អគ្គនាយកប្រៃសណីយ៍កម្ពុជាប្រកាសផ្តល់សេវាប្រៃសណីយ៍កាន់តែមានលក្ខណៈទំនើបជូនប្រជាពលរដ្ឋ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ែន​ សុវុទ្ធី៖


អគ្គនាយកប្រៃសណីយកម្ពុជាប្រកាសពង្រឹងការផ្តល់សេវាប្រៃសណីយ៍អោយកាន់តែ មានលក្ខណៈទំនើបជូនប្រជាពលរដ្ឋតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីជំរុញឲ្យអាជីវកម្មរបស់ រដ្ឋមួយនេះនៅតែរក្សាភាពឈានមុខគេនិងស្វែងរកចំណូលចូលជាតិឲ្យបានកាត់តែច្រើន។


អគ្គនាយកប្រៃសណីយ៍កម្ពុជាបានអះអាងថា ប្រៃសណីយ៍កម្ពុជាបានបំពាក់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យាក្នុងការគ្រប់គ្រងអាជីវកម្ម 3D Postal Service ដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យកាន់តែរហ័សទាន់ចិត្ត។


មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានក្នុងពិធីសម្ពោធសាខាប្រៃសណីយ៍ថ្មី ស្ថិតក្នុងផ្សារទំនើបអ៊ីអនសែនសុខ ឯកឧត្តម អោក បូរ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកប្រៃសណីយ៍កម្ពុជា នៃក្រសួង ប្រៃសណីយ និងទូរគមនាគមន៍បានឲ្យដឹងថា ការ កែទម្រង់ពីការធ្វើអាជីវកម្មប្រពៃណីមកជាការធ្វើអាជីវកម្មបែបបច្ចេកវិទ្យានេះ គឺដើម្បីប្រកួត ប្រជែងជាមួយវិស័យឯកជន ពិសេសការផ្តល់សេវាអោយកាន់តែល្អរហ័សទាន់ចិត្តនិងការផ្តល់ ភាពកក់ក្តៅជូនដល់ប្រជាពលរដ្ឋ។

ឯកឧត្តមបានបន្ថែមថា សេវាប្រៃណីយដែលបានកែលម្អគឺ
តាមរយៈការផ្តល់សេវាកម្មលក់ទំនិញតាមអនឡាញទំាងនៅក្នុងស្រុកនិងសហការជាមួយ បណ្តាប្រទេសនានានៅលើពិភពលោក ការទូទាត់សាច់ប្រាក់និងផ្ញើរប្រាក់ដែលមានភាពរហ័សទាន់ចិត្តត្រឹម១នាទី ការផ្ញើរបញ្ញើដែលមានលក្ខណៈទំនើបដែលអាចអោយអតិថិជន តាមដានពីដំណើរការទំនិញរបស់ខ្លួនតាមប្រព័ន្ធអនឡាយដោយពុំចាំបាច់រត់មកសួរប្រៃសណីយទៀតឡើយ។
លោកម៉ម ឧស្សាហ៍ ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញបានមានប្រសាសន៍ថា ការកំណែទម្រងវិស័យប្រៃសណីយ៍ដែលមានលក្ខណៈទំនើបកម្មនេះគឺបានផ្តល់ភាពងាយស្រួលដល់ ប្រជាពលរដ្ឋក្នុងការមកទទួលសេវារបស់រដ្ឋដើម្បីជួយបង្កើនចំណូលថវិកាជាតិ។ លោកបានបន្ថែមថា ការពង្រីកសាខាប្រៃសណីយថ្មីនៅក្នុងផ្សារទំនើបអ៊ីអនសែនសុខនេះ គឺជាយុទ្ធសាស្រ្តថ្មីមួយទៀតដើម្បីធ្វើឲ្យសេវានៅកៀកជាមួយប្រជាពលរដ្ឋ ប្រកបដោយគុណភាពខ្ពស់ស្របតាមស្តង់ដារអន្តរជាតិហើយចំណេញពេលវេលាបានច្រើន។
អគ្គនាយកប្រៃសណីយ៍កម្ពុជាបានអះអាងថា តាមរយះការកែទម្រងប្រៃសណីយ៍កម្ពុជាជាបន្ត បន្ទាប់ បានធ្វើឲ្យប្រៃសណីយ៍កម្ពុជារកបានចំណូលបានពី២លានដុល្លានៅឆ្នាំ២០១២ កើន ដល់ជាង១២លានដុល្លានៅចុងឆ្នាំ២០១៨នេះ។ចំណូលរបស់វិស័យប្រៃសណីយ៍បានមកពីការបែងចែកបញ្ញើជាតិ អន្តរជាតិ សេវាបញ្ញើរEMS សេវាបញ្ញើប្រៃសណីយ៍ភណ្ឌ សេវាបញ្ញើលិខិតនិងកញ្ចប់ធម្មតា លក់តែម រថយន្តដឹកអ្នកដំណើនិងបញ្ញើប្រៃសណីយ៍ និងសេវាផ្សេងៗទៀត៕