រដ្ឋមន្ត្រីក្រសួងការពារជាតិអាម៉េរិកចុះចេញពីតំណែង

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ឆានែលញូវអាស៊ី (២១.១២.១៨)

អាមេរិក៖ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោកហ្សីមម៉ាទីស​បានសុំលាលែងពីតំណែងកាលពីថ្ងៃព្រហស្បតិ៍នេះនៅពេលដែលលោកប្រធានាធិបតីដូណល់ត្រំា​បានទទួលរងនូវ​ប្រតិកម្មប្រឆាំងយ៉ាងខ្លាំងទំាងនៅក្នុងនិងក្រៅប្រទេសជុំវិញការសម្រេចចិត្តភ្លាមៗរបស់លោកក្នុងការដកកងទ័ពអាមេរិកទាំងអស់ចេញពីប្រទេសស៊ីរី។

លោក ត្រាំ បានសំរេចចិត្តយ៉ាងម៉ឺងម៉ាត់ចំពោះការដកកងកម្លាំងជាង ២.០០០ នាក់ពីប្រទេសស៊ីរីដោយប្ដេជ្ញាថាសហរដ្ឋអាមេរិកនឹងលែងក្លាយជា ប៉ូលិសការពារនៅមជ្ឈឹមបូព៌ាហើយព្រមទាំងនិយាយថាក្រុមរដ្ឋអ៊ីស្លាមដែលហៅកាត់ថាអាយស៊ីសត្រូវបានកម្ចាត់អស់ផងដែរ ។

លោកម៉ាទីសជារដ្ឋមន្ត្រីដែលត្រូវបានគេមើលឃើញថាបានសំរបសំរួលដល់ការសំរេចចិត្តភ្លាមៗរបស់ប្រធានាធិបតីជារឿយៗនោះ
បានប្រឹងប្រែងលាក់បាំងនូវការមិនយល់ស្របរបស់គាត់ជាមួយលោកត្រាំ ទាក់ទងនឹងការដកទ័ពចេញពីប្រទេសស៊ីរី ។លោក ម៉ាទីស នឹងបម្រើការងាររហូតដល់ចុងខែកុម្ភៈឆ្នាំក្រោយដោយផ្តល់ពេលឲ្យលោកត្រាំក្នុងការស្វែងរកអ្នកស្នងតំណែងដែលត្រូវសំរេចដោយព្រឹទ្ធសភា។