កិច្ចប្រជុំលើកទី ៧ នៃក្រុមការងាររួមរវាងវៀតណាម និងបុរីវ៉ាទីកង់

AKP ភ្នំពេញ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨​ — កាលពីថ្ងៃទី១៩ ខែធ្នូ អនុរដ្ឋមន្រ្តីអចិន្រ្តៃយ៍នៃក្រសួងការបរទេសវៀតណាម លោក Bui Thanh Son និងអនុរដ្ឋលេខាធិការទំនាក់ទំនងជាមួយរដ្ឋនៃ Holy See លោក Antoine Camilleri បានធ្វើជាសហប្រធាននៃកិច្ចប្រជុំទី ៧ នៃក្រុមការងាររួមរវាងវៀតណាម និងបុរីវ៉ាទីកង់ នៅទីក្រុងហាណូយ។

នៅក្នុងឱកាសនោះ លោក Son បានសង្កត់ធ្ងន់ថា បក្ស និងរដ្ឋវៀតណាម ជានិច្ចកាលតែងតែគោរព ព្រមទាំងកែលម្អច្បាប់ និងគោលនយោបាយរបស់ខ្លួនក្នុងការគោរព និងធានាសិទ្ធិសេរីភាពខាងជំនឿសាសនារបស់ពលរដ្ឋ។ ទន្ទឹមនឹងនោះ អាជ្ញាធរវៀតណាមក៏បានយកចិត្តទុកដាក់ចំពោះតម្រូវការរបស់វិហារកាតូលិកវៀតណាម និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សកម្មភាពរបស់សហគមន៍កាតូលិក វៀតណាមផងដែរ។

លោកបានកោតសរសើរទំនាក់ទំនងរវាងវៀតណាម និងបុរីវ៉ាទីកង់ ជាពិសេសតាមរយៈជំនួបរវាងថ្នាក់ដឹកនាំវៀតណាម និង Holy See ដូចជាដំណើរទស្សនកិច្ចរបស់ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Truong Hoa Binh កាលពីខែតុលា ក្នុងអំឡុងពេលដែលលោកបានជួបពិភាក្សាជាមួយលោក Pope Francis និងលេខាធិការបុរីវ៉ាទីកង់ លោក Pietro Parolin ។ ភាគីទាំងពីរបានរក្សាយន្តការចែករំលែកព័ត៌មានឱ្យមានប្រសិទ្ធភាព ដើម្បីលើកកម្ពស់ការយល់ដឹងទៅវិញទៅមក និងដោះស្រាយបញ្ហាដែលកំពុងកើតមាន។

លោក Camilleri បានអះអាងថា លោក Pope បន្តប្រកាន់ខ្ជាប់នូវសារៈសំខាន់ចំពោះទំនាក់ទំនងជាមួយវៀតណាម និងចង់ឱ្យវិហារកាតូលិកវៀតណាមរួមចំណែកដល់កិច្ចអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចរបស់ប្រទេសនេះ។

លោកបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងអាជ្ញាធរវៀតណាមគ្រប់លំដាប់ថ្នាក់ ចំពោះការបង្កើតលក្ខខណ្ឌសម្រាប់សកម្មភាពរបស់វិហារកាតូលិកវៀតណាម៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)