ពិធីបុណ្យចម្រើនព្រះជន្មាយុ សង្ឃទាន ជូនមហាឧបាសិកា ប៊ុន ស៊ាងលី ក្នុងជន្មាយុគម្រប់៩៤ឈានចូល៩៥ឆ្នាំ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហោ​ សេងគ្រី​ និង​លោក​ ចន​ ណារិទ្ធ​៖

នៅព្រឹក ថ្ងៃទី២៤ធ្នូ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំងឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាកូន ចៅ ចៅទួតទាំងអស់ របស់មហាឧបា សិកា ប៊ុន ស៊ាងលី បានមូលមតិគ្នាជាឯកច្ឆ័ន្ទនិមន្ត សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះសង្ឃនាយករង សម្តេចព្រះរាជាគណះចំនួន៧អង្គ សូត្រមន្តបុណ្យចម្រើនព្រះជន្មាយុ និងសង្ឃទាន ជូនមហាឧបាសិកា ប៊ុន ស៊ាងលី ក្នុងជន្មាយុគម្រប់៩៤ឈានចូល៩៥ឆ្នាំ។


នៅក្នុងពិធីតាមបែបសាសនានោះ សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញបូជាទៀនធូផ្កាភ្ញីទឹកអប់ប្រេងម្សៅ ថ្វាយព្រះពុទ្ធរូប និងប្រារព្វធ្វើបទនមសិកាព្រះរតនត្រ័យ ជាកិច្ចរំលឹកដល់គុណព្រះរតនត្រ័យ តាមប្រពៃណីព្រះពុទ្ធសាសនាដ៏រុងរឿងនៃយើង ពិសេសរំលឹកដល់គុណបុណ្យនៃព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូ ដែលព្រះអង្គបានត្រាស់ដឹងនូវអនុត្តរៈសម្មាសម្ពោធិញាណ និងព្រះធម្មវិន័យដ៏វិសេសវិសាលបន្សល់ទុកឲ្យមនុស្សជំនាន់ក្រោយ ដែលជាពុទ្ធសាសនិកជនគោរពប្រតិបត្តិជារៀងដរាប រហូតមកដល់បច្ចុប្បន្ន។


នៅក្នុងពិធីបុណ្យតាមបែបសាសនានោះដែរ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង សម្តេចព្រះរាជាគណះទាំងប្រាំពីរអង្គ បាននិមន្តស្រោចសុគន្ធវារីជូនមហាឧបាសិកា ប៊ុន ស៊ាងលី ដើម្បីជាកិច្ចនៃការជំរះនូវបាបកម្មទាំងឡាយ និងនាំមកនូវសិរីសួស្តីជ័យមង្គលវិបុលសុខគ្រប់ប្រការ ចូលកើតមានដល់មហាឧបាសិកា ដែលត្រូវជាអ្នកម្តាយ ជីដូន ជីដូនទួត ប្រកបដោយព្រហ្មវិហារធម៌ សណ្តោសប្រោសប្រណី ចិញ្ចឹមបីចាប់បុត្រធិតា ចាប់តាំងពីចេញពីផ្ទៃមាតារហូតដល់ធំដឹងក្តី បីបាច់ អប់រំ និងក្លាយជាមហាគ្រួសារដ៏ធំក្នុងសង្គម ដែលក្រាលជ្រងដោយសុខសន្តិភាព និងការអភិវឌ្ឍរីក ចម្រើននៃសម័យកាលដ៏រុងរឿងយើងនេះ។
រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ សមិទ្ធផលសង្គមលើគ្រប់វិស័យត្រូវបានស្ថាបនាឡើង មានការរីកចំរើនយ៉ាងឆាប់រហ័សចាប់តាំងពីទីក្រុងរហូតដល់ជនបទ ពិសេសភាពសំបូររុងរឿង និងភាពសប្បាយរីករាយ របស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ទិសទីទាំងអស់ ក្នុងប្រទេសកម្ពុជា។ ជាមួយនិងភាពរីចំរើនខាផ្នែកពុទ្ធចក្រ ផ្នែកអាណាចក្រត្រូវបានស្ថាបនាមានការរីកចំរើនស្ទើរគ្រប់ច្រកល្ហក ក្នុងប្រទេសកម្ពុជា ពោលគឺរហូតមកដល់បច្ចុប្បន្ននេះ វត្តអារាមនៅទូទាំងប្រទេសមានចំនួន ៤ពាន់៧៥៥វត្ត មានព្រះសង្ឃចំនួន ៥៩ពាន់៥១៦អង្គ ក្នុងនោះគណៈមហានិកាយមាន៤ពាន់៥៥១វត្ត និងមានព្រះសង្ឃចំនួន ៥៤ពាន់៧៦២អង្គ។