មជ្ឈមណ្ឌលជាតិផ្តល់ឈាមជំរុញឲ្យវិស័យឯកជនបង្កើនការចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជួន បូណា៖


ប្រធានមជ្ឈមណ្ឌលជាតិ ផ្តល់ឈាម បានជំរុញឲ្យវិស័យឯកជន បង្កើនការចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត១០០ភាគរយឲ្យបានច្រើនថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការឈាមចាំបាច់សម្រាប់សង្គ្រោះអាយុជីវិតមនុស្សឲ្យបានទាន់ពេលវេលា។


ថ្លែងនៅក្នុងពិធីបរិច្ចាគឈាម ជួយសង្គ្រោះជីវិត ដែលរៀបចំឡើងដោយ ធនាគារស្ថាបនា នៅព្រឹកថ្ងៃទី២០ធ្នូនេះ លោកវេជ្ជបណ្ឌិត ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានមានប្រសាសន៍ថា ការអំពាវនាវ ឲ្យវិស័យឯកជន ចូលរួមបរិច្ចាគឈាមនេះ គឺដោយសារតែតម្រូវការផ្គត់ផ្គង់ឈាមដល់អ្នកជំងឺនាពេលបច្ចុប្បន្ន មានការកើនឡើង ដោយក្នុង១ថ្ងៃៗត្រូវការឈាមប្រមាណ២៥០កំប្លោក នៅទូទាំងប្រទេស ខណៈការផ្តល់ឈាមដោយស្ម័គ្រចិត្តនៅមានចំនួនតិចតួចនៅឡើយ។


លោកវេជ្ជបណ្ឌិតបញ្ជាក់ថា ដើម្បីបំពេញតម្រូវការឈាមនេះ ក្រសួងសុខាភិបាល បាននឹងកំពុងរៀបចំយុទ្ធសាស្ត្រជាច្រើនក្នុងនោះ មានការបង្កើតជាស្ថានីយ៍ទទួលអំណោយឈាមឲ្យបានច្រើនកន្លែង ដើម្បីផ្តល់ភាពងាយស្រួល ដល់ប្រជាពលរដ្ឋចូលរួមបរិច្ចាគឈាម ខណៈបច្ចុប្បន្ននេះ មានតែនៅផ្សារទំនើបអ៊ីអនទី១និងទី២ប៉ុណ្ណោះ ហើយធ្វើការតែនៅរៀងរាល់ថ្ងៃសៅរ៍។ ហើយមជ្ឈមណ្ឌលជាតិផ្តល់ជាតិ ក៏បានសហការជាមួយក្លឹប នៃក្តីស្រលាញ់ របស់សហភាពសហព័ន្ធយុវជនកម្ពុជា គ្រឹះស្ថានសាកលវិទ្យាល័យ និងវិស័យឯកជនផ្សេងៗទៀតដើម្បីប្រមូលឈាមឲ្យបានច្រើន សម្រាប់ទុកជួយសង្គ្រោះ ដល់អ្នកជំងឺដែលត្រូវការឈាមជាចាំបាច់។
លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា ដើម្បីផ្គត់ផ្គង់ឈាមដល់អ្នកជំងឺឲ្យបានគ្រប់គ្រាន់នោះ មជ្ឈមណ្ឌលជាតិផ្តល់ឈាម បានប្រើប្រាស់ប្រព័ន្ធមួយ ដោយតម្រូវឲ្យបងប្អូនក្រុមគ្រួសារអ្នកជំងឺជួយផ្តល់ឈាមប្រមាណ៧០% និង៣០%ទៀត បានមកពីអ្នកស្ម័គ្រចិត្តផ្តល់ឈាម។
លោក កាតុ នុរិហ៊ីកុ អគ្គនាយកធនាគារស្ថាបនា បានសម្តែងនូវគាំទ្រ នឹងលើកទឹកចិត្ត ដល់ផ្នែកឯកជននិងគ្រឹះស្ថានឯកជនដ៏ទៃទៀត ឱ្យចូលរួមបរិច្ចាគឈាម ឲ្យបានច្រើនកុះករ ដល់មជ្ឈមណ្ឌលជាតិ ផ្តល់ឈាម ដើម្បីចូលរួមជួយសង្គ្រោះអាយុជីវិតមនុស្ស ដែលត្រូវការឈាមនាពេលបច្ចុប្បន្ន។
លោកបានប្តេជ្ញថា នឹងបន្តរៀបចំកម្មវិធី បរិច្ចាគឈាម ក្នុង១ឆ្នាំម្តង ដោយមានបុគ្គលិកចូលរួមប្រមាណពី៣០០ទៅ៤០០នាក់នៅគ្រប់សាខាទូទាំងប្រទេស ដើម្បីជួយបង្កើនបរិមាណឈាមក្នុងស្តុករបស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម សម្រាប់ទុកប្រើប្រាស់ ក្នុងការជួយសង្គ្រោះដល់អាយុជីវិតមនុស្សនៅទូទាំងប្រទេស៕