ពាណិជ្ជកម្មនាំចេញនាំចូលរវាងកម្ពុជា និងទីផ្សារអន្តរជាតិមានតម្លៃ២៤ពាន់លានដុល្លារ

វិទ្យុជាតិកម្ពុជា៖ ដោយ លោក វ៉ាង ភក្តី៖

ក្រសូងពាណិជ្ជកម្ម បានឲ្យដឹងថា ឆ្នាំ២០១៨នេះ ការនាំចេញនាំចូលពាណិជ្ជកម្មរវាងកម្ពុជា និងទីផ្សារ​អន្តរជាតិ​មាន​តម្លៃសរុប២៤.៩៨៥លានដុល្លារ កើនឡើងជាង១០ភាគរយ បើធៀបនឹងទឹកប្រាក់នាំចេញ​នាំចូលកាល​ពីឆ្នាំ​ទៅ។
របាយការណ៍របស់ក្រសូងពាណិជ្ជកម្មដែលចេញផ្សាយក្នុងសន្និបាតបូកសរុបការងារពាណិជ្ជកម្ម ឆ្នាំ២០១៨ និងទិសដៅការងារសម្រាប់ឆ្នាំ២០១៩ នៅថ្ងៃទី២៤ ខែធ្នូនេះ បានបញ្ជាក់ថា តម្លៃ ទំនិញដែលកម្ពុជា​ចេញទៅ​ទីផ្សារអន្តរជាតិក្នុងឆ្នាំ២០១៨នេះ មានទឹកប្រាក់សរុប១១.២១៤លានដុល្លារ ខណៈទំនិញនាំចូលមានទឹកប្រាក់​រហូតដល់១៣.៧៧១លានដុល្លារ។
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលស្គាល់នូវអតុល្យភាពនៃជញ្ជីង​ពាណិជ្ជកម្មរវាង​កម្ពុជា និងទីផ្សារអន្តរជាតិនេះ ដោយឯកឧត្តមមានប្រសាសន៍ថា នឹងខិតខំជំរុញការគាំទ្រ និងប្រើប្រាស់​ផលិតផលក្នុងស្រុកដល់ប្រជាពលរដ្ឋបន្ថែមទៀត ដើម្បីកាត់បន្ថយទំនិញនាំចូល។ ទន្ទឹមគ្នានេះ ក៏ខិតខំស្វែង​រកទីផ្សារនាំចេញនូវផលិតផលពីកម្ពុជាបន្ថែមទៀត លើផលិតផលដែលមានស្រាប់ដូចជា ផលិតផលវិស័យ​កាត់ដេរ ផលិតផលកសិកម្ម និងផលិតផលឧស្សាហកម្ម ដែលបាននាំចេញទៅបរទេសប្រមា​ណជា១៤៧ប្រ​ទេស។ ប៉ុន្តែទោះជាយ៉ាងនេះក្តី លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ទំនិញរបស់កម្ពុជាដែល​បាននាំចេញទៅទីផ្សារ​បរទេសនេះ គឺមានទំហំប្រមាណជា៦០ភាគរយ នៃផលិតផលក្នុងស្រុកសរុប(ផ.ស.ស) ដោយកម្ពុជានឹងអាច​សម្រេចបានចំណាត់ថ្នាក់ជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់កម្រិតមធ្យមនៅឆ្នាំ២០៣០។
កាល​ពីឆ្នាំ​២០១៧ ពាណិជ្ជកម្មនាំចេញនាំចូលរវាងកម្ពុជា និងទីផ្សារអន្តរជាតិ មានទឹកប្រាក់សរុប ២៣.៧៩៦លានដុល្លារអាមេរិក ក្នុងនោះការនាំចេញរបស់កម្ពុជា មានតម្លៃ១០.៧៧៧ដុល្លារ។
ពាណិជ្ជកម្មអន្ដរជាតិរបស់កម្ពុជាមាន៖ សហភាពអឺរ៉ុប សហរដ្ឋអាមេរិក ចិន ជប៉ុន កូរ៉េខាងត្បូង សហគមន៍អាស៊ាន និងតំបន់ផ្សេងទៀត ដោយពឹងផ្អែកលើការនាំចេញផលិតផលសំខាន់រួមមាន៖ សម្លៀកបំពាក់ ស្បែកជើង អង្ករ ដំឡូងមី គ្រាប់ស្វាយចន្ទី កៅស៊ូ ត្រី ដំណាំកសិកម្ម និងកសិ-ឧស្សាហកម្ម គ្រឿងបង្គុំកង់ ម៉ូតូ និងរថយន្ដ ជាដើម ខណៈការនាំចូលមានដូចជា៖ រថយន្ត គ្រឿងចក្រ ផលិតផលអគ្គិសនី អេឡេចត្រូនិច គ្រឿងបន្លាស ឱសថ គ្រឿងសម្អាង និងផលិតផលសំខាន់ៗជាច្រើនទៀត៕
វ៉ាង ភក្តី ២៤ ១២ ២០១៨