គម្រោងដែលឧបត្ថម្ភថវិកាដោយវៀតណាមចូលរួមចំណែកដល់ការរីកចម្រើន សង្គមសេដ្ឋកិច្ចរបស់ប្រទេសឡាវ

AKP ភ្នំពេញ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨​ — អនុរដ្ឋមន្រ្តីក្រសួងអប់រំ និងកីឡារបស់ប្រទេសឡាវ លោក Boualien Silipanya បានអះអាងថា បណ្តាគម្រោងនានា ដែលឧបត្ថម្ភថវិកាដោយវៀតណាម បានរួមវិភាគទានដល់កិច្ចអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច ជាពិសេសបានលើកកម្ពស់ធនធានមនុស្សរបស់ប្រទេសឡាវ។

អនុរដ្ឋមន្រ្តីរូបនេះបានធ្វើការបញ្ជាក់ដូច្នេះនៅឯពិធីមួយ ដែលបានធ្វើឡើងនៅទីក្រុងវៀងចន្ទន៍ ដើម្បីប្រគល់ការងារចំនួន៤ ដែលកំពុងប្រើប្រាស់ជំនួយឥតសំណងរបស់រដ្ឋាភិបាលវៀតណាម ដល់ភាគីឡាវ។

លោកបានថ្លែងអំណរគុណចំពោះការគាំទ្ររបស់រដ្ឋាភិបាល និងក្រសួងអប់រំ និងបណ្ដុះបណ្ដាល (MoET) របស់វៀតណាម ដោយលោកបានសង្កត់ធ្ងន់ថា ប្រទេសឡាវចាត់ទុកគម្រោងទាំង៤ នេះជាអំណោយដ៏មានតម្លៃសម្រាប់កិច្ចអភិវឌ្ឍន៍វិស័យអប់រំរបស់ប្រទេសនេះ។

ថ្លែងនៅឯពិធីនេះ ប្រធានគណៈកម្មាធិការគ្រប់គ្រងគម្រោងដែលស្ថិតនៅក្រោមក្រសួងអប់រំ និង បណ្តុះបណ្តាល លោក Tran Thanh Khiet បាននិយាយថា គម្រោងទាំង៤ នេះ គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលទាំងពីរសម្រាប់ឆ្នាំ ២០១៦-២០២០ និងកិច្ចព្រមព្រៀងមួយទៀតរវាងក្រសួងទាំងពីរ។

គម្រោងទាំង៤​ នេះ រួមមានគម្រោងមួយដែលមានតម្លៃជាង ៤០ប៊ីលានដុង (ស្មើនឹង ១,៧លានដុល្លារអាម៉េរិក) ដើម្បីជួសជុលអាគារស្នាក់នៅសម្រាប់និស្សិតបរទេសនៅសាកលវិទ្យាល័យជាតិឡាវ គម្រោងវិទ្យាល័យមិត្តភាពឡាវ-វៀតណាមដំណាក់កាលទីពីរ ដែលមានតម្លៃ ២០,៥ប៊ីលានដុង គម្រោងមហាវិទ្យាល័យភាសាវៀតណាមនៅសកលវិទ្យាល័យ Suphanuvong និងគម្រោងមហាវិទ្យាល័យភាសា វៀតណាមមួយផ្សេងទៀតនៅសាកលវិទ្យាល័យចំប៉ាសាក់ ដោយមានដើមទុនសរុបចំនួន ៥០,៨ប៊ីលាន ដុង៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)