ពួកអាហ្វហ្កានីស្ថានបង្ហាញនូវប្រតិកម្មចម្រុះចំពោះការ សម្រេចកាត់បន្ថយកងទ័ពអាម៉េរិកនៅអាហ្វហ្កានីស្ថាន

AKP ភ្នំពេញ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ — ការសម្រេចកាលពីពេលថ្មីៗនេះ របស់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ (​Donald Trunp ​)  ដើម្បីកាត់បន្ថយកងទ័ពពាក់កណ្តាលក្នុងប្រទេសអាហ្វហ្កានីស្ថាន បានបង្កឱ្យមានប្រតិកម្មចម្រុះនៅក្នុងប្រទេសដែលញាំញីដោយសកម្មប្រយុទ្ធនេះ ។

តាមសេចក្តីរាយការណ៍ប្រព័ន្ធផ្សព្វផ្សាយឱ្យដឹងថា លោក ត្រាំ បានបញ្ជាឱ្យដកកងកម្លាំងប្រហែល ៧០០០នាក់ពីក្នុងចំណោមកងកម្លាំងដែលមានទាហាន ១៤.០០០នាក់ ដែលបោះទីតាំងនៅក្នុងប្រទេស អាហ្វហ្កានីស្ថាន នៅពេលដែលមានសកម្មប្រយុទ្ធកាន់តែកើនឡើងនោះ ។

ការសម្រេចនេះ បានប្រកាសក្នុងខណៈមានកិច្ចចរចារយៈពេល២ថ្ងៃ រវាងបេសកជនពិសេសអាម៉េរិក សម្រាប់សន្តិភាពក្នុងប្រទេសអាហ្វហ្កានីស្ថាន លោក Zalmay Khalilzad  នឹងពួកអ្នកតំណាង តាលីបង់នៅក្នុងប្រទេសអារ៉ាប់រួមអេមីរ៉េត ដែលនៅទីនោះ គណៈប្រតិភូតាលីបង់បានបដិសេធមិនជួបក្រុមចរចារបស់ រដ្ឋាភិបាលអាហ្វហ្កានីស្ថាន ។

ដោយនិយាយសម្រាលនូវឥទ្ធិពលនៃការដកដែលអាចមាននោះ អ្នកនាំពាក្យប្រធានាធិបតី  អាហ្វហ្កានីស្ថានលោក Haroon Chakhansuri បាននិយាយថា ការដកងទ័ពនេះ នឹងមិនប៉ះពាល់ដល់ស្ថានការការណ៍សន្តិសុខទេ ។

លោក Chakhansuri  បាននិយាយនៅក្នុងសារប្រព័ន្ធផ្សព្វផ្សាយសង្គមមួយថា ការដកចេញពីអាហ្វហ្កានីស្ថាន នឹងមិនប៉ះពាល់ដល់សន្តិសុខទេ ពីព្រោះនៅក្នុងពេល៤ឆ្នាំកន្លះ កន្លងទៅនេះកងកម្លាំង អាហ្វហ្កានីស្ថានបានធ្វើការត្រួតត្រាទាំងស្រុង ។

កងកម្លាំងសន្តិសុខអាហ្វហ្កានីស្ថាន បានទទួលយកការទទួលខុសត្រូវសន្តិសុខរបស់ប្រទេសខ្លួននៅចុងឆ្នាំ ២០១៤ បន្ទាប់ពីកងកម្លាំងចម្រុះ ដឹកនាំដោយអាម៉េរិកជាង ១០០.០០០ នាក់បានដកចេញពី អាហ្វហ្កានីស្ថាន ។

អ្នកស្រុកកាប៊ុល លោក​ Nurullah   បានពណ៌នាការដកកងកម្លាំងអាម៉េរិកដែលអាចមានថា ជាជំហានដែលគួរឱ្យយកចិត្តទុកដាក់មួយ ។ លោកបានប្រាប់ទីភ្នាក់ងារព័ត៌មានចិនស៊ីហួថា ពួកគេបានមកវាយប្រហារអំពើភេរវកម្ម , ពួកគេបានបណ្តេញរបបតាលីបង់រយៈពេល ១៧ ឆ្នាំ មកហើយ ហើយឥឡូវកំពុងចាកចេញដោយមិនបានឈ្នះសង្គ្រាមលើអំពើភេរវកម្មទេ ។ នេះ គឺជាបរាជ័យយ៉ាងច្បាស់មួយរបស់អាម៉េរិកនៅក្នុងប្រទេសអាហ្វហ្កានីស្ថាន  ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )