ក្រសួងពាណិជ្ជកម្ម ប្តេជ្ញាខិតខំជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក

វិទ្យុជាតិ អត្ថបទៈ ដោយលោកស្រី ធីណា ឌីណេ
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានប្តេជ្ញាខិតខំជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក ដើម្បីកាត់បន្ថយការនាំចូលទំនិញពីបរទេស ខណៈជញ្ជីងពាណិជ្ជកម្មរវាងកម្ពុជា និងទីផ្សារនាំចេញនាំចូលមានភាពលម្អៀងខ្លាំង។
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ក្រសួងបានកំណត់គោលដៅ ជាមួយសូចនាករច្បាស់លាស់ និងបានសហការជាមួយនឹងស្ថាប័នពាក់ព័ន្ធ ក្នុងការបង្កើតយន្តការអចិន្ត្រៃយ៍ សម្រាប់ជួយអន្តរាគមន៍ការគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុកដល់ប្រជាពលរដ្ឋបន្ថែមទៀត ដើម្បីកាត់បន្ថយទំនិញនាំចូល។
ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបការងារពាណិជ្ជកម្ម ឆ្នាំ២០១៨ និងទិសដៅអនុវត្តន៍ការងារ ពាណិជ្ជកម្មឆ្នាំ២០១៩ កាលពីថ្ងៃទី២៤ ខែធ្នូ ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់ថា ទិសដៅអនុវត្តន៍ការងារពាណិជ្ជកម្មក្នុងឆ្នាំ២០១៩ខាងមុខនេះ ត្រូវមានភាពបត់បែន និងរស់រវើក ដើម្បីឲ្យស្របតាមសភាពការណ៍សេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក សំដៅរក្សាស្ថិរភាពថ្លៃនៅក្នុងរដូវប្រមូលផលកសិកម្ម និង ទំនិញ ដែលយុទ្ធសាស្ត្រទប់ស្កាត់ផលប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ ក៏ដូចជាធានាស្ថិរភាពថ្លៃ និងរក្សាតុល្យភាពនៃការផ្គត់ផ្គង់ និងតម្រូវការទំនិញនៅលើទីផ្សារ។
សំឡេង៖ដើម្បីបន្ថយអតុល្យភាពជញ្ជីងពាណិជ្ជកម្ម និងជំរុញការនាំចេញផលិតផលរបស់កម្ពុជា ទៅកាន់ទីផ្សារក្រៅប្រទេស ដែលក្នុងនោះយើងបានសិក្សាអំពីផលប្រយោជន៍ ដែលត្រូវបានរងឥទ្ធិពលអវិជ្ជមាន រំលោភសេដ្ឋកិច្ចកម្ពុជា ពីការបង្កើតតំបន់ពាណិជ្ជកម្មសេរី ក្រោមក្របខណ្ឌកិច្ចព្រមព្រៀងអាស៊ាន និងចាត់តាំងតំណាងពាណិជ្ជកម្មក្រៅប្រទេស និងសាខាសភាពាណិជ្ជកម្មនៅបរទេសជួយដើម្បីជំរុញការផ្សព្វផ្សាយ និងជំរុញការតាំងលក់នូវផលិតផលខ្មែរ នៅតាមមជ្ឈមណ្ឌលពាណិជ្ជកម្ម និងអគារលក់ទំនិញ ចងក្រងបញ្ជី អ្នកផ្គត់ផ្គង់និងអ្នកទិញក្នុងស្រុកនិងក្រៅស្រុក ដើម្បីផ្សព្វផ្សាយតាមគេហទំព័រ និងជំរុញការបញ្ជាទិញនិងទូទាត់តាមអនឡាញ បង្កើតកម្មវិធី និងនីតិវិធីសម្រាប់ចុះបញ្ជីអាជីវករតូច នៅតាមរាជធានីខេត្តឲ្យបានត្រឹមត្រូវ។
ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា នៅឆ្នាំ២០១៩ខាងមុខនេះ ក្នុងនាមកម្ពុជាជាសមាជិកអាស៊ាន នឹងទទួលបានការបើកជំហរទីផ្សារកាន់តែទូលាយថែមទៀត តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មគ្រប់ជ្រុងជ្រោយ ដែលកម្ពុជាអាចនឹងនាំចេញទៅកាន់ប្រទេស ដែលមានប្រជាជនជាងពាក់កណ្ដាលពិភពលោក។
របាយការណ៍របស់ក្រសូងពាណិជ្ជកម្ម បានឲ្យដឹងថា ឆ្នាំ២០១៨នេះ ការនាំចេញនាំចូលពាណិជ្ជកម្មរវាងកម្ពុជា និងទីផ្សារអន្តរជាតិមានតម្លៃសរុបជាង២៤ពាន់លានដុល្លារអាមេរិក កើនឡើងជាង១០ភាគរយ បើធៀបនឹងទឹកប្រាក់នាំចេញនាំចូលកាលពីឆ្នាំទៅ ក្នុងនោះតម្លៃ ទំនិញដែលកម្ពុជាចេញទៅទីផ្សារអន្តរជាតិ មានទឹកប្រាក់សរុបជាង១១ពាន់លានដុល្លារ ខណៈទំនិញនាំចូលមានទឹកប្រាក់រហូតដល់១៣ពាន់លានដុល្លារ។
ប៉ុន្តែទោះជាយ៉ាងនេះក្តី ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ទំនិញរបស់កម្ពុជាដែលបាននាំចេញទៅទីផ្សារបរទេសនេះ គឺមានទំហំប្រមាណជា៦០ភាគរយ នៃផលិតផលក្នុងស្រុកសរុប៕