ក្រសួងកសិកម្មពង្រឹងវិធានអប់រំពីបច្ចេកទេសនៃការប្រើប្រាស់ថ្នាំនិងជីកសិកម្មដល់កសិករនិងម្ចាស់កសិដ្ឋាន

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ ស្រី​ ផល​៖


ក្រសួងកសិកម្មពង្រឹងវិធានអប់រំពីបច្ចេកទេសនៃការប្រើប្រាស់ថ្នាំនិងជីកសិកម្មដល់ប្រ ជាកសិករនិងសហគមន៍ធ្វើសកម្មសិកម្ម ដើម្បីធានាការពារសុវត្ថិភាព សុខភាពទំាង អ្នកបរិភោគ និង អ្នកប្រើប្រាស់។
ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានណែនាំទៅដល់ក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចអាជីវករលក់ដុំលក់រាយសំភារៈកសិកម្មនិងអ្នកប្រើប្រាស់សម្ភារៈកសិកម្ម ត្រូវប្រើប្រាស់ដោយទំនួលខុសត្រូវតាមគោលការណ៍បច្ចេកទេសជៀសវាងការប្រើប្រាស់ខុស បង្កឲ្យមានគ្រោះថា្នក់និងខូចបរិស្ថាន។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានឲ្យដឹងថា ដើម្បីពង្រឹងការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្មនិងជីកសិកម្មប្រកបដោយប្រសិទ្ធភាពនិងសុវត្ថិភាពក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ធ្វើការណែនាំដល់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទរាជធានីខេត្តត្រូវបង្កើនការអប់រំផ្សព្វផ្សាយអំពីវិធានបច្ចេកទេស និងរបៀប នៃការប្រើប្រាស់ថ្នាំកសិកម្មនិងជីកសិកម្មប្រកបដោយសុវត្ថិភាពព្រមទាំងវិធានការបង្ការគ្រោះថ្នាក់នៅពេលដែលមានបញ្ហាកើតឡើងពីការប្រើប្រាស់ថ្នាំកសិកម្មនិងជីកសិកម្មដល់បុគ្គលិកកម្មករនិងអ្នកប្រើប្រាស់សម្ភារៈកសិកម្មនៅក្នុងកសិដ្ឋានរបស់ខ្លួន។
សេចក្តីប្រកាសក៏បានជំរុញឲ្យ មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទរាជធានីខេត្តត្រូវ ចុះទៅពង្រឹងវិធានការណ៍ច្បាប់ដល់អ្នកលក់ដូរសម្ភារៈកសិកម្មនិងអ្នកប្រើប្រាស់អំពីហានិភ័យពីការប្រើប្រាស់ថ្នាំកសិកម្មនិងជីកសិកម្មខុសលក្ខណៈបច្ចេកទេសនិងតាមដានស្រាវជ្រាវនិងត្រួតពិនិត្យបទល្មើសក្នុងវិស័យថ្នាំកសិកម្មនិងជីកសិកម្មស្របតាមបទប្បញ្ញត្តិនៃច្បាប់ស្ដីពីការគ្រប់គ្រងថ្នាំកសិកម្មនិងជីកសិកម្មនិងត្រូវរាយការណ៍អំពីលទ្ធផលការងារជូនក្រសួងរុក្ខាប្រមាញ់នឹងនេសាទ។