គណបក្សប្រជាជនកម្ពុជា ប្រកាសជំហរម៉ឺងម៉ាត់ក្នុងការបង្រ្កាបអំពើពុករលួយ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ ធីណា ឌីណេ ៖


គណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំរាជរដ្ឋាភិបាល បានប្រកាសយ៉ាងម៉ឺងម៉ាត់ក្នុងការបង្រ្កាបអំពើពុករលួយនៅកម្ពុជា ដើម្បីសម្រេចបានការអភិវឌ្ឍ ប្រកបដោយសមធម៌ និងយុតិ្តធម៌។
ឯកឧត្តម ឈឹម ផលវរុន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានឲ្យដឹងថា គណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា បានចាត់ទុកអំពើពុករលួយ គឺជាឧបសគ្គនៃកាអភិវឌ្ឍសេដ្ឋកិច្ច នីតិរដ្ឋប្រជាធិបតេយ្យ សន្តិភាពសង្គម ហើយក៏ជាមូលដ្ឋានមួយនៃភាពក្រីក្រផងដែរ។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់សន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤១ អាណត្តិ៥ របស់គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីកម្ពុជា នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ កាលពីល្ងាចថ្ងៃទី២០ ខែធ្នូ ឯកឧត្ដម បានបញ្ជាក់ថា ការអនុវត្តយុទ្ធសាស្ត្រប្រឆាំងអំពើពុករលួយ នឹងអាចប្រព្រឹត្តទៅបានដោយមានការគាំទ្រ និងមានធនធានគ្រប់គ្រាន់ ទើបអាចបង្ការទប់ស្កាត់ និងបង្ក្រាបករណីពុករលួយបានទាំងស្រុង។
ឯកឧត្តម​ បញ្ជាក់​ថា​ ពាក់ព័ន្ធទៅនឹងរឿងប្រឆាំងអំពើពុករលួយ ឬក៏ភាពមិនប្រក្រតី គឺយើងបានឃើញហើយថា យើងបានសង្កត់ធំយ៉ាងខ្លាំងបន្តទៅទៀត ក្នុងការពង្រឹង និងអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាព ហើយចំណុចនេះយើងបានជជែកគ្នាច្រើន ហើយយើងបានប្តេជ្ញាចិត្តបន្តកំណែទម្រង់នេះ ជាពិសេសគឺការកសាងនូវភាពស្អាតស្អំនៅក្នុងស្ថាប័ន ក៏ដូចជានៅក្នុងសង្គម។ យើងធ្វើបានជោគជ័យជាជំហ៊ានៗ ពិតមែន តែវាមិនបានដូចគ្រប់គ្នាទទួលយកបានទាំងអស់ពិតមែន ប៉ុន្តែជាលទ្ធផល យើងធ្វើបានលទ្ធផលជាជំហ៊ានៗ ដែលប្រជាពលរដ្ឋទទួលយក និងគាំទ្រដែលបញ្ជាក់ពីសូចនាករពីកំណែទម្រង់អាណត្តិទី៥កន្លងទៅ ដោយសារតែយើងធ្វើកំណែទម្រង់បានផ្លែផ្កានេះហើយ ទើបប្រជាពលរដ្ឋ បានគាំទ្រគណបក្សប្រជាជនកើនទៅដល់ជិត៧៨ភាគរយ។
ឯកឧត្តម បន្តថា ការអនុវត្តកំណែទម្រង់អភិបាលកិច្ច ជាស្នូលនៃយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ដើម្បីជាមូលដ្ឋានក្នុងការជំរុញការប្រយុទ្ធប្រឆាំងអំពើពុករលួយ ឲ្យកាន់តែមានប្រសិទ្ធភាព។ ឯកឧត្តមបញ្ជាក់ថា នឹងបន្តអនុវត្តច្បាប់ និងលើកទឹកចិត្តការចូលរួមគាំទ្រពីមហាជន និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីប្រឆាំងអំពើពុករលួយគ្រប់ប្រភេទ គ្រប់ជាន់ថ្នាក់ គ្រប់វិស័យ។
សូមបញ្ជាក់ថា អង្គភាពប្រឆាំងអំពើពុករលួយ មានបេសកកម្មដឹកនាំការប្រយុទ្ធប្រឆាំងអំពើពុករលួយគ្រប់រូបភាព គ្រប់វិស័យ និងគ្រប់ជាន់ថ្នាក់ទាំងអស់នៅកម្ពុជា តាមរយៈការចាត់វិធានការអប់រំ ការបង្ការទប់ស្កាត់ និងការអនុវត្តច្បាប់ និងការចូលរួមពីសាធរណជន និងអន្តរជាតិ៕