ព្រះសង្ឍនៅស្រុកថាឡាបរិវ៉ាត់ សាងសង់រូបចម្លាក់បែបសិល្បៈបុរាណខ្មែរ នៅលើជញ្ជាំងឧបដ្ឋានសាលា

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក អ៊ាន គីមហឿនប្រចាំនៅខេត្តស្ទឹងត្រែង៖


ព្រះសង្ឃនឹងពុទ្ធបរិស័ទ នៅ វត្តថាឡាបរិវ៉ា់ត់ខេត្តស្ទឹងត្រែងគ្រោងស្ថាបនានូវក្បាច់ចម្លាក់បែបសិល្បៈខ្មែរ ភ្ជាប់នឹងជញ្ជាំងខាងក្នុងឧបដ្ឋានសាលា ដើម្បីបង្ហាញឱ្យកូនចៅជំនាន់ក្រោយ ស្គាល់ពី វប្បធ៌មអរិយធ៌មរបស់ខ្មែរ ចាប់ពីដើមកំណើតមក ក្នុងពេលដែលឧបដ្ឋានសាលានេះសាងសង់បានជាង ៧០%ហើយ ។

ព្រះតេជគុណពុធយ៉ាំ ចៅអធិការវត្តឧទ្ទិសារាម ហៅ(វត្តថាឡាបរិវ៉ាត់ ) មានសង្ឃដីកាថា៖ព្រះសង្ឃនិងពុទ្ធបរិស័ទបានឯកភាពគ្នាផ្តួចផ្តើមសាងសង់ក្បាច់ចម្លាក់បែបសិល្បៈភ្ជាប់តាមជញ្ជាំងក្នុងឧបដ្ឋានសាលា ជំនួសរូបពុទ្ធប្រវត្តិ ដើម្បីបង្ហាញឱ្យកូនចៅជំនាន់ក្រោយ មានការចងចាំពីទំរង់សិល្បៈនិមួយៗរបស់ខ្មែរយើងនឹងបានដឹងនៅគ្រប់មរកតរបស់មនុស្សសម័យដើមផង។ ព្រះអង្គចៅអធិការមានសង្ឃដីកាបន្ថែមថា៖យើងជា កូនខ្មែរត្រូវតែស្គាល់ នៅភាពរស់រវើក គ្រប់បែបបទ នៃសិល្បៈទាំងនេះដូចជា(ល្ខោនខោល.ចាប៉ីដងវែង-សិល្បៈអាយ៉ៃ- របាំងវាលខែល-របាំវាយគង-របាំជូនពរ-របាំកន្ត្រឺម-របាំគុណគ្រូ-របាំអប្សរា-នឹងរបាំក្ងោក-របាំទ្រុឌ)ជាដើម ។

លោក យឹមម៉ៃ ពុទ្ធបរិស័ទចំណុះជើង វត្តមកពីឃុំកាំងចាមស្រុកថាឡាបរិវ៉ាត់ បានបញ្ជាក់ថា៖ការរៀបចំឱ្យមានចម្លាក់បែបវប្បធ៌មនេះវាជាអត្តសញ្ញាណមួយបង្ហាញពីភាពប៉ិនប្រសព្វរបស់ខ្មែរយើងហើយឧបដ្ឋានសាលានេះក៍ ក្លាយទៅជាសម្បត្តិវប្បធម៌ ប្រចាំនៅក្នុងខេត្តស្ទឹងត្រែងក្នុងអាយុកាលដ៍យូរលង់ទៅទៀត។ លោកទទួលស្គាល់ ថា៖សមិទ្ធផលទាំងនេះពិតជាកើតឡើងពីកំលាំងសាមគ្គីជំរុញឲ្យវិស័យព្រះពុទ្ធសាសនាមានការីកចំរើន ហើយប្រជាពលរដ្ឋ ក៏បានជួបជុំគ្នា ធ្វើ បុណ្យទានបានស្រួលផង។

លោកមៀចអ៊ាងប្រធានមន្ទីរធម្មការនឹងសាសនាខេត្តមានប្រសាសន៍ថា៖បច្ចុប្បន្ននេះបងប្អូនពុទ្ធបរិស័ទតែងតែមានការជួយជ្រោមជ្រែងគ្រប់យ៉ាងដើម្បីឱ្យផ្នែកពុទ្ធចក្រ រីកចំរើនរុងរឿងដូចអាណាចក្រដែរ ព្រោះថាព្រះសម្មាសម្ពុទ្ធនៃយើងតាំងពីសម័យកាលរៀងមក តែងផ្តល់ឱវាទមនុស្សលោកអោយខិតខំរៀនសូត្រ នឹង ឱ្យកសាងតែអំពើល្អតែប៉ុណ្ណោះ។លោកថា៖ការផ្តួចផ្តើមកសាងក្បាច់ចម្លាក់ដាក់លើជញ្ជាំងឧបដ្ឋានសាលានេះក៍គ្មានអ្វីទាស់ខុសទៅនឹងសាសនាដែរគឺអាចទាក់ទាញពុទ្ធបរិស័ទជាពិសេសយុវជនជំនាន់ក្រោយឱ្យទៅធ្វើបុណ្យទានបានច្រើនផងដែរ។
សូមបញ្ជាក់ថា៖ឧបដ្ឋានសាលានេះមាន ទំហ៊ំ បណ្តោយ៧០ម៉ែត្រទទឹង២៧ម៉ែត្រ៥០ ស្ថិតនៅក្នុងភូមិឃុំថាឡាស្រុកថាឡាបរិវ៉ាត់ មានសរសរចំនួន១៣៦ ក្នុងនោះសរសរធ្វើពីឈើធំៗ ចំនួន៦២ដើម រួមមានដូចជាឈើ-គគី -កកោះ-ផ្ចឹក- អំបោរ- ឈើទាល- ត្រាច-សុគ្រំ -ខ្វាវ-ស្រម៉ – ខ្នុរព្រៃ- ផ្តៀក -ស្តៅ -និងដើម៥ដំឡឹងផងដែរ ៕