លោក ពូទីន ត្រៀមខ្លួនធ្វើការសន្ធនាគ្នាដោយផ្ទាល់ជាមួយលោក ត្រាំ

AKP ភ្នំពេញ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ — ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន ( Valadimir Putine ) បាននិយាយពីថ្ងៃព្រហស្បតិ៍ថា លោកបានត្រៀមខ្លួនជាមួយសមភាគីអាម៉េរិក លោក ដូណាល់ ត្រាំ ( Donald Trump ) ព្រមទាំងធ្វើការពិភាក្សាគ្នានូវទំនាក់ទំនងទ្វេភាគីហើយនឹងបញ្ជាជាច្រើននៅលើរបៀបវារអន្តរជាតិ ។

លោក ពូទីន បាននិយាយនៅឯសន្និសីទសារព័ត៌មានប្រចាំឆ្នាំមួយថា ខ្ញុំមិនដឹងថា តើនឹងមានកិច្ច ប្រជុំមួយរវាងយើង ឬយ៉ាងណានោះទេ ។ ខ្ញុំបាននិយាយជាច្រើនលើកហើយថា យើងត្រៀមខ្លួនហើយ យើងជឿថា មានបញ្ហាដែលយើងត្រូវធ្វើការពិភាក្សាជាមួយគ្នា ។

លោកបាននិយាយថា ភាគីទាំងពីរចាំបាច់ត្រូវធ្វើការពិភាក្សានូវទំនាក់ទំនងទ្វេភាគី ដែលក្រុងមូស្គូ និងក្រុងវ៉ាស៊ីតោន បានយកចិត្តទុកដាក់ក៏ដូចជាបញ្ហាដែលមានជាប់ទាក់ទងដល់កូរ៉េខាងជើង, អាហ្វហ្គា- និស្ថាន ព្រមទាំងបញ្ហាដទៃជាច្រើនទៀតនៅក្នុងពិភពលោក ។

លោក ពូទីន បាននិយាយថា ខ្ញុំសង្ឃឹមថា អ្វីៗនឹងមានភាពត្រឹមត្រូវ ព្រោះជាការពិតយើងបាន ឈានទៅដល់បាតក្រោមនៃទំនាក់ទំនងរបស់យើង ហើយយើងត្រូវតែយល់ថា មានភាពចាំបាច់មួយដែល ត្រូវងើបឡើងចេញពីបាតក្រោមនេះ ហើយដកដង្ហើមយកខ្យល់អាកាសថ្មី ព្រមទាំងត្រូវគិតពីការដឹកនាំឱ្យបានច្បាស់លាស់មួយ ពីរបៀបដែលត្រូវរស់នៅថែមទៀតនោះ ។

កាលពីខែកន្លងទៅបន្ទាប់ពីការលុបចោលកិច្ចប្រជុំមួយ រវាងមេដឹកនាំទាំងពីនៅក្នុងក្រុងប៉ារីសនោះ លោក ត្រាំ បានបញ្ឈប់កិច្ចប្រជុំ ដែលបានគ្រោងទុកពីមុខមួយទៀត ជាមួយលោក ពូទីន នៅខាងក្រៅកិច្ចប្រជុំក្រុម G20 ក្នុងរដ្ឋធានី ប៊ុយណូសែ របស់ប្រទេសអាហ្សង់ទីន ។ ការបញ្ឈប់កិច្ចប្រជុំរបស់លោក ត្រាំ ត្រូវបានបរិហាររិះគន់ ដោយក្រុងមូស្គូថា ជាលទ្ធផលមួយនៃការធ្វើនយោបាយផ្ទៃក្នុងរបស់ ស.រ.អា ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )