រដ្ឋមន្រ្ដីក្រសួងការបរទេសកម្ពុជា អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម

AKP ភ្នំពេញ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ — ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិ​បត្តិការអន្តរជាតិ កាលពីព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ បានអនុញ្ញាតឱ្យឯកឧត្តម Wang wentian ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ចូលជួបសម្តែង​ការគួរសម នៅទីស្ដីការក្រសួងការបរទេស។

 ឯកឧត្តម កេត សុផាន់ អ្នកនាំពាក្យក្រសួងការបរទេស បានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅ​ក្រោយជំនួបនេះថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា​ អំពីការអញ្ជើញ​បំពេញទស្សន កិច្ចរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដូចជាការបំពេញទស្សនកិច្ចរបស់​ឯកឧត្តម លី ឃឺឈាង នាយករដ្ឋមន្ត្រីចិន មកកម្ពុជា ការយាងរបស់ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ចំនួនពីរដងទៅប្រទេសចិន និងការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចូលរួមការតាំងពិព័រណ៍​ចិន-អាស៊ានជាដើម។ ឯកឧត្តមបានបញ្ជាក់ថា តាមរយៈការយាង និងអញ្ជើញរវាងថ្នាក់ដឹកនាំ​ប្រទេស​ទាំងពីរនេះ គឺបង្ហាញពីការយកចិត្ត​ទុកដាក់​ខ្ពស់លើការពង្រឹងចំណងមិត្តភាពកម្ពុជា និងចិន។


ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីដំណើរបំពេញទស្សនកិច្ចជាផ្លូវ​ការរបស់​សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសចិននៅអំឡុង ខែមករា ឆ្នាំ២០១៩​ខាងមុខ។ ទន្ទឹមនេះ ទាំងភាគីកម្ពុជា និងចិន កំពុងមមាញឹកក្នុងការរៀបចំការងារផ្សេងៗ ធ្វើយ៉ាងណា ឱ្យដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ទៅកាន់ប្រទេសចិនទទួលបាន​ជោគ ជ័យខ្ពស់។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអរគុណដល់រដ្ឋាភិបាល និងប្រជាជនចិន ដែល បានផ្តល់ ជំនួយមកដល់ប្រទេសកម្ពុជា ដែលតាមរយៈនេះបានជួយពង្រឹងនូវឯករាជ្យភាព នៅក្នុង នយោបាយរបស់កម្ពុជា។
ឯកឧត្តម Wang Wentian បានលើកឡើងថា ទំនាក់ទំនងកម្ពុជា-ចិន ជាទំនាក់ទំនង​ដ៏ជ្រាលជ្រៅ និងជាទំនាក់ទំនងជាបងប្អូន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងបន្តអនុវត្តន៍​នូវអ្វីដែលថ្នាក់ដឹកនាំប្រទេសទាំងពីរបានធ្វើកន្លងមក។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានចាត់ទុក​ថា ឯករាជ្យភាព អធិបតេយ្យភាព ជារឿងសំខាន់ ហើយមិនអាចយកឯករាជ្យភាព និងអធិបតេយ្យភាពទៅដូរនឹងជំនួយនោះទេ ក្នុងស្មារតីនេះហើយ ដែលឯកឧត្តមសូមឯកភាព ទាំងស្រុង។ ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានរម្លឹកផងដែរថា ទំនាក់ទំនងប្រទេសកម្ពុជា-ចិន បានក្លាយជាទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយក៏បានអរគុណកម្ពុជា គាំទ្រ ចិនឱ្យទទួលបានអាសនៈនៅអង្គការសហប្រជាជាតិនាទសវត្សរ៍ឆ្នាំ៥០កន្លងមក និង អរគុណ កម្ពុជាគាំទ្រនយោបាយចិនតែមួយ៕

ដោយ ខឹម សុវណ្ណារ៉ា