ប្រធានត្រួតពិនិត្យមើលការឈប់បាញ់នៅ Hodeidah របស់ អ.ស.ប ទៅដល់រដ្ឋធានីយេម៉ែន

AKP ភ្នំពេញ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ — ប្រធានក្រុម អ.ស.ប ដែលត្រួតពិនិត្យមើលការឈប់បាញ់ដែល អ.ស.ប គាំទ្រនៅក្នុងទីក្រុងកំពង់ផែសមុទ្រក្រហម Hodeidah របស់ប្រទេសយេម៉ែន បានទៅដល់រដ្ឋធានីសាណាអា ដែលពួកឧទ្ទាមកាន់កាប់របស់ប្រទេសយេម៉ែន កាលពីថ្ងៃអាទិត្យ ។

លោក Patrivk Cammaert ឧត្តមសេនិយចូលនិវត្តជនជាតិហូឡង់ម្នាក់ ដែលបានចូលរួមជាមួយក្រុមមានសមាជិក៦នាក់របស់លោក បានទៅដល់ទីក្រុងសាណាអា កាលពីថ្ងៃមុន មុននឹងធ្វើដំណើរទៅកាន់ Hodeidah ដើម្បីត្រួតពិនិត្យមើលការដកកងកម្លាំង ដែលជាគូប្រជែងគ្នារបស់យេម៉ែន នៅក្នុងពេលពីរបីម៉ោងទៀតនោះ ។
នៅពេលលោកទៅដល់ លោក Cammaert បានធ្វើកិច្ចប្រជុំមួយជាមួយលោក Ali al-Mushik ប្រធានតំណាងគណៈកម្មាធិការយោធាហ៊ូធី ស្តីពីការអនុវត្តការឈប់បាញ់គ្នានេះ ។

គួរឱ្យកត់សម្គាល់លោក Cammaert បានទៅដល់ទីក្រុងអាដេន ដែលរដ្ឋាភិបាលកាន់កាប់កាលពីថ្ងៃសុក្រ ដែលនៅទីនោះលោកបានជួបជាមួយពួកអ្នកតំណាងរដ្ឋាភិបាលនៅក្នុងគណៈកម្មាធិការយោធារួម ។ ក៏កាលពីថ្ងៃសុក្រនេះផងដែរក្រុមប្រឹក្សាសន្តិសុខ អ.ស.ប បានបោះឆ្នោតជាឯកច្ឆន្ទអនុម័តនូវ ដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខលេខ២៤៥១ ជាដំណោះស្រាយមួយ ដែលដឹកនាំដោយប្រទេស អង់គ្លេស ដើម្បីគាំទ្រដល់ដំណើរការសន្តិភាពយេម៉ែន ដែល អ.ស.ប គាំទ្រ ។

កាលពីពាក់កណ្តាលយប់ថ្ងៃចន្ទការឈប់បាញ់ដែល អ.ស.ប គាំទ្រដែលគ្របដណ្តប់ Hodeidah និងកំពង់ផែ Hodeidah , Salif និង Ras Issa បានចូលជាធរមាន ដែលជាវិធានការកសាងនូវជំនឿទុកចិត្តគ្នាជាលើកដំបូង រវាងពួកឧទ្ទាមហ៊ូធីនិងរដ្ឋាភិបាលដឹកនាំដោយក្រុមចម្រុះ ។

តាមកិច្ចព្រមព្រៀងឈប់បាញ់នេះការដកចេញពីកំពង់ផែ Hodeidah , Salif ,និង Ras Issaព្រមទាំង ផ្នែកយ៉ាងសំខាន់ៗ នៃទីក្រុងដែលទាក់ទងដល់មូលដ្ឋានមនុស្សធម៌ គេត្រូវបញ្ចប់ក្នុងរង្វង់ពេល២សប្តាហ៍ បន្ទាប់ពីបទឈប់បាញ់ចូលជាធម៌មាន ដោយឡែកការដកចេញទាំងស្រុងគេត្រូវតែបញ្ចប់ក្នុងអំឡុងពេលជាអតិបរមា២១ថ្ងៃ ។
តែយ៉ាងណាក៏ដោយកងកម្លាំងជាគូប្រឆាំងគ្នាទាំងពីរបានស្តីបន្ទោសគ្នាទៅវិញទៅមកពីបទរំលោភលើការឈប់បាញ់ចាប់តាំងពីបទឈប់បាញ់នេះបានចូលជាធរមាន៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )