អតីតនាយករដ្ឋមន្ត្រីថៃ នឹងចូលរួមពិធីសម្ពោធវិមានឈ្នះ ឈ្នះ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​៖

រាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា ឯកឧត្តម ឆាវ៉ាលីត យុងឆៃយុទ្ធ អតីតនាយករដ្ឋមន្ត្រីថៃ ព្រមទាំងភ្ញៀវអន្តរជាតិ និងបណ្តាអង្គទូត ត្រូវបានអញ្ជើញឲ្យចូលរួមពិធីសម្ពោធវិមានឈ្នះ ឈ្នះ និងអបអរខួប២០ឆ្នាំ នៃនយោបាយបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា ដែលនឹងប្រព្រឹត្តទៅយ៉ាងអ៊ឹកអធិកនៅចុងខែនេះ។


សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការរៀបចំពិធីសម្ពោធវិមាន ឈ្នះ ឈ្នះ បានឲ្យដឹងថា ចំពោះភ្ញៀវថៃនឹងមានវត្តមានឥស្សរជនជាមន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិប្រទេសថៃ និង ឯកឧត្តម ឆាវ៉ាលីត យុងឆៃយុទ្ធ ទោះថា លោកមានវ័យចាស់បន្តិចតែនៅមាំទាំ អាចមានវត្តមានក្នុងពិធីនេះបាន។


ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីការរៀបចំសម្ពោធវិមាន ឈ្នះ ឈ្នះ និងអបអរសាទរខូប២០ឆ្នាំ នៃនយោបាយ ឈ្នះឈ្នះ កាលពីព្រឹកថ្ងៃទី១៧ ខែធ្នូ សម្តេចពិជ័យសេនា ទៀ បាញ់ បានឲ្យដឹងថា ពិធីដ៏ធំលើកទី១នៅកម្ពុជា ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី២៩-៣១ ខែធ្នូខាងមុខនេះ នឹងមានវត្តមានភ្ញៀវអន្តរជាតិដូចជា អង្គទូត អង្គការអន្តរជាតិ គណៈប្រតិភូមកពីប្រទេសវៀតណាម ឡាវ ថៃ និងចិន។ សម្តេចពិជ័យសេនា បន្តថា ឥស្សរជនមកពីបណ្តាប្រទេសជាមិត្តទាំងនោះ នឹងត្រូវមានការរៀបចំទទួលយ៉ាងត្រឹមត្រូវ។


រាជរដ្ឋាភិបាល នឹងធ្វើពិធីសម្ពោធវិមាន ឈ្នះ ឈ្នះ និងអបអរទិវាខួប២០ឆ្នាំ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជាទាំងស្រុងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ក្រោមកិច្ចប្រឹងប្រែងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយការប្រារព្ធពិធីឆ្លងឆ្នាំ រយៈពេល៣ថ្ងៃ៣យប់ នៅថ្ងៃទី២៩-៣១ ខែធ្នូខាងមុខនេះ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានឲ្យដឹងថា ក្នុងពិធីនេះ នឹងមានការរៀបចំជាផែនឈររបស់ កងទ័ពចំនួន៥៤ផែន ស្មើនឹងកម្លាំងសរុប៦.៩៨២នាក់ ព្រមទាំងផែនមន្ត្រីរាជការតាមក្រសួងស្ថាប័ន និងមហាជនមានសិស្ស និស្សិត យុវជនកាយរីទ្ធ យុវជនកាកបាទក្រហមកម្ពុជាសរុបជាង៥០០នាក់។
រាជរដ្ឋាភិបាលកម្ពុជា បានសាងសង់វិមាន ឈ្នះ ឈ្នះ នៅលើទំហំផ្ទៃដី៨ហិកតា ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដើម្បីរំឭកដល់គុណូបការៈ របស់បុព្វបុរសខ្មែរគ្រប់សម័យ កាលដែលបានលះបង់ជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិ ក៏ដូចជានិម្មិតរូប នៃសុខសន្តិភាពដែលកម្ពុជា ទទួលបានក្រោយពីបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ ជាច្រើនទសវត្សរ៍កន្លងមក ព្រមទាំងជាកេរមរតក សម្រាប់កូនចៅជំនាន់ក្រោយផងដែរ។
យោងតាមការឯកសាររបស់ក្រសួងការពារជាតិ បានបង្ហាញថា នយោបាយ «ឈ្នះ ឈ្នះ» គឺជាយុទ្ធសាស្ត្រនយោបាយដ៏សំខាន់មួយដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានបង្កើតឡើងនៅឆ្នាំ១៩៩៤ ដើម្បីធ្វើឲ្យរលាយអង្គការចាត់តាំងរបស់ខ្មែរក្រហម ដែលតស៊ូតាមព្រៃជាយដែនខ្មែរ-ថៃ ក្នុងខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងប៉ៃលិន ជាដើមនេះ ជាមួយនិងការជួយ ជ្រោមជ្រែងពីភាគីថៃ ដែលក្នុងសម័យកាលនោះមានឯកឧត្តម ឆាវ៉ាលីត យុងឆៃយុទ្ធ និងឯកឧត្តម វិជីត យ៉ាធីប គួបផ្សំនឹងការដាក់ចេញយុទ្ធសាស្ត្របីចំណុសំខាន់ៗ ក្នុងការធានាដល់សុវត្ថិភាព សម្រាប់កងទ័ពខ្មែរក្រហម៖ ទី១៖ ធានាអាយុជីវិត និងសុវត្ថិភាពរូបកាយ ទី២៖ ធានាអាជីព និងមុខរបរ និងទី៣៖ ធានាសន្តិសុខលើទ្រព្យសម្បត្តិ ទាំងអចលនទ្រព្យ និងចលនទ្រព្យ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានពន្យល់បន្ថែមថា នយោបាយ ឈ្នះ ឈ្នះ គឺមានអត្ថន័យជ្រាលជ្រៅណាស់ ព្រោះថា ដោយសារចាប់ពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ទើបបានមានថ្ងៃបង្កើតកងទ័ពរណសិរ្ស ថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨ បន្ទាប់មកទើបមានថ្ងៃបង្កើតរណសិរ្ស២ធ្នូ ១៩៧៨ និងឈានទៅការទទួលបានជ័យជំនះពីរបបខ្មែរក្រហមនៅថ្ងៃ៧មករា ១៩៧៩។ ប៉ុន្តែនៅមានសង្គ្រាម ក្នុងស្រុកលុះរហូតពេលអនុវត្តនយោបាយឈ្នះ ឈ្នះ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ទើបកម្ពុជាមានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍដូចសព្វថ្ងៃនេះ៕