ផែនកងទ័ពត្រូវតែរៀបចំយ៉ាងត្រឹមត្រូវ សម្រាប់ពិធីសម្ពោធវិមាន ឈ្នះ ឈ្នះ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​៖

ក្រសួងការពារជាតិ អះអាងថា ផែនកងទ័ពត្រូវតែរៀបចំយ៉ាងត្រឹមត្រូវ សម្រាប់ព្រឹត្តិការណ៍សម្ពោធវិមាន ឈ្នះ ឈ្នះ និងអបអរទិវាខួប២០ឆ្នាំ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជាទាំងស្រុង ដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចប្រារព្ធយ៉ាងអ៊ឹកអធិកនៅចុងខែនេះ។
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការអន្តរក្រសួងរៀបចំពិធីសម្ពោធវិមាន ឈ្នះ ឈ្នះ បានឲ្យដឹងថា នឹងមានការរៀបចំជាផែនឈរ និងសម្តែងរបស់កងទ័ព ព្រមទាំងផែនមន្ត្រីរាជការតាមក្រសួងស្ថាប័ន និងមហាជនមានសិស្ស និស្សិត យុវជនកាយរីទ្ធ យុវជនកាកបាទក្រហមកម្ពុជា យ៉ាងត្រឹមត្រូវបំផុត។


ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពិធីហាត់សមផែនកងទ័ព នៅវិមានអនុស្សាវរីយ៍ ឈ្នះ ឈ្នះ ព្រឹកថ្ងៃទី២៦ ខែធ្នូនេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា រហូតមកដល់ពេលនេះ រាល់ការរៀបចំកម្លាំងផែនកងទ័ពចម្រុះ និងមហាជន ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធ និងសោភណភាពនៅបរិវេណវិមានអនុស្សាវរីយ៍ ឈ្នះ ឈ្នះ ត្រូវបានរៀបចំរួចជាស្រេចហើយ ដើម្បីស្វាគមន៍ឥស្សរជាន់ជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា និងគណៈប្រតិភូជាតិ និងអន្តរជាតិ ក្នុងពិធីសម្ពោធវិមាន ឈ្នះ ឈ្នះ និងអបអរទិវាខួប២០ឆ្នាំ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជាទាំងស្រុង និងការអនុវត្តប្រកបដោយជោគជ័យនូវនយោបាយ ឈ្នះ ឈ្នះ នាពេលខាងមុខនេះ។


មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ បានឲ្យដឹងថា ពិធីដ៏ធំលើកទី១នៅកម្ពុជានេះ នឹងមានវត្តមានឥស្សរជន និងភ្ញៀវអន្តរជាតិដូចជា អង្គទូត អង្គការអន្តរជាតិ គណៈប្រតិភូមកពីប្រទេសវៀតណាម ឡាវ ថៃ និងចិន ចូលរួមជាមួយមហាជនកម្ពុជាប្រមាណជាង៣ម៉ឺននាក់។
យោងតាមរបាយការណ៍របស់គណៈកម្មការអន្តរក្រសួងរៀបចំពិធីសម្ពោធវិមាន ឈ្នះ ឈ្នះ បានឲ្យដឹងថា ក្នុងពិធីនេះមានការរៀបចំជាផែនកងទ័ពចំនួន៥៤ផែន ស្មើនឹងកម្លាំងសរុប៦.៥០០នាក់ ព្រមទាំងផែនមន្ត្រីរាជការតាមក្រសួងស្ថាប័ន និងមហាជនមានសិស្ស និស្សិត យុវជនកាយរីទ្ធ យុវជនកាកបាតក្រហមកម្ពុជាសរុបជិត២ម៉ឺននាក់។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសាងសង់វិមាន ឈ្នះ ឈ្នះ នៅលើទំហំផ្ទៃដី៨ហិកតា ស្ថិតនៅក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដើម្បីរំឭកដល់គុណូបការៈ របស់បុព្វបុរសខ្មែរគ្រប់សម័យ កាលដែលបានលះបង់ជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិ ក៏ដូចជានិម្មិតរូប នៃសុខសន្តិភាពដែលកម្ពុជា ទទួលបានក្រោយពីបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ ជាច្រើនទសវត្សរ៍កន្លងមក ព្រមទាំងជាកេរមរតក សម្រាប់កូនចៅជំនាន់ក្រោយផងដែរ៕