ចិនផ្តល់ជំនួយទៅឱ្យប្រទេសឥណ្ឌូណេស៊ី ដែលវាយប្រហារដោយស៊ូណាមី , អ្នកស្លាប់ឡើងដល់ ៣៧៣នាក់

AKP ភ្នំពេញ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ — អ្នកនាំពាក្យក្រសួងការបរទេសចិនមួយរូបបាននិយាយពីថ្ងៃចន្ទថា ប្រទេសចិននឹងផ្តល់ជំនួយទៅឱ្យប្រទេសឥណ្ឌូណេស៊ី បន្ទាប់ពីរលកយក្សស៊ូណាមីដែលធ្វើឱ្យស្លាប់នោះ ។

ទីភ្នាក់ងារគ្រោះមហន្តរាយជាតិរបស់ប្រទេសនេះ បាននិយាយកាលពីថ្ងៃចន្ទថា រលកយក្សស៊ូណាមី ដ៏បំផ្លិចបំផ្លាញ ដែលបានបង្កឡើងដោយការផ្ទុះភ្នំភ្លើងមួយនៅក្នុងប្រទេសឥណ្ឌូណេស៊ីនោះ បានស្លាប់មនុស្ស ៣៧៣នាក់ នឹង ធ្វើឱ្យរបួស ១.៤៥៩នាក់ ទៀតនៅតាមបណ្តោយតំបន់ឆ្នេរមុទ្រនៃច្រកសមុទ្រSunda នៅចន្លោះកោះហ្សាវ៉ា និងកោះស៊ូម៉ាត្រា ។

អ្នកនាំពាក្យ លោកស្រី ហួ ជុន យីង ( Hua Chunying ​) បាននិយាយ នៅឯសន្និសីទកាសែតមួយថា ភាគីចិននឹងផ្តល់ជំនួយទៅតាម សមត្ថភាពរបស់ខ្លួន តាមរយៈសង្គមកាកបាទក្រហម ចិន និងបណ្តាញដទៃទៀត ។ដោយកត់សម្គាល់ថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ( Xi Jinping ) បានផ្ញើសារចូលរួមមរណទុក្ខមួយទៅឱ្យសមភាគីឥណ្ឌូណេស៊ីរបស់លោក គឺលោក ហ្សូកូ វីដូដូ ( Joko Widodo ) នោះលោកស្រីហួ បាននិយាយថា ប្រទេសចិនមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីគ្រោះមហន្តរាយដែលបានធ្វើឱ្យមានការបាត់ បង់អាយុជីវិតនិងទ្រព្យសម្បត្តិដ៏ច្រើននេះ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )