ថវិកាជាតិឆ្នាំ២០១៩នៅរដ្ឋបាលថ្នាក់ក្រោមជាតិមានការកើនឡើងជិត ១២៧លានដុល្លារ

វិទ្យុជាតិកម្ពុជា៖ អត្ថបដោយលោកជួន បូណា

ភ្នំពេញ៖មន្រ្តីរាជរដ្ឋាភិបាល អះអាងថា ថវិកាជាតិនាឆ្នាំ២០១៩ ខាងមុខនេះ នៅរដ្ឋបាលថ្នាក់ក្រោម​ជាតិមាន​ការកើនឡើងប្រមាណជិត ១២៧លានដុល្លារ បើប្រៀបធៀបនឹងឆ្នាំ២០១៨ ដែលនឹងបង្កលក្ខណៈងាយស្រួលក្នុងការអនុវត្តគម្រោងអាទិភាពនានាដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។

ថ្លែងក្នុងសិក្ខាសាលាជាតិស្ដីពីការរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០១៩ របស់គណៈកម្មាធិការជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ នាព្រឹកថ្ងៃទី២៦ ខែធ្នូ នៅទីស្ដីការក្រសួងមហាផ្ទៃ ឯកឧត្ដមអូនព័ន្ធ មុន្នីរត្ន៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍ថា ផ្អែកតាមកម្មវិធីដែលបានគ្រោងទុក ដែលត្រូវបង្ហាញអំពីវឌ្ឍនភាព និងបញ្ហាប្រឈមនានា នៅក្នុងការអនុវត្ដនាឆ្នាំ២០១៨នេះ បានធ្វើឲ្យរាជរដ្ឋាភិបាល​សម្រេចបង្កើនកញ្ចប់ថវិកាក្នុងគម្រោងអាទិភាពនានា ដែលគ្រោងសម្រេចឲ្យបាននៅក្នុងឆ្នាំ២០១៩ខាងមុខនេះ។

ឯកឧត្ដមបន្តថា សកម្មភាពជាអាទិភាពទាំងនេះ ត្រូវបានគ្រោងឡើង ដោយជជែកពិភាក្សាគ្នាជាបឋម ជាមួយតំណាង​ស្ថាប័នអនុវត្ដ​ន៍​នានា ដោយផ្អែកសំខាន់ទៅលើកផែនការអនុវត្ដ ៣ឆ្នាំ ដំណាក់កាលទី៣ នៃកម្មវិធីជាតិរយៈពេល១០ឆ្នាំ ស្ដីពីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។

ជាមួយគ្នានេះដែរ សកម្មភាពទាំងនេះ ត្រូវបានរៀបចំឡើងដោយផ្អែកទៅលើគម្រោងថវិកាសរុប៥៩៤លានដុល្លារអាមេរិក ។ ផ្អែកតាមគម្រោងថវិកានេះបានធ្វើឲ្យថវិការដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ២០១៩ មានការកើនឡើងប្រមាណជិត១២៧លានដុល្លារអាមេរិក ដោយសារកំណើនសេដ្ឋកិច្ចជាតិ ការបង្កើនអត្រាចូលរួមរបស់ថវិការដ្ឋទៅក្នុងមូនិធិឃុំ សង្កាត់,មូលនិធិក្រុង ស្រុក និងបង្កើនឲ្យមាននូវប្រភពចំនូលផ្សេងៗទៀត សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ៕