កិច្ចប្រជុំពិភាក្សារវាងស្នងការនគរបាល និងតំណាងកុងស៊ុលបរទេសប្រចាំខេត្តសៀមរាប

AKP សៀមរាប ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ — កិច្ចប្រជុំប្រចាំត្រីមាសរវាងមន្រ្តីប៉ូលិស និងមន្ត្រីតំណាងកុលស៊ុលបរទេសប្រចាំ នៅខេត្តសៀមរាប ត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃសុក្រ ១៤កើត ខែមិគសិរ ឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ ដោយមានការចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងនគរបាលខេត្ត ទទួលបន្ទុកផែន ការងារសន្តិសុខនិងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារព័ត៌មានទាន់ហេតុការណ៍ Hotline ជនបរទេស នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប។ ដោយឡែក តំណាងកុងស៊ុលចូលរួមនៅក្នុងកិច្ចប្រជុំនោះរួមមាន តំណាងកុងស៊ុលចិន កុងស៊ុលបារាំង កុងស៊ុលជប៉ុន កុងស៊ុលកូរ៉េ និងតំណាងកុងស៊ុលអង់គ្លេស រួមជាមួយនឹងមន្ត្រីនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបជាច្រើនរូបទៀត។ យោងតាមរបាយការណ៍ប្រចាំឆ្នាំ២០១៨ របស់ក្រុមព័ត៌មានទាន់ហេតុការណ៍ (HOTLINE) ជាមួយជនបរទេសប្រចាំនៅក្នុងខេត្តសៀមរាប បានឱ្យដឹងថា វិនិយោគិននិងអ្នកទេសចរបរទេស ដែលបានមករស់នៅនិងធ្វើទេសចរក្នុងខេត្តសៀមរាប បានទទួលរងគ្រោះមានចំនួន១០០ករណី មាន២៣សញ្ជាតិ ភាគច្រើនរងគ្រោះដោយ អំពើចោរកម្មលួច-ឆក់ ចាប់ជំរិត រងគ្រោះថ្នាក់ចរាចរណ៍ ស្លាប់ដោយជំងឺ និងឆបោកតាមប្រព័ន្ធអ៊ីនធឺណិតជាដើម។ គ្រប់ករណីដែលបានកើត មានឡើងក្រុមព័ត៌មាន ទាន់ហេតុការណ៍បានមានទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយបណ្តាស្ថានកុងស៊ុល ដើម្បីពិភាក្សាគ្នាដោះស្រាយបញ្ហានានាឱ្យបានទាន់ពេលវេលារួមទាំងបាន ការពារគណៈប្រតិភូបរទេស និងមន្ត្រីការទូតបរទេស ក្នុងដំណើរបំពេញទស្សនកិច្ច និងការចុះបំពេញបេសកកម្មនានាក្នុងខេត្តសៀមរាប។


លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងនគរបាលខេត្ត ថ្លែងអំណរគុណដល់អគ្គស្នងការដ្ឋាននគរបាលជាតិ ជាពិសេសក្រុមព័ត៌មានទាន់ហេតុការណ៍ (HOTLINE) ជាមួយជនបរទេសប្រចាំខេត្តសៀមរាប ដែលបានយកចិត្តទុកដាក់ ការពារនិងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋខ្លួន និងការការពារសន្តិសុខ សុវត្ថិភាព ជូនវិនិយោគិន ភ្ញៀវទេសចរបរទេស មន្ត្រីប្រចាំការកុងស៊ុល និងទីតាំងស្ថានកុងស៊ុលដែលមាននៅក្នុងខេត្តសៀមរាប។

គួរបញ្ជាក់ថា ក្រុមការងារ Hotline ជនបរទេសនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ជារៀងរាល់៣ខែម្តង បានជួបប្រជុំជាមួយតំណាងកុងស៊ុលបរទេសដែលប្រចាំការក្នុងខេត្ត ហើយនេះគឺជាកិច្ចប្រជុំលើកទី៤ហើយ៕

ដោយ ហង្ស សៀក