ប្រធានសភារដ្ឋ Duma របស់រុស្ស៊ីធ្វើទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសវៀតណាម

AKP ភ្នំពេញ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ — ប្រធានសភារដ្ឋ Duma នៃសហព័ន្ធរុស្ស៊ី លោក Vyacheslav Viktorovich  Volodin បានទៅដល់ទីក្រុងហាណូយកាលពីថ្ងៃទី ២៣ ខែធ្នូ ដើម្បីចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់ខ្លួនតាមការអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ។

វៀតណាម និងរុស្ស៊ីបានបង្កើតចំណងទាក់ទងការទូតកាលពីថ្ងៃទី ៣០ ខែមករា ឆ្នាំ ១៩៥០ ហើយចាប់តាំងពីពេលនោះមក ទំនាក់ទំនងរវាងប្រទេសទាំងពីរបានអភិវឌ្ឍន៍យ៉ាងខ្លាំងជាមួយសមិទ្ធផលជាវិជ្ជមានក្នុងគ្រប់វិស័យទាំងអស់។

កាលពីថ្ងៃទី ១ ខែមីនា ឆ្នាំ ២០០១ ប្រទេសវៀតណាម និងរុស្ស៊ី បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីភាពជាដៃគូយុទ្ធសាស្ត្រ។ ក្រោយមកទៀតនៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០១២ ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមមួយ ស្តីពីការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រទ្វេភាគី។

ពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើងពី ២,២ប៊ីលានដុល្លារអាម៉េរិក ក្នុងឆ្នាំ ២០១៥ ដល់តម្លៃ ២,៧ប៊ីលានដុល្លារអាម៉េរិក ក្នុងឆ្នាំ ២០១៦ និងតម្លៃ ៣,៥៥ប៊ីលានដុល្លារអាម៉េរិក ក្នុងឆ្នាំ ២០១៧។ បច្ចុប្បន្នប្រទេសរុស្ស៊ីស្ថិតនៅលំដាប់ទី២៣ ក្នុងចំណោមបណ្តាប្រទេសដែលវិនិយោគទុននៅ វៀតណាមដោយមាន ១១៦គម្រោង ដែលមានទឹកប្រាក់សរុបចំនួន ៩៩០ប៊ីលានដុល្លារអាម៉េរិក ដែលភាគច្រើននៅក្នុងវិស័យប្រេង និងឧស្ម័ន ការផលិតរ៉ែ ការដឹកជញ្ជូន ទូរគមនាគមន៍ និងវារីវប្បកម្ម។

បច្ចុប្បន្នប្រទេសវៀតណាមកំពុងវិនិយោគលើគម្រោងចំនួន ២២ ដែលមានតម្លៃជិត ៣ប៊ីលានដុល្លារអាម៉េរិកនៅក្នុងប្រទេសរុស្ស៊ី ដែលភាគច្រើនជាក្រុមហ៊ុនប្រេង និងឧស្ម័ន Rusvietpetro និង Gazpromviet ៕

(ប្រភព VNAបកប្រែដោយលោក យា ចិន្តាខន្តី)