គណៈកម្មាធិការជាតិអាស៊ានឆ្នាំ ២០២០ របស់វៀតណាមចាប់ផ្តើមដំណើរការ

AKP ភ្នំពេញ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ — កាលពីថ្ងៃទី ២៤ ខែធ្នូ គណៈកម្មាធិការជាតិអាស៊ានឆ្នាំ ២០២០ របស់វៀតណាម ដែលមានភារកិច្ចក្នុងការរៀបចំឱ្យវៀតណាមអនុវត្តតួនាទីជាប្រធានអាស៊ាននៅឆ្នាំ ២០២០ បានចាប់ផ្តើមដំណើរការនៅទីក្រុងហាណូយ។

ថ្លែងសុន្ទរកថា ក្នុងពិធីបើកដំណើរការគណៈកម្មាធិការជាតិអាស៊ាន ២០២០ នាយករដ្ឋមន្ត្រី វៀតណាម លោក Nguyen Xuan Phuc បាននិយាយថា បន្ទាប់ពីការបង្កើត និងអភិវឌ្ឍន៍ជាង ៥០ឆ្នាំមក អាស៊ានបានទទួលជោគជ័យក្នុងការបង្កើនតួនាទី និងកិត្យានុភាពរបស់ខ្លួននៅក្នុងតំបន់ និងពិភពលោក។

សហគមន៍អាស៊ានដែលបានបង្កើតឡើងនៅឆ្នាំ ២០១៥ បានក្លាយទៅជា «ផ្ទះសុវត្ថិភាព» សម្រាប់អ្នករស់នៅក្នុងតំបន់ ដែលពួកគេអាចរស់នៅក្នុងសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងកិច្ចអភិវឌ្ឍន៍។

លោកបាននិយាយថា កិច្ចអភិវឌ្ឍន៍រយៈពេល ២០ឆ្នាំរបស់អាស៊ានត្រូវបានបោះពុម្ពផ្សាយជាមួយនឹងគុណសម្បត្តិ និងការចូលរួមចំណែករបស់វៀតណាម ដោយលោកសង្កត់ធ្ងន់ថា ការសន្មត់ជាប្រធាន អាស៊ានឆ្នាំ ២០២០ គឺជាការទទួលខុសត្រូវ និងជាឱកាសរបស់ប្រទេសវៀតណាមក្នុងការលើកកម្ពស់តួនាទី និងតំណែងរបស់ខ្លួននៅក្នុងតំបន់ និងអន្តរជាតិ ។

នាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមជានិច្ចកាលតែងតែកំណត់អាស៊ានជាអាទិភាពកំពូលក្នុងគោលនយោបាយកិច្ចការបរទេសពហុភាគីរបស់ខ្លួន។ លោកបាននិយាយថា ប្រទេសវៀតណាមមានបំណងដើម្បីរួមចំណែកអនុវត្តជាក់ស្តែងបន្ថែមទៀតដល់ការកសាង និងកិច្ចអភិវឌ្ឍន៍សហគមន៍អាស៊ានដែលដើរ តួនាទីកណ្តាលនៅក្នុងតំបន់។

លោក Phuc បានសង្កត់ធ្ងន់ថា ប្រទេសវៀតណាមមានឆន្ទៈប្រឹងប្រែងឱ្យអស់ពីលទ្ធភាពក្នុងការធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ ២០២០៕

(ប្រភព VNAបកប្រែដោយលោក យា ចិន្តាខន្តី)