ស្ពានបេតុងស្រុកកងមាស តម្លៃជាង២០ម៉ឺនដុល្លារ សាងសង់រួចរាល់ជាស្ថាពរ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ ធីណា ឌីណេ៖​


ស្ពានបេតុងមួយកន្លែងនៅស្រុកកងមាសខេត្តកំពង់ចាម ដែលតម្លៃជាង២០ម៉ឺនដុល្លារអាមេរិក របស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានសាងសង់រួចរាល់ជាស្ថាពរហើយ បន្ទាប់ពីនាយកដ្ឋានវិស្វកម្ម នៃក្រសួងការពារជាតិ បានសម្រុកស្ថាបនា ចាប់ពីខែមេសា ឆ្នាំ២០១៨កន្លងទៅនេះ។

លោក មឿន ផា អភិបាលស្រុកកងមាស មានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា បច្ចុប្បន្ននេះស្ពានពោធិសាលាទី២ ដែលបានស្ថាបនាដោយឆ្លងកាត់ព្រែកពាមជីកង តភ្ជាប់រវាងភូមិពាមក្នុង និងភូមិពោធិសាលាទី២ ឃុំព្រែកក្របៅ ស្រុកកងមាស ស្ថាបនារួចរាល់ជាស្ថាពរហើយ។ ប៉ុន្តែនៅមិនទាន់បើកឲ្យប្រើប្រាស់ជាផ្លូវការនោះទេ ដោយរង់ចាំការពង្រីកផ្លូវដោយចាក់បេតុងតភ្ជាប់ស្ពានបន្ថែមទៀត ដើម្បីឲ្យការធ្វើចរាចរណ៍មានភាពធំទូលាយ។


លោកបានឲ្យដឹងថា អាជ្ញាធរបានសម្របសម្រួលជាមួយប្រជាពលរដ្ឋ ដើម្បីសុំរំកិលរបងពង្រីកផ្លូវដែលមានទទឹងទំហំផ្លូវ៥ម៉ែត្រ និងបណ្តោយប្រវែង២៧០ម៉ែត្រ ជាប្រភេទផ្លូវបេតុង ភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៧០ ដោយពួកគាត់បានយល់ព្រមផ្តល់ដីចំណីផ្លូវនៅមុខផ្ទះរៀងៗខ្លួន។


សំឡេង៖ភូមិពោធិសាលាទី២ហ្នឹង បានសម្របសម្រួលជាមួយប្រជាពលរដ្ឋ ដែលកាលពីមុន យើងមានទំហំតែ៤ម៉ែតជាង ហើយឥឡូវពួកគាត់ឲ្យយើងបាន៥ម៉ែត្រហើយ ពេលដែលបានហើយក្រុមវិស្វកម្ម គេនឹងមកចាក់បេតុងជាង២០០ម៉ែត្រដល់ស្ពាន ពីថ្នល់ជាតិលេខ៧០ទៅ ហើយនៅពេលដែលក្រុមបច្ចេកទេស ចុះទៅសាងសង់ត្រូវ ប្រជាពលរដ្ឋត្រូវជួយ សហការដើម្បីធ្វើបានល្អ ឲ្យពេញខ្នាត ពេញម៉ែត្រហើយឲ្យពួកគាត់ត្រូវជួយមើលពីបច្ចេកទេស ដោយសារតែប្រជាពលរដ្ឋគឺជាម្ចាស់ផ្លូវ។


លោក ស៊ុន សំអឿន តំណាងប្រជាពលរដ្ឋរស់នៅក្បែរគល់ស្ពានពោធិសាលាទី២ បានសម្តែងការសប្បាយចិត្តយ៉ាងក្រៃលែង ដែលបានស្ពានបេតុងមួយនេះ។ លោកបានឲ្យដឹងថា ក្រុមគ្រួសាររបស់លោក បានស្ម័គ្រចិត្តផ្តល់ដីដែលប៉ះចំសំណង់ស្ពានថ្មខាងលើនេះ ក្នុងទំហំទទឹង៨ម៉ែត្រ និងបណ្តោយ៧០ម៉ែត្រ។ លោករំពឹងថា ការធ្វើដំណើរមានភាពងាយស្រួលបន្ទាប់ពីផ្លូវបេតុងមួយខ្សែទៀត ត្រូវបានស្ថាបនារួចរាល់។
បើតាមក្រុមជំនាញវិស្វកម្ម បានអះអាងថា ផ្លូវបេតុងដែលមានទទឹងទំហំផ្លូវ៥ម៉ែត្រ និងបណ្តោយប្រវែង២៧០ម៉ែត្រនេះ នឹងបញ្ចប់ការសាងសង់នៅខែមេសា ឆ្នាំ២០១៩ខាងមុខនេះ៕