វិមាន ឈ្នះ ឈ្នះ បង្ហាញពីប្រវត្តិតស៊ូបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា នាំមកនូវសន្តិភាពនិងការអភិវឌ្ឍ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​៖

រាជរដ្ឋាភិបាលបានសាងសង់វិមាន ឈ្នះ ឈ្នះ នៅលើផ្ទៃដីទំហំ៨ហិកតា ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដើម្បីរំឭកដល់គុណូបការៈ របស់បុព្វបុរសខ្មែរគ្រប់សម័យ កាលដែលបានលះបង់ជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិ និងជានិម្មិតរូប នៃសុខសន្តិភាពដែលកម្ពុជា ទទួលបានក្រោយពីបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ ជាច្រើនទសវត្សរ៍កន្លងមក ព្រមទាំងជាកេរមរតក សម្រាប់កូនចៅជំនាន់ក្រោយផងដែរ ។


វិមានរំឭកការចងចាំនេះ នឹងត្រូវសម្ពោធឆ្លង រយៈពេល ៣ថ្ងៃ ៣យប់ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូខាងមុខនេះ ដំណាលគ្នានឹងខួប២០ឆ្នាំ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជាទាំងស្រុងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងការប្រារព្ធពិធីឆ្លងឆ្នាំដែលមានការអុចកាំជ្រួច និងការតាំងពិព័រណ៍ពាណិជ្ជកម្មសរុបប្រមាណ៨០០ស្តង់ ។
វិមាន ឈ្នះ ឈ្នះ ត្រូវបានសាងសង់ឡើងដោយបង្កប់នូវអត្ថន័យទៅលើការធានា៣យ៉ាង យុទ្ធសាស្ត្រទាំង ៥នៃការរំលាយអង្គការខ្មែរក្រហម និងកត្តាទាំង៧ដែលធ្វើឲ្យនយោ​បាយ ឈ្នះ ឈ្នះ ទទួលបានជោគជ័យ ។ នៅជុំវិញតួវិមានសាងសង់ជាចម្លាក់ហង្ស គ្រុឌ និងរូបដំរីក្បាលបី នាគ និង តោ ។


បរិវេណនៃវិមានអនុស្សាវរីយ៍នេះ មានចែកចេញជាបីតំបន់ ដែលទី១ គឺតួវិមានដែលមានទំហំទទឹង៣៦ម៉ែត្រ កម្ពស់៥៤ម៉ែត្រ និងលំហរផ្ទៃក្រឡានៅបាតខាងក្រោមនៃតួវិមាន៧ពាន់ម៉ែត្រការ៉េ។ ទី២ តំបន់សាមគ្គីផល ដែលដាំដើមឈើ ការតាំងរថគ្រោះ និងរថពាសដែក ព្រមទាំងយន្តហោះធ្វើសឹកសង្គ្រាមចាស់ៗ។ និងទី៣ ជាតំបន់សុខដុមរមណីយកម្ម ដែលមានការសាង់សំណង់តាមរចនាបថប្រាសាទព្រះវិហារ ប្រាសាទសម្បូរព្រៃគុក ប្រាសាទបាយ័ន ជាដើម ។


សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈ​កម្មការរៀបចំពិធីសម្ពោធវិមាន ឈ្នះ ឈ្នះ បានធ្វើសន្និសីទសារព័ត៌មានស្តីពីការរៀបចំសម្ពោធវិមាន ឈ្នះ ឈ្នះ និងអបអរសាទរ ខូប២០ឆ្នាំ នៃនយោបាយ ឈ្នះឈ្នះ ដោយបានបញ្ជាក់ថា វិមាននេះ ជាការរំឭកដឹងគុណ និងចង់បង្ហាញថា តើអ្វីទៅជានយោបាយឈ្នះ-ឈ្នះ? តើនយោបាយឈ្នះ-ឈ្នះ មានការអនុវត្ដន៍និងដំណើរការបែបណា? នៅទីណា? អ្នកណាខ្លះ? មានបញ្ហាប្រឈម ពុះពារក្នុងការឆ្លងកាត់ នៅក្នុងដំណាក់កាល នៃការដាក់ចេញ សម្រាប់ការអនុវត្តន៍នយោបាយឈ្នះ-ឈ្នះ តាមរបៀបណា? តើការបានដាក់ចេញ នូវគោលគំនិតនយោបាយឈ្នះ-ឈ្នះ ដោយសម្ដេចតេជោ ហ៊ុន សែន បានដោះស្រាយពុះពារ ដឹកនាំក្នុងដំណាក់កាលនីមួយៗបែបណា? ពីព្រោះនេះមិនមែនជាសុបិន ការស្រមៃ និងកាន់តែមិនមែនជា ការជួយជ្រោមជ្រែង ឬឧបត្ថម្ភណាមួយពីបរទេស ក្រៅពីជាតិខ្មែរខ្លួនឯងនោះឡើយ។


រាជរដ្ឋាភិបាល ចង់ឲ្យប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ យល់ដឹងឲ្យបានច្បាស់នូវនយោបាយ «ឈ្នះ ឈ្នះ» របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជាទាំងស្រុងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។ ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុង និងដើម្បីបង្រួបបង្រួមផ្សះផ្សាជាតិទាំងមូល សម្តេចតេជោ ហ៊ុន សែន បានសម្រេចដាក់ចេញនូវនយោបាយ «ឈ្នះ ឈ្នះ» ដែលធានាដល់អាយុជីវិត និងកម្មសិទ្ធិនានា នៅពេលពួកគេទម្លាក់អាវុធវិលមករួមរស់នៅក្នុងសង្គមជាតិក្រោមដំបូល នៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីនាំមកប្រទេសជាតិមានសុខសន្តិភាពពេញលេញ រហូតដល់សព្វថ្ងៃនេះ។
នយោបាយ «ឈ្នះ ឈ្នះ»តាមឯកសាររបស់ក្រសួងការពារជាតិ បានបង្ហាញថា គឺជាយុទ្ធសាស្ត្រនយោបាយដ៏សំខាន់មួយដែលស​ម្តេចតេជោ ហ៊ុន សែន បានបង្កើតឡើង ដើម្បីធ្វើឲ្យរលាយអង្គការចាត់តាំងរបស់ខ្មែរក្រហម ដែលតស៊ូតាមព្រៃជាយដែនខ្មែរ-ថៃ ក្នុងខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងប៉ៃលិនជាដើម ។ នយោបាយនេះបានដា​ក់ចេញយុទ្ធសាស្ត្របីសំខាន់ៗ ក្នុងការធានាដល់សុវត្ថិភាព កងទ័ពខ្មែរក្រហម៖ ទី១៖ ធានាអាយុជីវិត និងសុវត្ថិភាពរូបកាយ ទី២៖ ធានាអាជីព និងមុខរបរ និងទី៣៖ ធានាសន្តិសុខលើទ្រព្យសម្បត្តិ ទាំងអចលនទ្រព្យ និងចលនទ្រព្យ។
មានភស្តុតាង និងសិលាចារឹកជាច្រើន បានឆ្លាក់ និងចារនៅលើជញ្ជាំងវិមាន ឈ្នះ ឈ្នះ ដើម្បីរំឭកដល់គុណូបការៈ របស់បុព្វបុរសខ្មែរគ្រប់សម័យ កាលដែលបានលះបង់ជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិ ក៏ដូចជានិម្មិតរូបនៃសុខសន្តិភាពដែលកម្ពុជាទទួលបានក្រោយពីបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ ព្រមទាំងជាកេរមរតក សម្រាប់កូនចៅជំនាន់ក្រោយ ។


សិលាចារឹកទាំងនោះមានដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដូចជា៖ «…នៅមុនថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ខ្ញុំគ្រាន់តែជាទាហានដែលបានទទួលបញ្ជាពីខាងលើ ប៉ុន្តែចាប់ពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ រហូតដល់ពេលនេះ ខ្ញុំក្លាយទៅជាមេដឹកនាំដែលបានផ្សារភ្ជាប់ជាមួយនឹងដំណើរជាតិរបស់កម្ពុជាជារៀងរហូត ដោយមិនដាច់ខ្សែរយៈមួយណាទេ..»។ «…ជោគជ័យរបស់ ហ៊ុន សែន ចាប់ផ្តើមពីមនុស្ស៥នាក់ ប៉ុន្តែរហូតមកដល់មនុស្សរាប់លាននាក់ ដែលនៅជាមួយ ហ៊ុន សែន បានទាំងអស់ តាមរបៀបរក្សាចាស់បង្កើតថ្មី» ។ «…ទង្វើ(សមាហរណកម្ម) ដែលជនរួមជាតិយើងបានរួមគ្នាធ្វើនេះ គឺមិនមែនជាការចុះចាញ់ ឬការសារភាពនោះទេ ប៉ុន្តែនេះគឺជា កាតព្វកិច្ចកូនខ្មែរទាំងអស់ដែលមានភារកិច្ច ដើម្បីបង្កើតឡើងនូវសន្តិភាពសម្រាប់ប្រទេសរបស់ខ្លួន ហើយសន្តិភាពដែលយើងធ្វើនេះ គឺជាសន្តិភាពដែលបានកើតឡើងពីបាតដៃរបស់ជនរងគ្រោះជាអ្នក បង្កើតឡើង…»។ «…ទីបំផុត ដំណោះស្រាយឈ្នះ ឈ្នះ ដោយជនរងគ្រោះនេះហើយ ដែលស្វែងរកសន្តិភាព​ដើម្បីប្រទេសរបស់ខ្លួន…»។ «វិមានអនុស្សាវរីយ៍នៃការបញ្ច្រប់សង្គ្រាមស៊ីវិល និងទទួលបានសន្តិភាពពេញលេញនៅកម្ពុជាដោយនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន» ជាដើម។
ជាមួយគ្នានេះ ក៏មានបង្ហាញនូវចម្លាក់នៃប្រវត្តិតស៊ូក្នុងព្រៃសមរភូមិ និងការចរចាបញ្ចប់សង្គ្រាម របស់សម្តេចតេជោ ហ៊ុន សែន និងឥស្សរជនស្នេហាជាតិមាតុភូមិ ជាច្រើនរូបទៀតមានជាអាទិ៍៖ និមិត្តសញ្ញានៃនយោបាយឈ្នះ ឈ្នះ ដោយផ្អែកលើការធានា៣យ៉ាង យុទ្ធសាស្ត្រDIFID​ និងកត្តាទាំង៧ ដែលនាំមកនូវជ័យជំនះ ។​ រូបភាពរបស់វីរជនស្នេហាជាតិក្នុងការចរចាបញ្ចប់សង្គ្រាមស៊ីវិល។ រូបភាពនៃការធ្វើសមាហរណកម្មរបស់កងទ័ពខ្មែរក្រហម ដែលមានឯកសណ្ឋានអាវជាទាហានសម័យរដ្ឋកម្ពុជា ប៉ុន្តែនៅពាក់មួកកន្តឹបដែលឯកសណ្ឋានសម្គាល់កងទ័ពខ្មែរក្រហម។ ផ្ទាំងរូបភាពទូក ងលម្អ ដោយក្បាលនាគដែលមានមនុស្សជាច្រើនក្រុម ជិះធ្វើដំណើរលើមហាសាគរដ៏ធំធេង ដោយមានឧត្តមនាវិកដ៏ចំណាន គឺសម្តេចតេជោ ហ៊ុន សែន ជាអ្នកកាច់ចង្កូត ដើម្បីដឹកអ្នកដំណើរទៅកាន់ត្រើយនាយ ដែលឆ្លងកាត់មហាព្យុះសង្ឃរា និងរលកគ្រាំគ្រេង ប្រកបដោយសុវត្ថិភាពទម្រាំមានដូចសព្វថ្ងៃ ។
បើតាមការរៀបរាប់របស់សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា សិលាចរឹកទាំងនេះ បង្ហាញពីប្រវត្តិដ៏ជូរចត់មួយ ដែលមនុស្សម្នាក់ ពោលគឺ សម្តេចតេជោ ហ៊ុន សែន ត្រូវប្រថុយយកអាយុជីវិត និងការលះបង់សេចក្តីសុខរបស់ខ្លួន ដើម្បីជាតិរស់។ ដូច្នេះ នយោបាយឈ្នះ ឈ្នះ មិនត្រឹមតែជាការចងចាំប៉ុណ្ណោះទេ ប៉ុន្តែជាឯកសារ ដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់ប្រទេសកម្ពុជា។ នយោបាយ ឈ្នះ ឈ្នះ បានធ្វើឱ្យជាតិមាតុភូមិកម្ពុជា បញ្ចប់បានសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃទាំងស្រុង និងធ្វើឲ្យកម្ពុជាទទួលបាននូវសុខសន្តិភាពដ៏មានតម្លៃ។
ក្រៅពីការសម្ដែងនូវភាពកតញ្ញូ ការរំឭកដឹងគុណតម្លៃនៃនយោបាយឈ្នះ ឈ្នះ និងអ្នកដឹកនាំដែលបានបង្កើត ក៏ជាការរៀបចំទីតាំងដែលបង្ហាញនូវសមិទ្ធផលទទួលដោយសន្ដិភាព និងការអភិវឌ្ឍក្នុងមាតុភូមិកម្ពុជា ជាពិសេសបំផុតក្នុងរយៈពេលតែ២០ឆ្នាំក្រោយនយោបាយឈ្នះ ឈ្នះ បានបញ្ចប់សង្គ្រាមទាំងស្រុងនិងបានទទួលសន្ដិភាព។ ន័យនេះបញ្ជាក់ អំពីភាពសុខដុមរមណីយកម្មរបស់​សង្គមកម្ពុជាក្នុងដំណាក់កាលនេះ និងជាដំណាក់កាលដែលមានឈ្មោះថា សម័យកាលតេជោសែន ដែលមានការអភិវឌ្ឍគ្រប់វិស័យ ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ចការបរទេស ការពារជាតិ អប់រំ វប្បធម៌ កសិកម្ម សំណង់ កីឡា ជាដើម។ ម្យ៉ាងទៀត ក៏ជាការចែករំលែក និងជាកន្លែងមួយសម្រាប់ឲ្យយុវជនធ្វើជាមូលដ្ឋានក្នុងការសិក្សាស្រាវជ្រាវលើនិក្ខេបបទរបស់ខ្លួន ទាំងការស្ថាបនាកសាងរូបចម្លាក់ និមិត្តសញ្ញា ស្ថាបត្យកម្ម ទម្រង់រូបរាង និងដំណាក់កាលនៃការតស៊ូបញ្ចប់សង្គ្រាមនៅកម្ពុជា ។
នេះគឺជាគោលបំណងសាមញ្ញនៃការកសាងវិមានឈ្នះ ឈ្នះ ប៉ុន្ដែចេញពីភាពសាមញ្ញទាំងបីនេះ ពិតណាស់អាចផ្ដល់ឲ្យមនុស្សគ្រប់មជ្ឈដ្ឋាន ទាំងអ្នកចេះដឹងជ្រៅជ្រះ អ្នកប្រវត្តិសាស្ដ្រ ប្រជាជនសាមញ្ញ ពាណិជ្ជករ ទេសចរក្នុង និងក្រៅប្រទេស ឈ្វេងយល់ពីមហិច្ឆតាដ៏ធំនៃទំព័រប្រវត្តិសាស្ដ្រថ្មីរបស់ប្រទេសកម្ពុជា សម្រាប់មនុស្សគ្រប់ជំនាន់។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលជាស្ថាបនិកតែមួយគត់ក្នុងការបញ្ចប់សង្រ្គាមស៊ីវិលដ៏រ៉ាំរ៉ៃនៅកម្ពុជា និងជាបុរសឆ្នើមសម្រាប់សន្តិភាព និងការអភិវឌ្ឍ នឹងចូលរួមធ្វើជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធវិមាន ឈ្នះ ឈ្នះ និងអបអរសាទរពិធីខួប២០ឆ្នាំ នៃនយោបាយឈ្នះ-ឈ្នះ (ឆ្នាំ១៩៩៨-ឆ្នាំ២០១៨) ព្រមទាំងការប្រារព្ធពិធីឆ្លងឆ្នាំសកល រយៈពេល៣យប់ ៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ ដោយមានការអុចកាំជ្រួចបែប3D នាពេលរាត្រី និងការតាំងពិព័រណ៍ពាណិជ្ជកម្មសរុបជាង៨០០ស្តង់ និងល្បែងកម្សាន្តមានដូចជា៖ ពិព័រណ៍​​​​ទេសចរណ៍ ម្ហូបអាហារ ក្បួនជិះកង់កម្សាន្ត ការប្រដាល់គុនដណ្តើមខ្សែក្រវ៉ាត់ពិភពលោក អុកចត្រង្គ ប្រណាំងរទះគោ ក្របី រទះសេះ ការប្រគំតន្ត្រី ការសម្តែងរបាំប្រពៃណី និងការកម្សាន្តជាច្រើនទៀត។
ដូច្នេះ ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ក៏ដូចជាភ្ញៀវទេសចរអន្តរជាតិ អាចចូលរួមព្រឹត្តិការណ៍នេះ ដើម្បីស្វែងយល់​ពី​នយោបាយដែលកម្ពុជាទទួលបានជោគជ័យនៃការបញ្ចប់សង្រ្គាមស៊ីវិលដ៏រ៉ាំរ៉ៃរបស់កម្ពុជា កាលពី២០ឆ្នាំមុន ដោយរាជរដ្ឋាភិបាល បានសម្រួលភាពងាយដោយប្រើប្រាស់រថយន្តក្រុងសាធារណៈរបស់សាលារាជធានីភ្នំពេញ សម្រាប់ដឹកជញ្ជូនដោយមិនគិតថ្លៃ ដែលបានទាំងការកម្សាន្តសប្បាយ និងបានស្វែងយល់ពីប្រវត្តិតស៊ូនៃដំណើរ​ការចរាចរបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ៕