មន្ទីរកសិកម្មខេត្តព្រះវិហារ បង្កើនការចងក្រងបណ្តុំកសិករដាំបន្លែ និងចិញ្ចឹមសត្វបន្ថែមទៀត

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ ស្រី​ ផល​ ៖

មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានអះអាងថា នៅឆ្នាំ២០១៩ខាងមុខនេះ គ្រោងបង្កើនការចងក្រងបណ្តុំកសិករផលិតបន្លែ និងចិញ្ចឹមសត្វបន្ថែមទៀត ដើម្បីនាំកសិផលរបស់កសិករទាំងនោះឆ្ពោះទៅរកទីផ្សារ ដែលនឹងជួយឲ្យជីវភាពរបស់ពួកគាត់កាន់តែប្រសើរឡើង។


លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ មានប្រសាសន៍ថា ជំនាញកសិកម្មខេត្ត បានសហការជាមួយគម្រោងបច្ចេកទេសថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ ដើម្បីបង្កើនការចងក្រងបណ្តុំកសិករដាំបន្លែ និងចិញ្ចឹមសត្វបន្ថែមទៀត តាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ និងជួយពួកគាត់ឲ្យមានទីផ្សារលក់ផលិតផលទាំងនេះ។ លោកបញ្ជាក់ថា ការចងក្រងជាបណ្តុំកសិករ នឹងអាចឈានទៅរកការចុះកិច្ចសន្យាលក់ផលិតទៅឲ្យអាជីវករតាមទីផ្សារ និងហាងលក់ទំនិញនានា តាមតម្លៃដែលបានកំណត់ច្បាស់លាស់។ លោកជឿជាក់ថា ការចងក្រងកសិករជាបណ្តុំក្នុងការផលិតបន្លែ និងចិញ្ចឹមសត្វនេះ ពិតជាបានធ្វើឲ្យពួកគាត់អាចទទួលបានទាំងបទពិសោធន៍ បច្ចេកទេសកសិកម្មត្រឹមត្រូវ និងទទួលបានប្រាក់ចំណូលច្រើនពីមុខរបរមួយនេះ សម្រាប់លើកកម្ពស់ជីវភាពគ្រួសារ។
យោងតាមរបាយការណ៍របស់កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានបង្ហាញថា ក្នុងឆ្នាំ២០១៨នេះ នៅក្នុងខេត្តមានបណ្តុំកសិករដំណាំបន្លែចំនួន៦សហគមន៍ ដោយមានសមាជិក១៥៨គ្រួសារ។ ចំណែក បណ្តុំកសិករចិញ្ចឹមមាន់ មានចំនួន៦សហគមន៍ មានសមាជិក១៧៥គ្រួសារ។ រៀបចំគ្រួសារចិញ្ចឹមត្រីចំនួន៦ស្រុក មានចំនួន៩៩គ្រួសារ និងបានគាំទ្រ កសិករគម្រោងឆ្នាំ២០១៩ លើផលិតកម្មដំណាំបន្លែឲ្យបានចំនួន៧០ក្រុមបន្ថែមទៀត៕