ពួកឧទ្ទាមឆ្វេងនិយមចាប់ទាហាន២នាក់ ក្នុងកងជីវពល១២នាក់ក្នុងប្រទេសហ្វីលីពីនខាងត្បូង

AKP ភ្នំពេញ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨​ — ពួកឧទ្ទាមធ្វេងនិយមប្រហែល ៨០នាក់បានវាយឆ្មក់ជំរំយោធាមួយក្នុងប្រទេសហ្វីលីពីនភាគខាងត្បូងកាលពីព្រឹកថ្ងៃពុធនេះ ដោយចាប់ពង្រត់ទាហាន២នាក់និង កងជីវពល ១២នាក់ ព្រមទាំងបានយកទៅ ជាមួយនូវកាំភ្លើងដែលមានកម្លាំងខ្លាំងជាច្រើនដើម។

កងកម្លាំងប្រដាប់អាវុធហ្វីលីពីនបាននិយាយថា ការវាយឆ្មក់នោះបានកើតឡើងនៅប្រហែលម៉ោង ៣ព្រឹកម៉ោងក្នុងស្រុកនៅពេលដែលពួកទ័ពព្រៃ កងទ័ពប្រជាជនថ្មី ( NPA ) ប្រហែល ៨០នាក់បានវាយឆ្មក់ទៅលើជំរំយោធាមួយនៅក្នុងភូមិ New Tubigon ក្នុងទីប្រជុំជន Sibagat ក្នុងខេត្ត Agusan del Sur យោធារដ្ឋាភិបាលនិយាយថា ពួកឧទ្ទាមបន្ទាប់មកបានចាប់ពង្រត់ទាហាន២នាក់ និងកងជីវពល ១២នាក់ នឹងបានគេចខ្លួនដោយយកកាំភ្លើង M16 ចំនួន១៧ ដើម, កាំភ្លើងស្វ័យប្រវត្តិ​M4 ចំនួន៤ ដើម្បី ព្រមទាំងវិទ្យុទាក់ទងកាន់និងដៃ Harris មួយគ្រឿង ។

យោធាបាននិយាយថា គ្មានការប្រយុទ្ធគ្នាបានកើតឡើងទេ ដែលមានន័យថា ពួកឧទ្ទាមបានរៀបចំចូលទៅក្នុងជំរំនោះ ដោយគ្មានការប្រយុទ្ធតស៊ូពីកងទ័ពរដ្ឋាភិបាលឡើយ ។ នៅក្នុងខេត្តសាម៉ារភាគខាងជើងនៃ ប្រទេសហ្វីលីពីនភាគខាងត្បូង យោធាបាន និយាយថា ទាហាន ៤នាក់ និង ជនស៊ីវិល ២នាក់បានរងរបួសក្នុងការពួនស្ទាក់វាយប្រហារមួយ ធ្វើឡើងដោយពួកឧទ្ទាម NPA នៅក្នុងទីប្រជុំជន Lope de Vega នៅប្រហែល ម៉ោង ១១: ៣៥ នាទី​ព្រឹកម៉ោងក្នុងស្រុកកាលពីថ្ងៃពុធនេះ ផងដែរ ។

អ្នកនាំពាក្យ យោធា លោក Naya Fernandez បាននិយាយថា ទាហានទាំងនោះបានជិះនៅលើ រថយន្តមួយ​គ្រឿងនៅពេលដែលពួកគេត្រូវបានវាយប្រហារដោយគ្រាប់មីនកែច្នៃមួយគ្រាប់ ដែលដាក់បង្កៃ ដោយពួកឧទ្ទាម ។
កាលពីថ្ងៃចន្ទ និងថ្ងៃអង្គារ កន្លងទៅ កងយោធាក៏បាននិយាយផងដែរថា ពួកឧទ្ទាម NPA បានវាយប្រហារទីតាំងយោធានិងប៉ូលិសចំនួន៦ កន្លែងនៅក្នុង ខេត្ត Sorsogon , Camarines Sur និង Capiz ដែល​ធ្វើឱ្យទាហាន ៤នាក់និងជនស៊ីវិល ម្នាក់របួស ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )