អាជ្ញាធរភ្នំពេញអស់កង្វល់បញ្ហាជំនន់ទឹកភ្លៀងលិច មហាវិថីព្រះនរោត្តម បន្ទាប់ពីដាក់ប្រពន្ធ័លូរួច

វិទ្យុជាតិកម្ពុជា​៖​ ដោយ លោក ចន ណារិទ្ធ៖

មន្ត្រីជំនាញសាធារណការ បានអះអាងថា ក្រុមការងារកំពុងសំរុកស្ថាបនាប្រព័ន្អលូរំដោះទឹកភ្លៀងតាមបណ្តោយមហាវិថីព្រះនរោត្តមឲ្យរួចរាល់ក្នុងរយៈពេលមួយសប្តាហ៏ទៀតនេះ ហើយបន្ទាប់ពីស្ថាបនារួចកំណាត់មហាវិថីព្រះនរោត្តម អស់កង្វល់អំពីបញ្ហាលិចសង់ដោយជំនន់ទឹកភ្លៀងឡើយ ។


លោក ដួង ចាន់សារ៉ាត់បានឱ្យដឹងបន្ថែមទៀតថា ការដ្ឋានស្ថាបនាប្រព័ន្អលូរំដោះទឹកភ្លៀងនៅលើផ្លូវព្រះនរោត្តមស្ថិតក្នុងខណ្ឌដូនពេញ បានចាប់ផ្តើមការងារកាលពីខែ កក្កដា ២០១៨ គ្រោងបញ្ចប់នៅថ្ងៃទី២៥ ធ្នូ ២០១៨ អនុវត្តការងារដោយមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ដែល
មានប្រវែង១៦១០ម៉ែត្រ ទំហំ៦តឹក ដោយចាប់ផ្តើមពីមុខមន្ទីរពេទ្យព្រះអង្គឌួង (ផ្លូវ១១០ ) ដល់សហគមន៍អឺរុប ជាប់វិមានឯករាជ ។ លោក បន្តថា កំណាត់ផ្លូវ ព្រះនរោត្តមស្ថិតក្នុងខណ្ឌដូនពេញនេះ ពីដើមមកមិនធ្លាប់មានលូ ក្នុងការរំដោះទឹកនោះទេ ។ ដោយ
មើលឃើញពីបញ្ហាប្រឈមនេះ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជម្រុញអោយមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ អនុវត្តលើការងារនេះភ្លាម។


លោកដួង ចាន់សារ៉ាត់បានបញ្ជាក់ថា ក្រោយការស្ថាបនាប្រព័ន្អលូរំដោះទឹកភ្លៀងនៅផ្លូវព្រះនរោត្តមនេះរួច កំណាត់ផ្លូវនេះនឹងលែងមានការលិចលង់ដោយទឹកភ្លៀងទៀតហើយ៕