រាជរដ្ឋាភិបាលគាំទ្របណ្តាញផ្សព្វផ្សាយសារព័ត៌មានកម្ពុជាដែលចូលរួមប្រឆាំងព័ត៌មានក្លែងក្លាយ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ ស្រី​ ផល​៖


រាជរដ្ឋាភិបាល គាំទ្របណ្តាញសារព័ត៌មានកម្ពុជា ក្នុងការចូលរួមប្រឆាំងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ដែលពិភពលោកកំពុងប្រឈមនឹងភាពចលាចលដោយសារព័ត៌មានមិនពិត។
សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្តី្រកម្ពុជា ដែលផ្ញើចូលរួមអបអរសាទរចំពោះវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ដែលបានធ្វើនៅថ្ងៃទី២១ ខែធ្នូនេះ ក្រោមប្រធានបទ«ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ» បានចាត់ទុកបណ្តាញសារព័ត៌មាន ជាដៃគូជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ព័ត៌មានក្លែងក្លាយ។
សម្តេចតេជោ បានបញ្ជាក់ថា វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ស្តីពី«ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ»នេះ ពិតជាមានសារសំខាន់ ខណៈរាជរដ្ឋាភិបាលកម្ពុជា និងពិភពលោកទាំងមូលកំពុងប្រឈម និងផ្តោតការយកចិត្តទុក ដាក់យ៉ាងខ្លាំងទៅនឹងការប្រើប្រាស់ព័ត៌មានក្លែងក្លាយនៅតាមប្រព័ន្ធផ្សព្វផ្សាយនានា ជាពិសេសតាម បណ្តាញទំនាក់ទំនងសង្គមដែលប្រើប្រាស់បច្ចេកវិទ្យាទំនើប និងកំពុងពេញនិយមនាពេលបច្ចុប្បន្ន បានធ្វើឲ្យពិភពលោកមានភាពចលាចល ច្របូកច្របល់ និងកំពុងជួបប្រទះបញ្ហាអសន្តិសុខដ៏គួរឲ្យព្រួយបារម្ភ។
សូមបញ្ជាក់ថា វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាស្តីពីការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយសម្រាប់ឆ្នាំ២០១៨នេះ ធ្វើឡើងក្នុងគោលបំណងលើកស្ទួយសិទ្ធិសេរីភាពខាងសារព័ត៌មាន តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ ពង្រឹងគុណភាព និងការទទួលខុសត្រូវផ្នែកវិជ្ជាជីវៈសារព័ត៌មានក្នុងប្រឆាំងរាល់ការប្រើប្រាស់ព័ត៌មានក្លែងក្លាយ ដើម្បីលើកកម្ពស់គុណភាព និងតម្លៃនៃសារព័ត៌មាន ព្រមទាំងចូលរួមចំណែកទប់ស្កាត់ការបង្កចលាចលនៅក្នុងសង្គម ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិស្ថិរភាពនយោបាយ និងការអភិវឌ្ឍយូរអង្វែងនៅកម្ពុជា ក៏ដូចជាការកសាងសុខសន្តិភាពនៅក្នុងតំបន់ និងនៅលើសកលលោក។
ប្រធានបទនេះ ស្របពេលនៅក្នុងប្រទេសកម្ពុជា បាននឹងកំពុងប្រឈមយ៉ាងក្តៅគគុកទៅនឹងការប្រើប្រាស់ព័ត៌មានក្លែងក្លាយ ដើម្បីបំពុលបរិយាកាសសង្គមដែលបង្កឡើងដោយក្រុមអ្នកនយោបាយបក្សប្រឆាំង និងពួកឱកាសនិយម ក្នុងគោលដៅប៉ុនប៉ងផ្តួលរលំ រាជរដ្ឋាភិបាលកម្ពុជា ស្របច្បាប់ តាមរយៈការធ្វើបដិវត្តន៍ពណ៌បំផ្លាញការរស់ឡើងវិញរបស់ប្រជាជនកម្ពុជា ហើយអូសទាញប្រទេសឲ្យធ្លាក់ចូលក្នុងភ្លើងសង្គ្រាម ដើម្បីបំរើមហិច្ឆតាលោភលន់របស់ពួកគេ ដែលមានបរទេសនៅពីក្រោយខ្នង៕