មន្ទីរពិសោធន៍ជីវវេជ្ជសាស្ត្រដំបូងគេបង្អស់របស់កម្ពុជាទទួលបានការបញ្ជាក់គុណភាពពីប្រទេសបារាំង

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​៖

មន្ទីរពិសោធន៍ជីវវេជ្ជសាស្ត្រដំបូងគេបង្អស់របស់ប្រទេសកម្ពុជា ទទួលបានការបញ្ជាក់គុណភាពវិញ្ញាបនបត្រ ISO15189 ពីប្រទេសបារាំង បន្ទាប់ពីបានអនុវត្តគោលការណ៍លើការវាយតម្លៃរោគវិនិច្ឆ័យ និងជំនួយព្យាបាលដល់ប្រជាពលរដ្ឋប្រកបដោយគុណភាព និងទាន់ពេលវេលា។
សេចក្តីប្រកាសព័ត៌មានរបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជានៅថ្ងៃទី២០ ខែធ្នូនេះ បានឲ្យដឹងថា គណៈកម្មាធិការវាយតម្លៃទទួលស្គាល់គុណភាពរបស់ប្រទេសបារាំង បានទទួលស្គាល់មន្ទីរពិសោធន៍ជីវវេជ្ជសាស្ត្រ ដំបូងគេបង្អស់របស់កម្ពុជានេះ ថា បានបំពេញលក្ខខណ្ឌគុណភាពជាក់លាក់ ស្របតាមតម្រូវការស្តង់ដារលើផ្នែកធ្វើតេស្តវិភាគ និងជីវសាស្ត្រជូនដល់អ្នកជំងឺប្រកបដោយភាពជឿជាក់ និងរហ័ស ដូចជា ជីវគីមី លោហិតសាស្ត្រ សេរ៉ូមសាស្ត្ររកជំងឺឆ្លង បាក់តេរីសាស្ត្រ និងការធ្វើរោគវិនិច្ឆ័យរកមេរោគរបេងជាមួយGenXpert។
ការផ្តល់លិខិតទទួលស្គាល់នេះ គឺធ្វើឡើងបន្ទាប់ពីធ្វើសវនកម្ម ឆ្លើយតបសំណើរបស់មន្ទីរពិសោធន៍ជីវវេជ្ជសាស្ត្រ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានដាក់ពាក្យស្នើសុំវិញ្ញាបនបត្រកម្រិតស្តង់ដារ ISO15189: 2012 ទៅគណៈកម្មាធិការវាយតម្លៃទទួលស្គាល់គុណភាពរបស់ប្រទេសបារាំង កាលពីខែធ្នូ ឆ្នាំ២០១៧។
វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានបញ្ជាក់ថា ការទទួលស្គាល់គុណភាពស្របតាមបទដ្ឋានអន្តរជាតិនេះ បានបង្ហាញពីសមត្ថភាព បច្ចេកទេស នៃមន្ទីរពិសោធន៍ និងប្រតិបត្តិការត្រឹមត្រូវមួយ នៅក្នុងមន្ទីរពិសោធន៍មួយនេះ ក្រោមប្រព័ន្ធគ្រប់គ្រងមួយដ៏សមស្រប ព្រមទាំងជាភស្តុតាងច្បាស់លាស់ដែលបញ្ជាក់ ពីគោលការណ៍ធានាគុណភាព ដើម្បីបង្កើនអត្ថប្រយោជន៍ជាអចិន្ត្រៃយ៍ដល់អតិថិជន និងគ្រូពេទ្យចេញវេជ្ជបញ្ជា។
មន្ទីរពិសោធន៍ជីវវេជ្ជសាស្ត្រ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ត្រូវបានបង្កើតឡើងដោយផ្តោតលើការផ្តល់សេវាប្រកបដោយគុណភាព ផ្តល់នូវលទ្ធផលជឿទុកចិត្តបាន និងទាន់ពេលវេលាជូនដល់អ្នកជំងឺទាំងប្រជាជនកម្ពុជា និងបរទេស សម្រាប់ប្រើប្រាស់ក្នុងការធ្វើរោគវិនិច្ឆ័យប្រកដោយប្រសិទ្ធភាព៕