ក្រសួងជំនាញណែនាំអោយប្រជាកសិករជួយថែរក្សាទឹកទុកធ្វើស្រែប្រាំង

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ ទុយ​ សូលីដា​៖

ក្រសួងកសិកម្មនិងក្រសួងធនធានទឹកបានណែនាំដល់ប្រជាកសិករអោយជួយថែរក្សាទឹកទុកសម្រាប់ធ្វើស្រែប្រាំង ដើម្បីធានាដល់ការងារបង្កបង្កើនផលបានគ្រប់គ្រាន់មិនខ្វះខាតទឹក សម្រាប់ស្រោចស្រពជាដើម។ លោក ងិន កុសល ប្រធាននាយកដ្ឋានវិស្វកម្មកសិកម្មនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានមានប្រសាសន៍នៅក្នុងកម្មវិធីសន្ទនាមតិ«ជីវិតយើង សង្គមយើង»ថា ជារៀងរាលឆ្នាំ កម្ពុជាតែងតែមានការខ្វះខាតទឹកប្រើប្រាស់ នៅចុងរដូវប្រាំង ដូចនេះប្រជាកសិករត្រូវរក្សាទឹកទុកនៅក្នុងអាង ក្នុងស្រែ និងប្រឡាយ បឹងបួរនានា ដើម្បីត្រៀមទឹកសំរាប់ធ្វើស្រែទៅមុខបន្តទៀត។
លោកប្រធានបន្តថា បរិមាណទឹកដែលស្តុកទុកនៅក្នុងអាងនីមួយៗ មានបរិមាណមិនគ្រប់គ្រាន់សម្រាប់ការស្រោចស្រប ដំណាំដាំដុះរបស់ប្រជាកសិករ ដោយសារតែការធ្វើស្រែរបស់ប្រជាកសិករ វាច្រើនលើសកំរិតទឹកដែលស្តុកទុក ជាពិសេសនៅរដូវប្រាំង។
សម្លេង៖ គាត់ធ្វើស្រែប្រាំងជាទូទៅ បរិមាណទឹកនៅស្រែប្រាំងរបស់យើង អាងទឹករបស់យើងនិងមានកំណត់ ចឹងទៅតាមទំហំនៃអាងទឹងនិងប្រសិនបើទំហំអាងទឹងវាអាចគ្រប់គ្រងតែ៥០០ហិតតា យើងទៅធ្វើ៦០០ហិតតាគឺមានបញ្ហាកង្វះខាតទឹកហើយ នេះជាកាណែនាំជាប្រចាំរបស់ក្រសួងកសិកម្មនិងក្រសួងធនធានទឹកហើយ យើងបានបញ្ជូនទៅសេណាធិការដែលជាមន្ទីរតាមខេត្តនិងណែនាំគាត់បន្តទៀត។
លោក ម៉ែន ម្លប់បុណ្យ អនុប្រធាននាយកដ្ឋានសហគមន៍កសិករប្រើប្រាស់ទឹក ក្រសួងធនធានទឹកនិងឧត្តុនិយម មានប្រសាសន៍ថា រាជរដ្ឋាភិបាល បានជំរុញអោយមានការបង្កើតសហគមន៍កសិករប្រើប្រាស់ទឹក នៅក្នុងគោលបំណងអោយកសិករចូលរួមថែទាំនិងផ្ដល់សិទ្ធក្នុងការស្រោចស្រពដីស្រែរបស់កសិករ។ លោកបញ្ជាក់ថា ការរួមគ្នាថែរក្សាទុកទុកគឺជារឿងចាំបាច់បំផុតរបស់កសិករក្នុងការងារបង្កបង្កើនផល ខណៈដែលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាបានរងផលប៉ះពាល់ខ្វះខាតទឹកស្រោចស្រពពេលចុងរដូវប្រាំង។ទោះបីជាយ៉ាងនេះក្តី ឯកឧត្តមបានអះអាងថា រាជរដ្ឋាភិបាលមានវិធានការណ៍អន្តរាគមន៍បូមទឹកជួយសង្គ្រោះសន្ទូងស្រូវប្រាំងរបស់ប្រជាពលរដ្ឋបានទាន់ពេលវេលាសម្រាប់តំបន់ដែលនៅក្បែរប្រភពទឹក ដើម្បី កាត់បន្ថយផលប៉ះពាល់អោយមកនៅកម្រិតទាបបំផុត៕