រាជរដ្ឋាភិបាលបញ្ចុះតម្លៃភ្លើងរដ្ឋនៅសល់៤៨០រៀលក្នុងមួយគីឡូវ៉ាតនៅតាមផ្សារក្នុងរាជធានីភ្នំពេញ​ ចាប់ពីថ្ងៃ៣១ខែមករា២០១៩តទៅ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ចន​ ណារិទ្ធ​៖

អាជ្ញាធររាជធានីភ្នំពេញនិងអគ្គិសនីកម្ពុជាប្តេជ្ញាយ៉ាងមុតមាំថា ថ្ងៃទី៣១ មករា២០១៩នេះ តម្លៃភ្លើងតាមបារែមថ្មីរបស់រដ្ឋាភិបាលតំលៃ៤៨០រៀលក្នុងមួយគីឡូវ៉ាតនឹងដំណើរការនៅតាមផ្សារនានា ពិសេសផ្សារនៅក្នុងរាជធានីភ្នំពេញ ដើម្បីសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋទៅតាមអនុសាសន៍សម្តេចតេជោ ដែលបានដាក់ចេញអោយចុះតំលៃអគ្គិសនីបន្ថែមនៅថ្ងៃ០១ មករា២០១៩ ។


នេះជាការបញ្ជាក់របស់អាជ្ញាធររាជធានីភ្នំពេញនិងអគ្គិសនីកម្ពុជាបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២១ ធ្នូ២០១៨ ក្នុងកិច្ចប្រជុំត្រួតពិនិត្យតម្លៃទឹក អគ្គិសនីក្នុងផ្សាររដ្ឋ ផ្សារវិនិយោគនិងផ្សារឯកជនទាំងអស់នៅក្នុងរាជធានី នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម​ កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកអគ្គិសនីកម្ពុជានិង​ ឯកឧត្តម​ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។

ឯកឧត្តម​ កែវ រតនៈ បានលើកឡើងថា អគ្គិសនីកម្ពុជាមានបញ្ហាប្រឈមច្រើន លើបញ្ហានៃការផ្តល់សេវាអគ្គិសនីជូនប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋដែលរកស៊ីនៅក្នុងផ្សារ និងប្រជាពលរដ្ឋរស់នៅក្នុងខុនដូ។ សម្រាប់ខុនដូ ភ្លើងដែលផ្គត់ផ្គង់ដោយឯកជនចែកចាយបន្តមានតំលៃចាប់១៥០០ទៅ២០០០រៀល ហើយបញ្ហានេះយើងបាននឹងកំពុងប្រជុំដើម្បីធ្វើការដោះស្រាយ ដោយសារតែអគ្គិសនីកម្ពុជាជាអ្នកលក់ដូភ្លើង ជាអ្នកផ្តល់សិទ្ធិចែកចាយ ជាអ្នកមានសិទ្ធិចែកចាយ និងកំណត់តម្លៃភ្លើងអគ្គិសនី ។ពាក់ព័ន្ធនឹងបញ្ហានេះលោកស្នើសុំអោយអាជ្ញាធរខណ្ឌ សង្កាត់សហការ ជាមួយអាជ្ញាធរអគ្គិសនីកម្ពុជា ក្នុងការធ្វើបញ្ជីតូប និងវិក័យប័ត្រភ្លើងនៅក្នុងផ្សារ ដើម្បីយើងធ្វើសំណើរមកក្រុងក៏ដូចជាទៅខុទ្ទកាល័យសម្តេចតេជោនិងក្រសួងពាក់ព័ន្ធ ។ នៅពេលសំណើរនេះចុះមកវិញយើងអនុវត្តតែម្តង ដើម្បីរអនុវត្តតំលៃភ្លើងថោក ទៅតាមអនុសាសន៍សម្តេចតេជោ ដែលអោយចុះតំលៃបន្ថែមនៅថ្ងៃ០១ មករា២០១៩ ។

ឯកឧត្តម​ បញ្ជាក់ថា ការអនុវត្តនេះ ក្រុមការងារ ក្រោមការសហការពីអាជ្ញាធររាជធានីនិងធ្វើអោយបានជោគជ័យ យ៉ាងយូក្នុងសប្តាហ៍ទី៣ ក្នុងខែមករា២០១៩នេះ ដោយអគ្គិសនីនឹងបញ្ចុះតំលៃទៅតាមប៉ារ៉ែមថ្មីរបស់រដ្ឋាភិបាលគឺ៤៨០០រៀលក្នុងមួយគីឡូវ៉ាត ទោះបីក្នុងស្ថិតក្នុងរូបភាពយ៉ាងណាក៏ដោយ ។តែផ្ទុយទៅវិញបើក្រុមហ៊ុនឯកជននៅក្នុងផ្សារនានា មិនអនុវត្តតាមយើងនឹងបិទអាជីវកម្មតែម្តង។ លោកបញ្ជាក់ទៀតថា បើប្រជាពលរដ្ឋមានបញ្ហាមិនប្រក្រតីពាក់ព័ន្ធនឹងអគ្គិសនីសូមទំនាក់ទំនងមកអគ្គិសនីកម្ពុជា តាមរយៈចូលមកហ្វេសបុកអគ្គិសនីកម្ពុជាយើងចាត់ការជូនភ្លាមៗ ។លោកបន្ថែមទៀតថា នៅឆ្នាំ២០១៩នេះយើងកែទម្រង់វិក័យប័ត្រថ្មី ដើម្បីអោយអោយសេវាខិតជិតប្រជាពលរដ្ឋ បង្កភាពងាយស្រួលជូនប្រជាពលរដ្ឋ។

ក្នុងឱកាសនោះ​ ឯកឧត្តម​ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជម្រុញអោយផ្នែកជំនាញ អាជ្ញាធរខណ្ឌទាំងអស់ធ្វើការងារពាក់ព័ន្ធនឹងការតបណ្តាញភ្លើងរដ្ឋចូលផ្សារនេះអោយបានលឿន​ ដែលអាចអោយអាជីវករបានប្រើប្រាស់ភ្លើងរដ្ឋបានយ៉ាងយូ នថ្ងៃទី៣១ខែមករា២០១៩ ទៅតាម អនុសាសន៍របស់សម្តេចតេជោ ។ឯកឧត្តម​បន្តថា អាជីវករ ក៏ជាប្រជាពលរដ្ឋដែរ ដូច្នេះត្រូវប្រើប្រាស់ភ្លើងតំលៃរដ្ឋ ។ប៉ុន្តែតំលៃខាតបង់យ៉ាងម៉េចយើងជាអ្នកប៉ះប៉ូវ ចំពោះក្រុមហ៊ុនឯកជន។ បញ្ហារៀបចំបណ្តាញភ្លើង បើមិនប្រក្រតីអាជ្ញាធរ ខណ្ឌ សង្កាត់ត្រូវស្នើមកអគ្គិសនីកម្ពុជា ដើម្បីអោយគាត់រៀបចំ។ ចំពោះគណៈកម្មាការផ្សារត្រូវធ្វើរបាយការណ៍ មកខណ្ឌ មករាជធានី ដើម្បីយើងរៀបចំបញ្ចុះតំលៃភ្លើង ។ គណៈកម្មាការផ្សារ ត្រូវមើលអោយមែនទែន ការឡើងថ្លៃទឹក ភ្លើង បើផ្សារគ្រប់គ្រងមិនបានទេ ប្រធានផ្សារមានបញ្ហាហើយ ដោយលោកនឹងដកចេញ ហើយអាចដាក់បញ្ចូលសហគមន៍ក្នុងផ្សារធ្វើជាប្រធានវិញ។

គួររំលឹកថា កាលពព្រឹកថ្ងៃទី១៧​ ខែធ្នូ ២០១៨​ កន្លងមកនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៅក្នុងពិធិសម្ពោធបើកអោយប្រើប្រាស់វារីអគ្គីសនីសេសានក្រោម២ ខេត្តស្ទឹងត្រែង បានបានប្រកាសថា តម្លៃប្រើប្រាស់អគ្គីសនីនៅក្នុងព្រះរាជាណាចក្រកម្ពុជានឹងត្រូវបញ្ជុះថ្លៃ ទៅតាមប្រភេទនៃការប្រេីប្រាស់នីមួយៗ ក្នុងនោះប្រភេទទី១ ការទិញតាមចរន្តតុងស្យុងខ្ពស់ បច្ចុប្បន្ននេះគឺតម្លៃ 0,1240$​/Kwh(៥០៣៛) និងចុះនៅត្រឹម 0,1170$/Kwh(៤៧០៛) នៅឆ្នាំ២០១៩ និងឆ្នាំ២០២០​ / អ្នកទិញតាមចរន្តតង់ស្យុងមធ្យម អនុស្ថានីយ័នៅក្នុងរាជធានីភ្នំពេញ ដែលបច្ចុប្បន្ននេះតម្លៃ 0,1475$/Kwh(៥៩៨៛) និងចុះទៅដល់ 0,1350$/Kwh(៥៤៧៛) នៅឆ្នាំ២០១៩ និងនៅឆ្នាំ២០២០ 0,1330$/Kwh(៥៣៩៛) / អ្នកទិញតាមចរន្តតង់ស្យុងមធ្យមតាមខេត្តដែលតម្លៃបច្ចុប្បន្នគឺ 0,1260$/Kwh(៥១១៛) ដែលនឹងចុះដល់ 0,1220$/Kwh(៤៩៥៛) នៅឆ្នាំ២០១៩ និងឆ្នាំ២០២០ តម្លៃរក្សាដដែល។

ប្រភេទទី២​​ ប្រភេទប្រើប្រាស់ក្នុងវិស័យឧស្សាហកម្ម ដែលទិញតាមខ្សែបញ្ជូនរង និងខ្សែតង់ស្យុងមធ្យមនៃតំបន់ចែកចាយ ដែលបច្ចុប្បន្នគឺតម្លៃ 0,1650$/Kwh(៦៧៦៛) នៅក្នុងរាជធានីភ្នំពេញ និង 0,1640$/Kwh(៦៧២៛) នៅតាមខេត្ត ដែលនឹងបញ្ចុះតម្លៃ ចុះ 0,1470$/Kwh(៥៩៥៛) ឆ្នាំ២០១៩ និង 0,1460$/Kwh(៥៩២៛) ឆ្នាំ២០២០ ។

ប្រភេទទី៣ គឺប្រើប្រាស់ក្នុងពាណិជ្ជកម្ម និងរដ្ឋបាល ដែលទិញតាមខ្សែបញ្ជូនរង និងខ្សែតង់ស្យុងមធ្យមនៃតំបន់ចែកចាយ តម្លៃបច្ចុប្បន្នគឺ 0,1650$/Kwh(៦៧៦៛) នៅទីក្រុងភ្នំពេញ 0,1640$/Kwh(៦៧២៛)នៅតាមបណ្ដាខេត្ត ដែលនឹងចុះនៅត្រឹម០0,1590$/Kwh(៦៤៥៛) នៅឆ្នាំ២០១៩ និងបន្តចុះនៅត្រឹម0,1580$/Kwh(៦៤០៛)នៅឆ្នាំ២០២០។

ប្រភេទ៤​ ប្រភេទប្រើប្រាស់តាមលំនៅស្ថាន ១ដល់១០Kwhក្នុង១ខែ ដែលការប្រើប្រាស់បច្ចុប្បន្នភ្នំពេញគឺ៦១០៛/Kwh និងតាមខេត្ត៤៨០៛/Kwh ដែលនឹងចុះនៅត្រឹម៣៨០៛/Kwh នៅឆ្នាំ២០១៩ និង ២០២០ /ការប្រើប្រាស់ចាប់ពី ១១ដល់៥០Kwh ដែលការប្រើប្រាស់បច្ចុប្បន្នគឺ ៦១០៛/Kwh នឹងចុះនៅត្រឹម៤៨០៛/Kwh នៅឆ្នាំ២០១៩ ២០២០ / ការប្រើប្រាស់ចាប់ពី ៥១Kwh ដល់ ២០០Kwhក្នុង១ខែ ដែលពេលនេះ នៅភ្នំពេញគឺ ៧៧០៛/Kwh តាមបណ្ដាខេត្ត៧២០៛/Kwh នឹងចុះនៅត្រឹម៦១០៛/Kwh នៅឆ្នាំ២០១៩​ ២០២០​​ /លំនៅដ្ឋានដែលប្រើប្រាស់លើសពី ២០០Kwhក្នុង១ខែ ដែលបច្ចុប្បន្នតម្លៃគឺ​ ៧៧០៛/Kwh នៅក្រុងភ្នំពេញ និង ៧៥០៛/Kwhនៅតាមខេត្ត ដែលនឹងចុះថ្លៃនៅត្រឹម ៧៤០៛/Kwh នៅឆ្នាំ២០១៩ និង៧៣០៛/Kwh នៅឆ្នាំ២០២០។

ប្រភេទទី៥ ការបូមទឹកក្នុងវិស័យកសិកម្ម ចាប់ពីម៉ោង៩យប់ ដល់ម៉ោង៧ព្រឹក ត្រូវបង់៤៨០៛/Kwh នៅបន្ត ៤៨០៛Kwh ដដែល ។

ប្រភេទទី៦ ការប្រើប្រាស់នៅតាម សាលារៀន មន្ទីពេទ្យ មណ្ឌលសុខភាព តម្លៃកំពុងប្រើប្រាស់បច្ចុប្បន្នគឺ ៧៧០៛/Kwh នឹងចុះនៅត្រឹម ៦១០៛/Kwh នៅឆ្នាំ២០១៩ ២០២០។

នេះគឺជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋភិបាលកម្ពុជាបច្ចុប្បន្ន ដែលមានសម្ដេចតេជោ នាយករដ្ឋមន្ត្រីជាប្រមុខដឹកនាំ បានធ្វើអោយកម្ពុជាទទួលបាននូវសមិទ្ធិផលថ្មីៗ​ ធំៗជាបន្តបន្ទាប់ ជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរថែមទៀត​ ៕