មន្ទីរកសិកម្មខេត្តព្រះវិហារនឹងបន្តចងក្រងបណ្តុំកសិករ ផលិតបន្លែ និងចិញ្ចឹមសត្វ ដើម្បីឆ្ពោះទៅរកទីផ្សារ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហោ​ សេងគ្រី​៖


​ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានអះអាងថា នៅឆ្នាំ២០១៩ខាងមុខនេះ មន្ទីរជំនាញ សហការជាមួយគម្រោង បច្ចេកទេសថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ នឹងបង្កើនការចងក្រងកសិករ ទៅជាបណ្តុំកសិករ ក្នុងការផលិតបន្លែ និងចិញ្ចឹម ដើម្បីនាំកសិករទាំងនោះឆ្ពោះទៅរកទីផ្សារកាន់តែប្រសើរឡើង ។

លោក ពឹង ទ្រីដា ប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ មានប្រសាសន៍ថា ការចងក្រងកសិករជាបណ្តុំ ក្នុងការផលិតបន្លែ ចិញ្ចឹមសត្វ នេះ ពិតជាបានធ្វើឲ្យកសិករទាំងអស់ អាចទទួលបាននូវបទពិសោធ បច្ចេកទេសកសិកម្មត្រឹមត្រូវ និងទទួលបានប្រាក់ចំណូលច្រើនគួរសម សម្រាប់ ដោះស្រាយជីវភាពរបស់ពួកគាត់ ។

ថ្លែងនៅក្នុងសិក្ខាសាលាស្តីពី លទ្ធផលសម្រេចបានក្នុងការអនុវត្តកម្មវិធីផ្សព្វផ្សាយបច្ចេកទេសថ្មីដែលធន់នឹងការប្រែប្រួល អាកាសធាតុ ក្នុងឆ្នាំ២០១៨ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨នេះ លោកបានលើកឡើងថា គោលដៅដែលមន្ទីរជំនាញ សហការជាមួយគម្រោង បច្ចេកទេសថ្មីដែលធន់នឹងការប្រែ ប្រួលអាកាសធាតុ បានចងក្រងក្រុមផលិតដំណាំកសិកម្ម ក៏ដូចជាចិញ្ចឹមសត្វនេះ ក្នុងគោលបំណងសំខាន់ ណែនាំដល់កសិករទាំងអស់ ដាំដុះដំណាំកសិកម្ម និងចិញ្ចឹមសត្វ ប្រកបដោយបច្ចេកទេសត្រឹមត្រូវ ហើយផ្សារភ្ជាប់ពួកគាត់ទៅកាន់ទីផ្សារ កាន់តែប្រសើរឡើង។

ម្យ៉ាងវិញទៀតដើម្បីឲ្យបណ្តុំកសិករទាំងនោះ ឈានទៅរកការចុះកិច្ចសន្យាផលិតលក់ជូនអាជីវករតាមទីផ្សារ និងហាងលក់ទំនិញនានា និងបានកំណត់នូវតម្លៃច្បាស់លាស់ ។
លោក ពឹង ទ្រីដា បានបន្ថែមថា នៅឆ្នាំក្រោយនេះ មន្ត្រីជំនាញនឹងសិក្សាបន្ថែម នៅតាមមូលដ្ឋានណាដែលមានសក្តានុពល ផលិតបន្លែ ឬចិញ្ចឹមមាន់ ជ្រូក មន្ទីរជំនាញ និងគម្រោង អាស ប៉ាយនឹងផ្តល់ទុនដល់កសិករទាំងអស់នោះ ដូចជា បច្ចេកទេសកសិកម្ម សម្ភារៈគាំទ្រផលិតកម្មកសិកម្ម ដើម្បីឆ្លើយតបទៅនឹងទីផ្សារឲ្យបានល្អ ។

នៅក្នុងពិធីចែកសម្ភារកសិកម្មដោយឥតគិតថ្លៃពីរាជរដ្ឋាភិបាលកម្ពុជាដល់កសិករជិត៣០០គ្រួសារនៅស្រុកឆែប និងស្រុករវៀង ខេត្តព្រះវិហារ លោកពឹង ទ្រីដា បានថ្លែងថា បច្ចុប្បន្ននេះតម្លៃទីផ្សារដំណាំកសិកម្មផ្សេងៗ របស់ប្រជាកសិករ ហាក់មានសន្ទុះខុសពីឆ្នាំកន្លងទៅ ដែលបានជំរុញ ទឹកចិត្តបងប្អូន ប្រជាកសិករ កាន់តែខិតខំដាំដុះទ្វេឡើង ហើយតម្លៃទីផ្សារកសិផលប្រជាកសិករក៏មានសន្ទុះខ្លាំងផងដែរ ដែលនេះគឺដោយមានការយកចិត្តទុកដាក់ពី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៍ដូចជាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានខិតខំប្រឹងប្រែងគៀងគរ អ្នកវិនិយោគទុនធំៗ មកពីក្រៅប្រទេស ឱ្យមកបណ្តាក់ទុនធ្វើការវិនិយោគ លើវិសយ័កសិកម្មនេះ។

យោងតាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ ក្នុងឆ្នាំ២០១៨នេះបង្ហាញថា ការអនុវត្តគម្រោង អាស ប៉ាយ បច្ចេកទេសថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ បានបង្កើតបណ្តុំកសិករផលិតកម្មដំណាំបន្លែ ចំនួន៦បណ្តុំ មាន១៥៨គ្រួសារ បង្កើតបណ្តុំកសិករចិញ្ចឹមមាន់ ចំនួន៦បណ្តុំ មាន១៧៥គ្រួសារ រៀបចំគ្រួសារចិញ្ចឹមត្រី ចំនួន៦ស្រុក មាន៩៩គ្រួសារ និងបានគាំទ្រ កសិករឆ្នាំទី២ លើផលិតកម្មដំណាំបន្លែបានចំនួន ៧០ក្រុម ។