អ្នកសាព័ត៌មានជាតិប្រមាណ៤០នាក់មកពី28ស្ថាប័នស្វែងយល់ពីវឌ្ឍនភាពនៃកំណែទំម្រង់វិមជ្ឈការ និងវិសហមជ្ឈការ

វិទ្យុជាតិកម្ពុជា៖ ដោយលោកចេម ហួត 21 12 2018
ភ្នំពេញ៖ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបលទ្ធិប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ហៅកាត់ថា (គ.ជ. អ.ប)បានអញ្ជើញអ្នកសាព័ត៌មានជាតិប្រមាណ៤០នាក់មកពីស្ថាប័នផ្សេងគ្នាចូលរួមស្វែងយល់ និងផ្សព្វផ្សាយពីវឌ្ឍនភាព នៃការអនុវត្តកំណែទំម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជាឲ្យកាន់តែទូលំទូលាយ។
ឯកឧត្តម ង៉ាន់ ចំរើន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបលទ្ធិប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិបានឲ្យដឹងថា អ្នកសាព័ត៌មានដែលចូលរួមនេះ មកពីស្ថាប័នចំនួន28ផ្សេងៗគ្នា មានដូចជា៖ វិទ្យុ ទូរទស្សន៍ កាសែត និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអនឡាញជាដើម។
ពិធីនេះរៀបចំឡើងនៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨នៅ សណ្ឋាគារសុខាភ្នំពេញ ដើម្បីលើកកម្ពស់ការផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងឲ្យទូលំទូលាយដល់អ្នកសាព័ត៌មាន និងសាធារណជនអំពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលជាគោលនយោបាយដ៏សំខាន់របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
លោក ជា សុវណ្ណ អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍ឯកជនមួយដែលបានចូលរួមនៅក្នុងពិធីនេះ បានចាត់ទុកថា ការបង្កើតឲ្យមានព្រឹត្តិការណ៍ជួបជុំរវាងអ្នកសាព័ត៌មានមកពីបណ្តាញផ្សព្វផ្សាយផ្សេងៗដែលរៀបចំ ដោយគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍ តាមបែបលទ្ធិប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិនេះ ពិតជាមានសារៈសំខាន់ក្នុងការបើកឲ្យអ្នកសាព័ត៌មានបានដឹងពីអ្វីដែលស្ថាប័ននេះបានសម្រេចក្នុងការអនុវត្តន៍ការងារកន្លងមក។ម៉្យាងវិញទៀតជាការបើកចំហរនូវព័ត៌មានដល់អ្នកសាព័ត៌មានបានដឹង និងស្វែងយល់កាន់តែស៊ីជម្រៅពីវឌ្ឍនភាព នៃការអនុវត្តកំណែទំម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជាឲ្យកាន់តែទូលំទូលាយដើម្បីជាប្រយោជន៍ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋបានដឹង និងចូលរួមអនុវត្តន៍ឲ្យកាន់តែមានប្រសិទ្ធិភាពនៅតាមមូលដ្ឋានរបស់ពួកគេ៕