ចំនួនមនុស្សស្លាប់ដោយសាររលកយក្សស៊ូណាមីនៅឥណ្ឌូណេស៊ីបានកើនដល់៤២៩នាក់

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (២៦.១២.១៨)

ឥណ្ឌូណេស៊ី៖ យោងតាមរបាយការណ៍របស់ភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ីបានឲ្យដឹងថាចំនួនអ្នកស្លាប់ដោយសាររលកយក្សស៊ូណាមីដែលបណ្តាលមកពីការផ្ទុះភ្នំភ្លើងនៅភាគខាងលិចនៃប្រទេសឥណ្ឌូណេស៊ីបានកើនឡើងរហូតដល់ ៤២៩ នាក់និងចំនួនអ្នករបួសសរុប កើនដល់ ១.៤៥៩ នាក់ហើយ។

អ្នកនាំពាក្យរបស់ភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ីបានរាយការណ៍ថារលកយក្សស៊ូណាមីដែលបណ្តាលមកពីការបាក់ដីក្រោមបាតសមុទ្របន្ទាប់ពីផ្ទុះភ្នំភ្លើងកាលពីរាត្រីថ្ងៃសៅរ៍បានបំផ្លាញផ្ទះអស់ ៨៨២ ខ្នង, សណ្ឋាគារចំនួន ៧៣ ខ្នងនិងអគារជាច្រើនទៀតនៅតាមបណ្ដោយឆ្នេរសមុទ្រហើយប្រជាពលរដ្ឋសរុបចំនួនជាង ១៦.០០០ នាក់ត្រូវបានជម្លៀស ចេញពីតំបន់រងគ្រោះ។

អ្នកនាំពាក្យបាននិយាយបន្តទៀតថាបេសកកម្មស្វែងរកនិងជួយសង្គ្រោះត្រូវបានធ្វើឡើងទាំងនៅតាមឆ្នេរនិងក្នុងសមុទ្រតាមបណ្តោយច្រកសមុទ្ររវាងកោះជ្វានិងកោះស៊ូម៉ាត្រាខណៈគេជឿថាជនរងគ្រោះជាច្រើនត្រូវបានបក់ដោយរលកចូលទៅក្នុងសមុទ្រ។