សម្តេចក្រឡាហោមសខេងជំរុញអោយក្រសួងពាក់ព័ន្ធបង្កើនកិច្ចគាំពារចំពោះកុមារដែលកំពុងជាប់ពន្ធនាគារ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហុក​ សុខរិន​៖


សម្តេចក្រឡាហោមសខេងជំរុញក្រសួងពាក់ព័ន្ធបង្កើនកិច្ចគាំពារចំពោះកុមារដែលទំស់នាស់នឹងច្បាប់ឬកំពុងជាប់ពន្ធនាគារ ដើម្បីធានាការគោរពសិទ្ធិរបស់កុមារ បើទោះបីពួកគេ បានប្រព្រឹត្តបទល្មើសក៏ដោយ។


ក្នុងពិធីប្រកាសដាក់អោយប្រើប្រាស់ផែនការយុទ្ធសស្រ្តស្តីពីយុត្តិធម៌អនីតិជន២០១៨ ២០២០ សម្តេចក្រឡោហោម សខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានណែនាំដល់ក្រសួងចំនួន៤ គឺក្រសួងសង្គកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ឲ្យបន្តស្វែងរកយន្តការផ្សេងៗទៀតដើម្បីឈានទៅ កាត់បន្ថយចំនួនអនីតិជនដែលល្មើសនឹងច្បាប់នៅក្នុងពន្ធនាគារ។

សម្តេចក្រឡាហោមក៏បាន ជំរុញអោយក្រសួងទំាង៤នេះ បង្កើនកិច្ចសហការគ្នាក្នុងការផ្តល់សេវាថែទំាង អប់រំជំនាញវិជ្ជាជីវៈ និងការស្តារ នីតិសម្បទាដែលធានាឲ្យកុមារដែលល្មើសនឹងច្បាប់កំពុងជាប់ក្នុងពន្ធនាគារ អាចក្លាយជាបុគ្គលដ៏ល្អនៅពេលពួកគេធ្វើសមាហរណកម្មត្រឡប់ទៅសហគមន៍។ សម្តេចបានអះអាងថា ការអនុវត្តដូច្នេះ មិនត្រឹមតែជួយលើកកម្ពស់ការគោរពសិទ្ធិរបស់កុមារប៉ុណ្ណោះទេ ប៉ុន្តែឲ្យពួកគេនៅតែក្លាយជាធនធានដ៏សំខាន់សម្រាប់កិច្ចអភិវឌ្ឍន៍អភិវឌ្ឍន៍ជាតិនាពេលខាងមុខ។
ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានឲ្យដឹងថា ក្រសួងនឹងបន្តជំរុញការផ្តល់សេវាផ្សេងៗទៀតពិសេសការបង្កើតមណ្ឌលស្តានីតិសម្បទា នៅតាមបណ្តាខេត្តដោយសហការជាមួយអាជ្ញាធរមូលដ្ឋានដើម្បីលើកកម្ពស់ការគ្រប់គ្រងនិងការ ផ្តល់សេវាយុត្តិធម៌និងសុខាភិបាលដល់កុមារដែលល្មើសនឹងច្បាប់។ ឯកឧត្តមបានបន្ថែមថា ក្នុងមជ្ឈមណ្ឌលស្ថារនេះ គឺផ្តល់សេវាព្យាបាល ថែទំា ការពារ និងការអប់រំបណ្តុះបណ្តាវិជ្ជាជីវៈ ដើម្បីប្រែក្លាយពួកគេទៅជាពលរដ្ឋល្អនៅក្នុងសង្គម ហើយពន្ធនាគារក៏លែងជាកន្លែងឃុំឃាំង របស់ក្រុមអនីតិជនដែលល្មើសច្បាប់ទំាងនោះ។
សូមបញ្ជាក់ថា ការជំរុញអោយមានកិច្ចគាំពារដល់កុមារដែល្មើសនឹងច្បាប់នេះ គឺដោយគោរពទៅតាមសិទ្ធិនិងអនុសញ្ញាស្តីពីសិទ្ធិជនកុមារខណៈពួកគេក្រោមអាយុ១៨ឆ្នាំ ហើយបច្ចុប្បន្ននេះកុមារដែលល្មើសនឹងច្បាប់មានចំនួនកើតឡើងជាង១៥០០នាក់៕