អ្នកការទូតផ្តល់យោបល់ស្តីអំពីការដាក់ទណ្ឌកម្មថ្មីៗរបស់អាម៉េរិក

AKP ភ្នំពេញ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ — អនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergie Ryabkov បាននិយាយនៅក្នុងសេចក្តីថ្លែង​ការណ៍ព័ត៌មានមួយ ដែលបានចេញផ្សាយនៅលើគេហទំព័រ​របស់ក្រសួងការបរទេស​កាលពីថ្ងៃ​ព្រហស្បតិ៍ថា ការដាក់ទណ្ឌកម្មថ្មីៗរបស់អាម៉េរិក បានបង្ហាញថា ទីក្រុងវ៉ាស៊ីងតោន​បន្តដាក់​សម្ពាធ​ខាងនយោបាយមួយ ដែលមានបំណងក្នុងការបង្កើនភាពតានតឹង​ខ្លាំងឡើងៗ។

លោកបាននិយាយថា ខណៈដែលយើងបានមើលឃើញថា ទីក្រុងវ៉ាស៊ីងតោន​បន្តដាក់សម្ពាធខាងនយោបាយមួយ ដែលមានបំណងក្នុងការបង្កើនភាពតានតឹងទ្វេភាគី។ យើងគ្រាន់តែចង់បញ្ជាក់ម្តងហើយម្តងទៀតថា ការដាក់ទណ្ឌកម្មនានានៅខាង​ក្រៅទឹកដីរបស់​អាម៉េរិក គឺមិនស្របច្បាប់ទេ ហើយខណៈដែលទីក្រុងវ៉ាស៊ីងតោន​គួរតែមើលឃើញ​កន្លងមក​ហើយ វាជាឧបករណ៍គ្មានប្រសិទ្ធភាពនោះទេ។ លោក​ Ryabkov បានបន្ថែមថា រុស្ស៊ីមិន​បានផ្តល់​អ្វី​ពាក់ព័ន្ធនឹងការដាក់សម្ពាធនេះទេ។

អនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ីរូបនេះ បានសង្កត់ធ្ងន់ថា គោលគំនិតខ្លីរបស់ទីក្រុង​វ៉ាស៊ីង​តោន​​គឺមិនជាប់ទាក់ទងនឹង ផលប្រយោជន៍នៃប្រជាជនរបស់ប្រទេសទាំងពីរទេ ខណៈដែល​វាធ្វើឱ្យប៉ះពាល់ដល់ទស្សន វិស័យសម្រាប់ធ្វើឱ្យប្រសើរឡើងនូវកិច្ចទំនាក់ទំនងតែប៉ុណ្ណោះ៕

( ប្រភព TASS: បកប្រែដោយលោក មាស សំអុល )