មន្រ្តីជាន់ខ្ពស់ក្រសួងកិច្ចការនារី​ជំរុញ​ឱ្យ​មន្រ្តី​ ធ្វើ​ការ​គ្រប់​គ្រង​ទ្រព្យសម្បត្តិរដ្ឋឱ្យកាន់តែមាន​ប្រសិទ្ធភាពខ្ពស់

AKP សៀមរាប ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ — មន្រ្តីជាន់ខ្ពស់ក្រសួងកិច្ចការនារី​ជំរុញ​ឱ្យ​មន្រ្តីក្រោមឱវាទរបស់ខ្លួន​ធ្វើការ​គ្រប់​គ្រង​ទ្រព្យសម្បត្តិរដ្ឋ និងហិរញ្ញវត្ថុសាធារណៈឱ្យកាន់តែមាន​ប្រសិទ្ធភាព​ខ្ពស់ ដើម្បីរួមចំណែក​ជាមួយរាជដ្ឋាភិបាលក្នុង​ការ​ប្រើ​ប្រាស់ថវិកាជាតិ ឱ្យចំគោលដៅ និងមាន​ប្រសិទ្ធភាព។

ថ្លែង​បើកសិក្ខាសាលាស្តីពីការ​គ្រប់​គ្រង​ទ្រ​ព្យ​សម្បត្តិរដ្ឋ និង​ផ្សព្វផ្សាយកម្មវិធីកែ ទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅ​ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃសុក្រ ១៤កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវថ្ងៃទី​២១ ខែ​ធ្នូ ឆ្នាំ២០១៨នេះ លោកជំទាវ ខេង សំវ៉ាដា រដ្ឋលេខាធិការ​ក្រសួង​កិច្ច​ការ​នារី​បាន​មាន​ប្រសាសន៍ថា ការ​គ្រប់​គ្រង​ទ្រ​ព្យ​សម្បត្តិ និងការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាកត្តាដ៏សំខាន់ក្នុងការកំណត់ ភាពជោគជ័យ ក្នុង​ការ​បំពេញ​មុខងារភារកិច្ចរបស់ក្រសួង​កិច្ចការនារី។

លោកជំទាវបានជំរុញ​ឱ្យ​មន្រ្តីក្រោមឱវាទរបស់ខ្លួន​ធ្វើការ​គ្រប់​គ្រង​ទ្រព្យសម្បត្តិរដ្ឋ និងហិរញ្ញវត្ថុសាធារណៈឱ្យកាន់តែមាន​ប្រសិទ្ធភាព​ខ្ពស់ ដើម្បីរួមចំណែក​ជាមួយរាជដ្ឋាភិបាលក្នុង​ការ​ប្រើ​ប្រាស់ថវិកាជាតិ ឱ្យចំគោលដៅ និងមាន​ប្រសិទ្ធភាពខ្ពស់។

លោកជំទាវបានបញ្ជាក់ថា សិក្ខាសាលានៅថ្ងៃនេះ នឹង​ផ្តល់នូវចំណេះដឹង ដែលពាក់ ព័ន្ធការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ រួមជាមួយការ​អនុវត្តដំណាក់កាលទី៣ នៃកំណែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលជាដំណាក់ កាលនៃការផ្សាភ្ជាប់ថវិកាទៅនឹង គោលនយោបាយ ដែលត្រូវដំណើរការ​ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២០។លោកជំទាវ ខេង សំវ៉ាដា បាន​បញ្ជាក់ទៀតថា បច្ចុប្បន្ន កំណែទម្រង់ការគ្រប់គ្រង​ហិរញ្ញវត្ថុសាធារណៈបាន​ឈានដល់ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលអាច​ឱ្យរាជរដ្ឋាភិបាលពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត ដូចជា ការបើកប្រាក់បៀវត្សរ៍ និងប្រាក់សោធនតាមប្រព័ន្ធធនាគារ ដែលអាចបញ្ជប់បាននូវភាព យឺតយ៉ាវនៃការបើប្រាក់បៀវត្សរ៍សម្រាប់មន្រ្តីរាការ។ លោកជំទាវបានបន្តថា ដោយសារបច្ចុប្បន្ននេះយើងប្រើប្រាស់បច្ចេកវិទ្យាសម្រាប់គ្រប់គង​ទ្រព្យសម្បត្តិរដ្ឋ និងហិរញ្ញវត្ថុសាធារណៈ ដូច្នេះមន្រ្តីទាំង​អស់ត្រូវខិតខំរៀនសូត្រ ផ្លាស់ប្តូរបទ ពិសោធន៍ឱ្យបានច្រើន ដើម្បី​អភិវឌ្ឍន៍ខ្លួន និងស្ថាប័ន  ក្នុងគោលដៅចូលរួមអនុវត្តន៍ យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤របស់រដ្ឋាភិបាល ដើម្បី​កំណើនការងារ សមធម៌ និងប្រសិទ្ធភាព ឈានទៅសម្រេចបាននូវចក្ខុវិស័យនៃការប្រែក្លាយ ប្រទេសកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជា ប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕

ដោយ ឃុត សៅ