អាជ្ញាធរខេត្តព្រះសីហនុ ត្រៀមរៀបចំព្រឹត្តិការណ៍បុណ្យឆ្លងឆ្នាំសកល ២០១៨-២០១៩ នៅឆ្នេរឯករាជ្យ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហោ​ សេងគ្រី​៖

ខេត្តព្រះសីហនុ៖​ អាជ្ញាធរខេត្តព្រះសីហនុ បានត្រៀមរៀបចំរួចហើយនូវព្រឹត្តិការណ៍បុណ្យឆ្លងឆ្នាំសកល ២០១៨-២០១៩ នៅឆ្នេរឯករាជ្យ រយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ។

ឯកឧត្តមយន្ត មីន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថាក្នុងពិធីបុណ្យឆ្លងឆ្នាំសកល ២០១៨-២០១៩ នឹងប្រព្រឹត្តទៅនៅឆ្នេរឯករាជ្យ ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដោយមានរៀបចំព្រឹត្តិការណ៍ជាច្រើន ដូចជា ការប្រគំតន្ត្រីរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៨។

រៀបចំភ្លើងបំភ្លឺពេលយប់ ត្រៀមបង្គន់អនាម័យចល័តចំនួន៤០ បន្ទប់សម្រាប់ផ្លាស់ប្តូរសម្លៀកបំពាក់ភ្ញៀវនិងការការពារសន្តិសុខសុវត្ថិភាពសម្រាប់ភ្ញៀវស្នាក់នៅប្រកបដោយផាសុកភាពថែមទៀត ។ ជាមួយគ្នានេះ បានរៀបចំស្តង់ពិព័រណ៍ចំនួន២៥០ស្តង់ ដើម្បីដាក់បង្ហាញនូវផលិតផលខ្មែរ ឲ្យប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកទស្សនាកម្សាន្តនៅខេត្តព្រះសីហនុ កាន់តែច្រើនឡើងបន្ថែមទៀត ។

ឯកឧត្តមអំពាវនាវឲ្យប្រជាពលរដ្ឋ និងអ្នកទេសចរអន្តរជាតិមកចូលរួមកំសាន្តសប្បាយក្នុងពិធីបុណ្យឆ្លងឆ្នាំនៅខេត្តព្រះសីហនុឲ្យបានច្រើន ព្រោះឆ្នាំនេះ រដ្ឋបាលខេត្តបានត្រៀមបន្ទប់ស្នាក់នៅនៃសណ្ឋាគារនិងផ្ទះសំណាក់ជិត ៩.០០០បន្ទប់ និងត្រៀមរៀបចំតង់ស្នាក់នៅចំនួន៣០០បន្ថែមទៀត នៅចុងឆ្នេរអូរឈើទាល (ឆ្នេរអារីស្តុន) ។តង់នីមួយៗមានតម្លៃ១៥ ដុល្លាសម្រាប់មនុស្ស២នាក់និង តង់តម្លៃ២០ដុល្លាអាមេរិក សម្រាប់មនុស្ស៤នាក់ ៕