ព្រឹទ្ធសភាបញ្ជាក់ថា គណបក្សសង្គ្រោះជាតិមិនអាចរស់ឡើងវិញទេ ទោះ​បី​ វិសោធន​កម្មច្បាប់​ស្ពីពីបក្សនយោយបាយក៏ដោយ

វិទ្យុជាតិកម្ពុជា៖ អត្ថបទដោយលោក ចេម ហួត

ភ្នំពេញ៖ សមាជិកអចិន្ត្រៃយ៍ព្រឹទ្ធសភាបញ្ជាក់ថា អតីតគណបក្សសង្គ្រោះជាតិ​​គ្មានផ្លូវ​រស់​ឡើ​ងវិញ​​នោះឡើយ  បើទោះបីមានការធ្វើវិសោធនកម្មច្បាប់ស្តីពីបក្សនយោបាយក៏ដោយ ខណៈច្បាប់​នេះផ្តល់សិទ្ធិធ្វើនយោបាយឡើងវិញជាលក្ខណៈបុគ្គលតែប៉ុណ្ណោះ។

ប្រាប់អ្នកសាព័ត៌មានក្រោយពីបញ្ចប់សម័យប្រជុំលើកទី២ ព្រឹទ្ធសភា នីតិកាល​​ទី៤ ដឹកនាំដោយសម្តេចវិបុលសេនាភក្តីសាយ ឈុំប្រធានព្រឹទ្ធសភា នាថ្ងៃ​ទី២៥ ខែធ្នូនេះ ឯកឧត្តម ម៉ម ប៊ុន នាង សមាជិកអចិន្ត្រៃយ៍ និង​ជាអ្នកនាំពាក្យ​ព្រឹទ្ធសភា បានមាន​ប្រសាសន៍​ថា ច្បាប់នេះមិន​​អនុញ្ញាតិ​ឲ្យមានការបង្កើត​​គណ​បក្សសង្គ្រោះ​ជាតិ​ឡើងវិញ នោះទេគ្រាន់តែបានផ្តល់សិទ្ធិបើកផ្លូវឲ្យអ្នកនយោបាយដែលធ្លាប់នៅក្រោមបក្សនោះ អាច មានសិទ្ធិធ្វើសកម្មភាព​នយោ​​បាយ ស្រប​តាម​​​គោល​ការណ៍នីតិរដ្ឋ។

ការពន្យល់នេះ ធ្វើឡើង បន្ទាប់ពីអង្គព្រឹទ្ធស​​ភាបាន​អនុម័ត​​​​គាំទ្រទាំងស្រុងលើ សេចក្តីស្នើច្បាប់ស្តីពីកាធ្វើវិសោធនកម្មមា​​ត្រា​៤៥ថ្មី​(ស្ទូន)នៃច្បាប់ស្តី​ពីគណបក្ស​នយោ បាយ​​​ដោយមានសម្លេងគាំទ្រ៥៧​​លើ៥៧​​សម្លេង​។

 

ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប តំណាងក្រុមតំណាងរាស្រ្តហត្ថលេខីដែលជាអ្នក​​ការពារ​សេចក្តីស្នើធ្វើវិសោធនកម្មច្បាប់នេះ​បានមានប្រសាសន៍ថា ការធ្វើវិសោធនកម្មមា​​​​ត្រា៤៥ថ្មី​(ស្ទូន)នៃច្បាប់ស្តី​ពីគណបក្ស​នយោបាយ​​ដើម្បីលើកកម្ពស់ស្មារ​តី​​បង្រួ​បបង្រួមជាតិ ក៏ដូចជា ការពង្រឹងលទ្ធិប្រជាធិបតេយ្យ​សេរីពហុបក្សនៅព្រះរាជា​ណាកច្រកម្ពុជា។

 

សូមបញ្ជាក់ថា សេចក្តីស្នើច្បាប់នេះ តាក់តែងឡើងមាន ២មាត្រា  ត្រូវបានរដ្ឋសភា  នៃ​​ព្រះរាជាណា-ចក្រកម្ពុជា អនុម័តយល់ព្រមលើកដំបូងចំនួន ១១៥សំឡេង នៃចំនួន​សមា​​ជិករដ្ឋសភា ទាំងមូល នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ នាសម័យប្រជុំ​​រដ្ឋសភា​លើកទី១ នីតិ​​កាលទី៦៕