ប្រមុខការទូតច្រានចោលការលើកឡើងថា ចិនកសាងមូលដ្ឋានយោធានៅលើកទឹកដីកម្ពុជា

វិទ្យុជាតិកម្ពុជា ៖ អត្ថបទដោយលោក អាត ចន្ធូ

ភ្នំពេញ៖ ប្រមុខការទូតកម្ពុជា បានច្រានចោលចំពោះការលើកឡើងពីមជ្ឈដ្ឋានមួយចំនួនថា ប្រទេសចិនកំពុងកសាងមូលដ្ឋានយោធានៅលើកទឹកដីនៃប្រទេសកម្ពុជា ខណៈកន្លងមកប្រទេសទាំងពីរធ្លាប់បានធ្វើកិច្ចសហប្រតិបត្តិការសមយុទ្ធផ្នែកយោធា ដើម្បីពង្រឹងសម្ថភាពផ្នែកយោធា។

ឯកឧត្តម កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បាន ថ្លែងប្រាប់ក្រុមអ្នកអ្នកសារព័ត៌មាន ក្រោយជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តម វ៉ាង វិនធៀន (Wang wentian) ឯកអង្គរដ្ឋទូតចិន ដែលទើបតែងតាំងថ្មីប្រចាំកម្ពុជា ជាមួយឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ នាព្រឹកថ្ងៃទី២៥ ខែធ្នូនេះថា រដ្ឋធម្មនុញ្ញរបស់បានកំណត់ឲ្យកម្ពុជាមានសិទ្ធិទទួលជំនួយ និងធ្វើកិច្ចសហប្រតិបត្តិការយោធាជាមួយបណ្ដាប្រទេសជាមិត្ត ប៉ុន្តែមិនអនុញ្ញាតឲ្យមានមូលដ្ឋាយោធា ក៏ដូចជាការបញ្ជូនកងទ័ពទៅក្រៅប្រទេសនោះទេ លើកលែងតែក្នុងក្របខណ្ឌរក្សាសន្ដិភាពរបស់អង្គការសហប្រជាជាតិតែប៉ុណ្ណោះ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានសន្យាផ្តល់កិច្ចសហការ ដើម្បីធ្វើឲ្យការងារទូត និងទំនាក់ទំនងលើគ្រប់វិស័យ រវាងកម្ពុជា និងចិន ទទួលបានជោគជ័យខ្ពស់បន្ដទៅមុខទៀត។ ឯកឧត្តម បានថ្លែងអំណរគុណដល់មិត្តចិន ដែលតែងផ្ដល់ជំនួយដល់កម្ពុជា ដើម្បីជួយដល់ការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសលើវិស័យសេដ្ឋកិច្ច។
ឯកឧត្តម វ៉ាង វិនធៀន បានគាំទ្រសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបន្តដឹកនាំរាជរដ្ឋាភិបាល នីតិកាលទី៦នេះ និងសង្ឃឹមថា នៅក្នុងឱកាសបំពេញទស្សនកិច្ចរបស់សម្តេចតេជោទៅកាន់ប្រទេសចិន នៅថ្ងៃទី២១-២២ខែមករា ឆ្នាំ២០១៩ខាងមុខនេះ នឹងមានការចុះលើកិច្ចព្រមព្រៀងមួយចំនួនលើការវិនិយោគ និងពាណិជ្ជកម្ម ពិសេសការផ្តល់ជំនួយសម្រាប់អភិវឌ្ឍន៍នៅកម្ពុជាផងដែរ៕