទួលដោយ សន្ដិភាពនិងការអភិវឌ្ឍ ក្នុងមាតុភូមិកម្ពុជារបស់យើង ជាពិសេសបំផុតក្នុងរយៈពេលតែ២០ឆ្នាំក្រោយនយោបាយឈ្នះ ឈ្នះ បានបញ្ចប់សង្គ្រាមទាំងស្រុងនិងបានទទួលសន្ដិភាព ហើយក៏ជាទីកន្លែងមួយ ដែលអាចធ្វើជាមជ្ឈមណ្ឌលស្រាវជ្រាវឈ្វេងយល់និងខិតខំបង្កើតនូវចក្ខុវិស័យក្នុងការបន្ដស្ថានភាពដែលមានបែបនេះតទៅអនាគត។

ក្នុងកិច្ចប្រជុំនេះដែរពាក់ព័ន្ធ ចំពោះការងារឆ្លងឆ្នាំសកលឈានចូលឆ្នាំ២០១៩ ខាងមុខនេះឯកឧត្តម ជាវ តាយ អភិបាលខេត្ត ក៏បានបញ្ជាក់ដែរថាទោះបីរដ្ឋបាល ខេត្តមិនមានគម្រោងអ្វីធំដុំខុសប្លែកពីឆ្នាំមុនៗ ប៉ុន្តែសូមឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាពជុំវិញខេត្ត ទាំងអស់ត្រូវត្រៀមលក្ខណៈចូលរួមឱ្យបានសស្រាក់សស្រាំ ដើម្បីធ្វើយ៉ាង ណាបង្កឱកាសការសប្បាយជូនប្រជាពលរដ្ឋក៏ដូចភ្ញៀវទេសចរជាតិ-អន្តរជាតិមកកម្សាន្ត សប្បាយប្រកបដោយសុខសុវត្ថិភាពនិងអធិកអធមផងដែរ៕

ដោយ ប្រាក់ លាង