គណៈវិស្វករកម្ពុជាបង្កើតកម្មវិធីបំប៉នសមត្ថភាព វិជ្ជាជីវៈវិស្វកម្មតាមជំនាញឯកទេស

វិទ្យុជាតិកម្ពុជា៖ អត្ថបទដោយ ស្រីផល

ភ្នំពេញ៖  គណៈវិស្វករកម្ពុជាបង្កើតកម្មវិធីបំប៉នសមត្ថភាព វិជ្ជាជីវៈវិស្វកម្មតាមជំនាញឯកទេសដល់សមាជិកវិស្វករកម្ពុជា ដើម្បីពង្រឹងប្រសិទ្ធភាពនិងពិសោធន៍ការងារសាងសង់ថ្មីៗបន្ថែមទៀតនៅកម្ពុជា។

ក្រុមវិស្វករមកពីបណ្តា ក្រសួង មន្ទីរ ស្ថាប័ន ក្រុមហ៊ុនឯកជន ប្រមាណ ជា១០០នាក់ បានរួមគ្នាស្វែងយល់ពីបទពិសោធន៍សាងសង់សំណង់អគារ ផ្លូវថ្នល់ជាពីវាគ្មិនល្បីមកពីបរទេស ដើម្បីពង្រីកសមត្ថភាពបន្ថែមសម្រាប់ការអភិវឌ្ឍនៅកម្ពុជា

ឯកឧត្តម លឹម សុថាវ អគ្គលេខាធិការ គណៈវិស្វករកម្ពុជា ប្រសាសន៍ថា ការអភិវឌ្ឍន៍ សមត្ថភាពជំនាញជាកាតព្វកិច្ចចម្បងមួយទៀតដែលវិស្វករត្រូវបំពេញតាមនិយាមកំណត់ព្រោះបច្ចេកវិទ្យា មានការ វិវត្តរីកចម្រើនឥតឈប់ឈរ តម្រូវអោយស្ថាប័នគ្រប់គ្រងវិស្វករធ្វើផែនការបណ្តុះបណ្តាលបន្តរតាមរយៈ សិក្ខាសាលា វគ្គបំប៉នខ្លីៗ ឬវែងអោយបានសមស្របនិងទាន់សម័យ។ ឯកឧត្តមបញ្ជាក់ថា ការប្រព្រឹត្តទៅរបស់គណៈវិស្វករកម្ពុជា បានឆ្លុះបញ្ចាំង ពីគុណប្រយោជន៍សាធារណៈ សហគមន៍វិជ្ជាជីវៈ និងរូបវ័ន្តបុគ្គលជាវិស្វករផ្ទាល់។ ឯកឧត្តមបានបន្តទៀតថា គណៈវិស្វករកម្ពុជាមានគោលបំណងចម្បងពីរគឺ៖ ទី១ ធ្វើអោយ គុណភាពប្រតិបត្តិជំនាញរបស់វិស្វករជាតិមានស្តង់ដារប្រហាក់ប្រហែលនិងប្រទេសជិតខាង ទី២មានសីលធម៌វិជ្ជាជីវៈ ល្អដើម្បីទទួលឧិកាសការងារទូលំទូលាយ និងចុះសម្រុងក្នុងសង្គម។លក្ខណៈសម្បត្តិទាំងពីរនេះគឺជាសេចក្តីត្រូវការ ធនធានវិស្វករពិតប្រកដដើម្បីការអភិវឌ្ឍន៍ជាតិ និងការទុកចិត្តរបស់អតិថិជន។

គួរបញ្ជាក់ផងដែរថា គណៈវិស្វករកម្ពុជា ជាអាជ្ញាធរវិស្វកម្មជាតិតែមួយគត់ដែលបានទទួលភារកិច្ចពីរាជរដ្ឋាភិបាលក្នុងការប្រមូលផ្តុំវិស្វករគ្រប់មុខជំនាញវិជ្ជាជីវៈវិស្វកម្មនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដើម្បីអប់រំបណ្តុះ បណ្តាលបង្កើនសមត្ថភាពលើវិស្វករសម្រាប់ប្រកបវិជ្ជាជីវៈវិស្វកម្មអោយស្របច្បាប់ និងស្របតាមកម្មវិធីនយោបាយ៕