កម្ពុជាស្នើឲ្យចិនជួយទិញផលិតផលកសិកម្មរបស់កសិករបន្ថែមទៀត

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជួន បូណា​៖


​ មន្រ្ដីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាបានស្នើឲ្យចិនជួយទិញផលិតផលកសិកម្មបន្ថែមទៀត ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។
ក្នុងឱកាសទទួលជួបពិភាក្សាការងារនិងសម្ដែងការគួរសមជាមួយឯកឧត្តម wang wentain ឯកអគ្គរដ្ឋទូតចិនថ្មីដែលទើបតែងតាំងប្រចាំប្រទេសកកម្ពុជា កាលពីរសៀលថ្ងៃទី ២៤ ខែធ្នូឆ្នា២០១៨ នៅទីស្ដីការគណៈរដ្ឋមន្រ្ដី ឯកឧត្តមឧបនាយករដ្ឋមន្រ្ដី ហោ ណាំហុង បានមានប្រសាសន៍ថ្លែងអំណរគុណដល់រដ្ឋាភិបាលចិនដែលទិញអង្ករកម្ពុជា ៣០ម៉ឺនតោនក្នុងឆ្នាំ២០១៨ និងបានចុះអនុស្សារណៈទិញផ្លែចេកកម្ពុជាក្នុងពេលកន្លងមក។ជាពិសេស អ្នកទេសចរណ៍ចិនមកទស្សនាកម្ពុជាមានជិត២លាននាក់ក្នុងឆ្នាំ២០១៨នេះ នឹងកើនឡើងជាង២លាននាក់ក្នុងឆ្នាំ២០២០ខាងមុខ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្ដី បានស្នើឲ្យមិត្ដចិនជួយទិញម្រេច ស្វាយ និងផលិតផលកសិកម្មមួយចំនួនបន្ថែមទៀតពីកម្ពុជា។
ជាការឆ្លើយតប ឯកឧត្តម wang wentain បានសន្យានឹងយកសំណើរបស់កម្ពុជា ទៅជម្រាបជូនដល់ថ្នាក់ដឹកនាំរបស់ខ្លួន ដើម្បីពិចារណាធ្វើយ៉ាងណាជួយទិញម្រេច ស្វាយ និងផលិតផលកសិកម្មកម្ពុជាបន្ថែមទៀត។
ក្នុងនោះ ឯកឧត្តមបានកោតសរសើរចំពោះការរីកចំរើនរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន។
ឯកឧត្តមបានគាំទ្រការប្រកាសរបស់សម្ដេចអំពីការបញ្ចុះតម្លៃអគ្គីសនីនៅកម្ពុជាក្នុងឆ្នាំ២០១៩ខាងមុខនេះ ដើម្បីជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោណាំ ហុងបានថ្លែងអំណរគុណដល់រដ្ឋាភិបាលចិន ដែលបានផ្ដល់ជំនួយឥណទាន និងការវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់មកកម្ពុជា ហើយព្រមទាំងគាំទ្រឯករាជ្យភាព និងអធិបតេយ្យភាពរបស់កម្ពុជាផងដែរ៕