ខេត្តព្រះ សីហនុ ប្រកាសគណៈកម្មាធិការ​ និងផ្សព្វផ្សាយផែនការ សកម្មភាពជំរឿនទូទៅប្រជាជនឆ្នាំ២០១៩

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហោ​ សេងគ្រី​៖

មន្រ្តីបានប្រកាសថា ការជំរឿនប្រជាជនប្រចាំ ឆ្នាំ២០១៩ គឺសំដៅចងក្រងប្រមូលទិន្នន័យ ការវាយតម្លៃ ការវិភាគ និងការផ្សព្វផ្សាយប្រមូល ទិន្នន័យប្រជាជននៅតាមក្រុង ស្រុក ឃុំ សង្កាត់ ជំរឿនប្រជាជនទូទៅឆ្នាំ២០១៩នាពេលខាងមុខគឺធ្វើឡើងតាមរយៈការប្រើប្រាស់ថវិការជាតិប្រកប ដោយផ្លែផ្កា តាមកាលបរិច្ឆេតកំណត់ ។


ក្នុងពិធីប្រកាសគណៈកម្មាធិការជំរឿនទូទៅប្រជាជនខេត្តព្រះ សីហនុ និងផ្សព្វផ្សាយផែនការ សកម្មភាពជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១៩ នៅសាលាខេត្តព្រះសីហនុ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ លោកជំទាវ ហង្ស លីណា ប្រតិភូរាជរដ្ឋាភិបាលទទួល បន្ទុកអគ្គនាយកវិទ្យាស្ថានជាតិស្ថិតិ មានប្រសាសន៍ថា ជំរឿនប្រជាជននេះគឺពាក់ព័ន្ធដល់ការចុះ បញ្ជីមនុស្ស ការកត់ត្រាលក្ខណៈមនុស្សម្នាក់ៗ ក្នុងចំណោមមនុស្សទាំងអស់ ព្រមទាំងលក្ខណៈប្រជាសាស្ត្រសង្គម សេដ្ឋកិច្ច វប្បធម៌ នៃប្រជាជន និងស្ថានភាពលំនៅដ្ឋាន សម្ភារៈប្រើប្រាស់នៅក្នុងគ្រួសារនិមួយ ។


ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ការជំរឿនទូទៅនៅកម្ពុជា ឆ្នាំ២០១៩ គឺធ្វើរយ:ពេល ១០ឆ្នាំម្តង ហើយសម្រាប់ការធ្វើជំរឿនប្រជាជនទូទៅនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ ខាងមុខ ដោយកំណត់យកមូលដ្ឋានភូមិ ជាគោលដៅក្នុងការចុះអនុវត្តជំរឿន ដើម្បីស្រង់ស្ថិតិប្រជាពលរដ្ឋនៅក្នុងព្រះរាជាណាចក្រកម្ពុជា ពិសេសនៅខេត្តព្រះសីហនុ ដើម្បីសម្រេចកិច្ចការនេះ គណកម្មការនៅតាមក្រុង ស្រុក ឃុំ សង្កាត់ ត្រូវតែបំពេញការងារដោយស្មារតី ឆន្ទ:ប្រកបដោយ ក្រមសីលធម៌ ក្នុងការចុះជំរឿនទៅដល់ខ្នងផ្ទះប្រជាពលរដ្ឋ យុទ្ធនាការរយ: ពេល ១១ថ្ងៃ ដើម្បីប្រមូលទិន្នន័យមួយត្រឹមត្រូវ ជាក់លាក់ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ ។


ឯកឧត្តមបន្តថា មន្ទីរផែនការជាសេនាធិការឱ្យរដ្ឋបាលខេត្ត ក្នុងការធ្វើជំរឿនប្រជាជនឆ្នាំ២០១៩ សម្រេចតាមគោលដៅ និងផែនការ សកម្មភាព ពិសេសការផ្តល់ការងារបច្ចេកទេសដល់ក្រុមការងារចុះស្រង់ស្ថិតិ ជំរឿនប្រជាជនទូទៅ សម្រេចឱ្យបាននូវការធ្វើជំរឿនទូទាំងប្រទេស ពិសេសជំរឿននៅខេត្តព្រះ សីហនុ ក្នុងការប្រមូល វិភាគទិន្នន័យ សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ ដោយផ្តោតលើការវាយតម្លៃផែនការ គោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាព ៕