ឯកឧត្តម​ ឃួង ស្រេង ស្នើឲ្យមន្ត្រីជំនាញ ត្រួតពិនិត្យដើមឈើដែលពុកផុយឬប្រហោងក្នុងត្រូវកាប់ចោល ចៀសវាងរលំបាក់សង្កត់លើប្រជាពលរដ្ឋ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ចន​ ណារិទ្ធ​ និង​ លោក​ អ៊ួង​ វុធ​៖

រាជធានីភ្នំពេញ៖ ឯកឧត្តម​ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឲ្យមន្ត្រីជំនាញមន្ទីរសាធារណការ និងដឹកជញ្ជូន និងមន្ទីរកសិកម្ម រាជធានីភ្នំពេញ សហការគ្នាចុះត្រួតពិនិត្យតាមដើមឈើ ជាពិសេសដើមចាស់ និងធំៗ ដែលមានលក្ខណៈ ពុកផុយឬប្រហោង ដែលយល់ឃើញថា វាអាចងាយរលំបាក់នោះ ត្រូវតែកាប់ចោលតែម្តង ចៀសវាងការរលំបាក់ពិសេសនៅពេលមានភ្លៀង និងខ្យល់ ដែលបង្កគ្រោះថ្នាក់ និងខាតបង់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ។

ឯកឧត្តម​ ឃួង ស្រេង ធ្វើការណែនាំបែបនេះ នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី២ នៅវិទ្យាស្ថានជាតិអប់រំ ស្ថិតក្នុងខណ្ឌដូនពេញ ព្រឹកថ្ងៃទី ២៥ធ្នូ ២០១៨ បន្ទាប់ពី ប្រជាពលរដ្ឋសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ បានសំណូមពរ អំពីស្ថានភាពដើមអំពិលមួយដើម ស្ថិតនៅផ្លូវ១៨៤ ដែលងាយរលំបាក់នៅពេលមានភ្លៀងខ្យល់ម្តងៗ ខណៈដើមឈើនេះត្រូវបានជីកដាក់លូបណ្តាលឲ្យដាច់ឬសមួយចំហៀង ដែលបង្កការភ័យខ្លាចរបស់ពួកគាត់ស្តើររាល់ថ្ងៃនោះ ។


លោក ស្រី ប្រាក់ វណ្ណា ជាប្រធានភូមិ១០ ដំណាងប្រជាពលរដ្ឋនៅសង្កាត់ជ័យជំនះ ខណ្ឌដូនពេញបានលើកឡើងថា សព្វថ្ងៃ ក្រុមគ្រួសារកាត់ ក៏ដូចប្រជាពលរដ្ឋ រស់នៅតាមដងផ្លូវ ក្នុងសង្កាត់ជ័យជំនះ មានការព្រួយបារម្ភ អំពីដើមអំពិលនៅផ្លូវ១៨៤ នៅពេលមានភ្លៀងខ្យល់ម្តងៗស្ទើររលំបាក់។ ដោយឡែកអ្នកសាងសង់លំនៅដ្ឋាន មានការបុកគ្រឹះមាន សភាពញ័ររង្គើរធ្វើឲ្យមានការភ័យខ្លាច។ ដូច្នេះបញ្ហានេះ សុំឲ្យអភិបាលដោះស្រាយជូនពួកគាត់ភ្លាមៗតែម្តង​ ។


លោក ស្រីបន្ត ប្រជាពលរដ្ឋនៅម្តុំនោះ បារម្ភដេកមិនលក់ បក់មិនល្ហើយទេ រាល់ថ្ងៃ ដោយសារខ្លាចដើមអំពិលដួលរលំលើ ព្រោះនៅជាប់មុខផ្ទះ។ ដូច្នេះ មានតែសុំសំណូមពរដល់អ្នកគ្រប់គ្រងទាំងអស់ មេតាជួយដោះស្រាយ ពិសេស លោក អភិបាលសាលារាជធានីភ្នំពេញ សុំជួយកាប់ដើមអំពិលជូនប្រជាពលរដ្ឋមាន ព្រោះបងប្អូនការភ័យខ្លាចខ្លាំងណាស់។
ឯកឧត្តម​​ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានទទួលយកនូវសំណើរ និងសំណូមពររបស់ប្រជាពលរដ្ឋ ដោយ ដោយលោក​ បានបញ្ជាឲ្យផ្នែកពាក់ព័ន្ធចុះទៅកាប់ចេញក្នុងពេលនេះតែម្តង​ ។
​ ឯកឧត្តម​​ បានបញ្ជាក់ថា ចៅសង្កាត់ អភិបាលខណ្ឌ និងមន្ទីរជំនាញពាក់ព័ន្ធ ត្រូវរួមចុះពិនិត្យមើល ដូចជាបង្គោលភ្លើង លូ ដើមឈើ និងបញ្ហាបុកគ្រឹះជាដើម ដែលជាសំណូមពរតូចតាចរបស់បងប្អូន អាចដោះស្រាយបាន ត្រូវដោះស្រាយទៅ មិនចាំបាច់ឲ្យពួកគាត់លើកនៅក្នុងវេទិកានេះទេ។
ឯកឧត្តម អភិបាលបញ្ជាក់ ឥឡូវដើមឈើ បងស្រីគេដែលបានស្នើសុំ ខ្ញុំបានឲ្យគេទៅកាប់ហើយ ដូច្នេះ សង្កាត់ ត្រូវធ្វើរឿងនេះ ព្រោះអ្នកសុំមេភូមិ មេចយន្តការនិងវាអត់ដើរជាមួយ និងសង្កាត់ ខណ្ឌ នេះមេភូមិយើងផង ចុះប្រជាជនយ៉ាងមេចទៅ អញ្ចឹងត្រូវធ្វើឲ្យលឿន ពិសេសម្តុំផ្សារកណ្តាល ផ្សារចាស់ ដើមអំពិលអាធំៗនៅក្បែរវាំងនេះប្រហោងទាំងអស់។
សូមបញ្ជាក់ថា៖ ខណ្ឌដូនពេញមាន១១ សង្កាត់ គឺ សង្កាត់ស្រះចក វត្តភ្នំ ផ្សារចាស់ ផ្សារកណ្តាល១ ផ្សារកណ្តាល២ ជ័យជំនះ ចតុមុខ ផ្សារថ្មី១ ផ្សារថ្មី២ ផ្សារថ្មី៣ និងសង្កាត់បឹងរាំង៕